
មន្ត្រី កបប នៃខេត្តកំពត ចុះពិនិត្យស្ថានីយលក់ប្រេងសាំង ១ កន្លែង នៅខេត្តកំពត កាលពីខែកញ្ញា ឆ្នាំ ២០២២។ រូបថត CCF
ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម បានបដិសេធចំពោះ គណនី Tik Tok មួយ បានផ្សព្វផ្សាយព័ត៌មាន កាលពីពេលថ្មីៗ នេះ តាមរយៈវីដេអូឃ្លីប ដោយប្រើប្រាស់ រូបភាព និងពាក្យសម្តីចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. ថា បានចុះជំរិតទារប្រាក់ ពីដេប៉ូលក់ប្រេងរបស់ពួកគាត់ជាប្រចាំ។
លិខិតបំភ្លឺរបស់អគ្គនាយកដ្ឋាន ក.ប.ប.ចុះថ្ងៃទី ៣ ខែតុលា ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ និងដោយទទួលបានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់ក្រុមការងារចុះស្រាវជ្រាវករណីខាងលើ ដើម្បីស្វែងរកការពិត តាមរយៈការបំភ្លឺពីមន្ត្រី ដែលបានចុះអនុវត្តផ្ទាល់ និងម្ចាស់ដេប៉ូ លក់ប្រេងផងដែរ។
លិខិតបន្តថា នៅចំពោះមុខក្រុមការងារ ភាគីមន្ត្រីដែលបានចុះអនុវត្តច្បាប់ និងម្ចាស់ដេប៉ូលក់រាយប្រេងឥន្ធនៈ សុទ្ធតែបានបង្ហាញឯកសាររបស់មន្ត្រីអនុវត្តច្បាប់បានបំពេញពេលចុះត្រួតពិនិត្យនៅដេប៉ូប្រេងឥន្ធនៈ និងបានរកឃើញការធ្វើអាជីវកម្មមិនស្មោះត្រង់ (មិនគ្រប់លីត្រ) ជូនអ្នកប្រើប្រាស់។ ភាពមិនអនុលោម ត្រូវបានរកឃើញចំនួន ២ លើក គឺនៅខែឧសភា ឆ្នាំ ២០២២ មាន ១ លើក និងនៅខែសីហា ឆ្នាំ ២០២២ មាន ១ លើក ហើយបានធ្វើការព្រមាន និងពិន័យអន្តរការណ៍ចំពោះម្ចាស់ដេប៉ូ ដោយមានវិក្កយបត្រ និងបង្កាន់ដៃបង់ប្រាក់ពិន័យត្រឹមត្រូវ។
បើតាមលិខិតដដែល និងយោងតាមការសារភាពរបស់ម្ចាស់ដេប៉ូ ការបង្ហោះវីដេអូឃ្លីបកន្លងមកនេះ គឺដោយសារតែមានការមិនសប្បាយចិត្តចំពោះសមត្ថកិច្ច ដែលបានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ ដោយធ្វើការពិន័យអន្តរការណ៍ចំនួន ២ លើកកន្លងមក ចំពោះដេប៉ូរបស់ខ្លួនដែលបានបំពានច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
លិខិតសរសេរថា៖ «ផ្អែកលើលទ្ធផលនៃការចុះស្រាវជ្រាវនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន បានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងសូមបដិសេធទាំងស្រុងការចោទប្រកាន់របស់ម្ចាស់គណនី Tik Tok មកលើមន្ត្រីអនុវត្តច្បាប់ដោយគ្មានការពិត»។
អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់ធុរជនដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ សហការ និងប្រកបរបរទទួលទានដោយសុចរិត ស្មោះត្រង់ ដើម្បីរួចផុតពីការប្រឈមចំពោះមុខច្បាប់ជាធរមាន និងមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិតចោទប្រកាន់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ដោយគ្មានភ័ស្តុតាង ដែលនឹងនាំដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែតុលាថា ករណីខាងលើនេះ បានកើតឡើងនៅខេត្តកំពត ដោយមានម្ចាស់ជាអតីតយុទ្ធជន។ តាមរយៈលទ្ធផលនៃការការចុះស្រាវជ្រាវចំពោះការអនុវត្តរបស់មន្ត្រី និងម្ចាស់ដេប៉ូ ក៏បានរកឃើញភាពមិនប្រក្រតីពិតប្រាកដ។
លោកបន្តថា ក្រោយរកឃើញភាពមិនប្រក្រតីនេះ មន្ត្រីរបស់លោកបានពិន័យអន្តរកាណ៍ ស្ថិតក្រោមច្បាប់ គឺពិន័យមិនក្រោម ១០ លានរៀលនោះទេ។ ប៉ុន្តែជាការព្រមាន មន្ត្រីរបស់លោកបានពិន័យចំនួន ១ លានរៀលប៉ុណ្ណោះ ដើម្បីជាការព្រមានចំពោះភាពមិនប្រក្រតីនោះ។
ទោះយ៉ាងណា ក្រោយមានការពិន័យនេះ កូនចៅរបស់ម្ចាស់ដេប៉ូនោះ មិនសប្បាយចិត្ត ក៏ថតបង្ហោះតាមរយៈ បណ្តាញសង្គម Tik Tok ។
លោកថ្លែងថា៖ «ទោសព្រហ្មទណ្ឌដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់របស់មន្ត្រីរាជការសាធារណៈ គាត់ត្រូវមានទោស។ ប៉ុន្តែដោយយោងទៅលើគាត់បានសារភាព និងមានកំណត់ហេតុជាក់លាក់ យើងក៏មិនបានដាក់ទោសគាត់បន្ថែមនោះដែរ តែឱ្យគាត់សិក្សាលើទិដ្ឋភាពជាក់លាក់ដែរ»៕