ភ្នំពេញៈ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ ​សុភ័គ​ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ត្រឹម​រយៈ​ពេល​ ២ ​ថ្ងៃ​ចុង​ក្រោយ ​គឺពី​ថ្ងៃទី ​២ ​ដល់ទី​ ៣ ​ខែ​តុលា ​ក្រសួង​មហាផ្ទៃ​ទទួល​បាន​បណ្ដឹង​ចំនួន​ ១៨ ​ដែល​ប្ដឹង​សុំ​ស្វែង​រក​មនុស្ស​ចំនួន​ ៥២ ​នាក់​ ជា​អ្វី​ដែល​មន្ត្រី​សង្គម​ស៊ីវិល​អះ​អាង​ថា ​ជាភ័ស្ដុ​តាង​បង្ហាញ​ថា ​កម្ពុជា​នៅ​តែ​មាន​ករណី​បង្ខាំង​មនុស្ស​​។​

​លោក​ ខៀវ​ សុភ័គ​ បាន​ឱ្យ​ដឹង​ថា មនុស្ស​ទាំង ​៥២ ​នាក់​ ដែល​សាច់​ញាតិ​កំពុង​តាម​រក​នោះ​សុទ្ធ​សឹង​ជា​ជន​បរទេស​។ ​ក្នុង​នោះ​ជន​ជាតិ​ជន​ជាតិ​ចិន​ចំនួន​ ១២​ នាក់​ ជន​ជាតិ​វៀត​ណាម​ចំនួន​ ៣៣ ​នាក់ និង​ជនជា​តិ​ថៃ​ចំនួន​ ៧ ​នាក់​។​ លោក​បញ្ជាក់​ថា ករណីនេះ​​សមត្ថ​កិច្ច​កម្ពុជាកំពុង​បន្តស្រាវ​ជ្រាវ​​តាម​​បណ្ដឹង​ទាំង ​១៨ ​ករណី​នេះ​។​

​នាយក​អង្គការ​លីកាដូ លោក​ អំ សំអាត បានថ្លែង​ថា ករណី​ដែល​ក្រសួង​មហាផ្ទៃ​ទទួល​បាន​ពាក្យ​បណ្ដឹង​ជា​ហូរហែ ​ជុំវិញ​ករណី​បាត់​ខ្លួន​មនុស្ស​នៅ​កម្ពុជា ​គឺជា​ភ័ស្តុ​តាង​បង្ហាញ​ថា ​នៅតែមាន​​ករណី​បង្ខាំង​មនុស្ស​កើត​ឡើង​នៅ​កម្ពុជា បើ​ទោះ​ជា​អាជ្ញា​ធរ​ខិតខំ​បង្ក្រាប​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយ​។​

​លោក​ សំអាត ​បានបញ្ជាក់ថា៖ «​តាម​ពិតទៅ​រយៈ​ពេល​ចុងក្រោយ​នេះ​អាជ្ញាធរ​មាន​ការ​បង្ក្រាប​និង​ជួយ​ជន​បរទេស​ដែល​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​នានា​នៅតាម​កាស៊ី​ណូ​និង​បន​ល្បែង​ជាដើម​។ ​ប៉ុន្តែ​យុទ្ធ​នា​ការ​ទាំង​អស់​មិន​ទាន់​ឆ្លើយ​តប​ពេញ​លេញ​នៅ​ឡើយ​ យើង​លើកទឹ​កចិត្ត​ឱ្យ​ខិតខំ​ថែមទៀ​ត​។ ខ្ញុំ​យល់ថា ​​វា​មិនមែ​នជា​រឿង​ងាយ​ស្រួល​ទេ​ក្នុងការ​បង្ក្រាប​ករណី​ទាំងអ​ស់នេះ វា​ទាមទា​រ​ឱ្យមាន​កិច្ចស​ហប្រ​តិបត្តិកា​រ​ច្រើន​តាំងពី​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេ​ស​»​។​

​ជា​មួយ​គ្នា​នេះ ​លោក​​ អំ សំ​អាត បាន​ស្នើ​ឱ្យ​​រាជរដ្ឋា​ភិបាល​ពិនិត្យ​មើល​លម្អិត​លើ​អ្នក​រក​ស៊ី​បរទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ឡើង​វិញ ដើម្បី​ធានា​ឱ្យ​យុទ្ធ​នា​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​កាលពី​ថ្ងៃទី​ ២៩​ ខែកញ្ញា​ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​អំពា​វនាវ​ទៅ​កាន់​កម្លាំង​សមត្ថ​កិច្ច​និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​ផ្នែក​អា​ណាចក្រ និង​គ្រប់​សាស​នា​ឱ្យ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹ​ង​អំពើ​ទុច្ចរិត​ឱ្យ​បាន​ព្រមៗ​គ្នា ដើម្បី​កុំឱ្យ​កម្ពុជា​ក្លាយ​ជា​កន្លែង​ឧក្រិដ្ឋ​កម្ម​។​

លោក​បញ្ជាក់​ថា ​នេះ​ជា​យុទ្ធនា​ការ​ធំ​មួយ​មាន​គោល​ដៅ​ជាក់​លាក់​ដែល​រាជ​រដ្ឋាភិ​បាល​កំពុង​ធ្វើ និង​បន្ត​ធ្វើ​មិន​ឱ្យ​ទន់​ដៃ​នោះ​ឡើយ​។

​តាម​របាយ​ការណ៍​របស់​​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា​ តាំង​ពី​កម្ពុជា​អនុវត្ត​យុទ្ធ​នា​ការ​ទ្រង់​ទ្រាយ​ធំ​រួច​មកលោក ឧប​នាយ​ករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន ​៤០២ ​សំណើ​ប្ដឹង​រក​មនុស្ស​សរុប​ចំនួន​៩៧៦​ នា​ក់ ដែល​មាន​ ១១​ សញ្ជាតិ​។​

ដោយ​ឡែ​ក​តាម​ការស្រាវ​ជ្រាវ​ស៊ើប​អង្កេត​បឋម​រប​ស់ស​ម​ត្ថ​កិច្ច​ គឺមាន​ចំនួន​ ២២៧​ សំណើ​។​ជាមួយ​គ្នានោះអាជ្ញា​ធរ​បាន​បិទ​ក្រុម​ហ៊ុន ៥ ​ទីតាំង ​និង​ផ្អាក​អាជី​វកម្ម​ព្រម​ទាំង​បន្ត​ស្រាវ​ជ្រាវ​ក្រុម​ហ៊ុន ៤​ ទីតាំង​ផ្សេង​ទៀត​។ ក្នុង​ប្រតិ​បត្តិ​ការ​នោះ​សមត្ថ​កិច្ច​បាន​ជួយ​សង្គ្រោះ​ជន​បរទេស​ចំនួន​ ៤៨៥​ នាក់​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៥៣ ​នាក់​៕