ភ្នំពេញៈ ​កម្ពុជា​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​កិច្ចប្រជុំ​លើក​ទី​៨៤ នៃ​ក្រុមការងារ​ស្ដីពី​ផែនការកម្ម​វិធី​របស់​អង្គការ​ UNCTAD ​សំដៅ​ការជួយ​ដល់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ​និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច លើ​វិស័យ​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋកិច្ច​ដែល​ប្រព្រឹត្តទៅ​រយៈពេល ​៥​ ថ្ងៃ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស​។ កម្ពុជា​បានស្នើ​ឲ្យ​បន្ត​អនុវត្ត​ប្រព័ន្ធ​ពហុភាគី​និយម និង​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៥ នៃ​អង្គការ UNCTAD ព្រមទាំង​ផែនការ​សកម្មភាព​ទីក្រុង​ដូ​ហា​។​

នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស កម្ពុជា​បានទទួល​កាន់តំណែង​ជា​ប្រធាន​កិច្ចប្រជុំ​លើក​ទី​៨៤ នៃ​ក្រុមការងារ​ស្តីពី​ផែនការ​កម្មវិធី​និង​ត្រួតពិនិត្យ​កម្មវិធី​ (84th Working Party on Programme Plan and Program Performance) នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD) ដែល​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​លោក​ ឡុង កែម​វិចិត្រ​។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ធ្វើទៅ​ចាប់ពី​ថ្ងៃទី​ ៣ ដល់ ៧ ខែតុលា និង​មានការ​ចូលរួម​ពី​លោកស្រី Rebeca Grynspan អគ្គលេខាធិការ​នៃ​អង្គការ UNCTAD ព្រមទាំង​ប្រទេស​ជា​សមាជិក​អង្គការ UNCTAD ជាច្រើន​ទៀត​។​

ជាមួយគ្នា​នោះ ក្នុង​កិច្ច​ចាប់ផ្តើម​កម្មវិធី​ប្រជុំ លោក​ឡុង កែម​វិចិត្រ តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ បាន​សម្តែង​ក្តី​សោមនស្ស​ចំពោះ​កិត្តិយស​ដែល​កម្ពុជា​បាន​ធ្វើជា​ប្រធាន​។ លោក​សង្កត់ធ្ងន់ថា វា​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​របស់​កម្ពុជា​ក្នុង​ដំណើរការ​នៃ​ស្ថាប័ន​អង្គការសហប្រជាជាតិ និង​ការកសាង​ពហុភាគី​និយម ព្រមទាំង​ការអនុវត្ត​សរសរ​ស្ដម្ភ​ទាំង​៣ នៃ​អង្គការ UNCTAD រួមមាន ការស្រាវជ្រាវ និង​វិភាគ ការកសាង​កុងសង់ស៊ីស និង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​។ នេះ បើ​យោងតាម​ប្រភពពី​ក្រសួងពាណិជ្ជកម្ម​។​

គួរ​បញ្ជាក់ថា អង្គការ​សន្និសីទ​សហ​ប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD)​មាន​អាយុកាល ៥៨ ​ឆ្នាំ​មកហើយ​។ បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៦៤ UNCTAD​មាន​គោលដៅ​ជំរុញឱ្យមាន​សមាហរណកម្ម​អភិវឌ្ឍន៍​-​មិត្តភាព​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍​សម្រាប់​សេដ្ឋកិច្ចពិភពលោក​។ វា​បាន​វិ​វត្ត​ជា​បណ្តើរៗ​ទៅជា​ស្ថាប័ន​មួយ​ដែល​បង្កើត​វេទិកា​ជជែក​ពិភាក្សា​អំពី​គោលនយោបាយ និង​ការគិតគូរ​លើក​កិច្ចអភិវឌ្ឍន៍ ដោយ​ផ្តោត​ជាពិសេស​លើ​ការ​ធានាថា​គោលនយោបាយ​ក្នុងស្រុក និង​សកម្មភាព​អន្តរជាតិ​។​សព្វថ្ងៃ​UNCTAD​មាន​សមាជិក​សរុប ១៩៥ ប្រទេស​និង​បាន​អនុវត្ត​គម្រោង​ប្រមាណ ២០៤ គម្រោង​ក្នុងប្រទេស​ចំនួន​៧០ ជាពិសេស​សម្រាប់​បណ្តា​ប្រទេស​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​តិចតួច​។

ទន្ទឹមនឹងនោះ ក្នុងជំនួប​ប្រជុំ លោក ​គង់ សុខ​ហេង អនុព័ន្ធពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​បេសកកម្ម​កម្ពុជា បានធ្វើ​សេចក្តីថ្លែងការណ៍​តំណាង​កម្ពុជា ដោយបាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​ដំណើរ​ការងារ​របស់​អង្គការ​ UNCTAD ក្នុង​កិច្ចខិតខំ​ជួយ​ដល់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។

លោក​គូសបញ្ជាក់ថា បណ្តា​ប្រទេស​ទាំងនោះ​កំពុង​ជួបប្រទះ​នូវ​កង្វះខាត​ជាច្រើន តួយ៉ាង​ការប្រកួតប្រជែង​នៅមានកម្រិត កង្វះខាត​ផលិតភាព និង​ការអភិវឌ្ឍ​សមត្ថភាព និង​កម្រិត​ទាប​នៃ​ឧស្សាហូ​បនីយកម្ម ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ចូលរួមចំណែក​ជួយ​និង​គាំទ្រ​។​

លើសពីនេះ តំណាង​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ លោក​ គង់ សុខ​ហេង បានលើកឡើង​ក្នុងជំនួប​នេះ​ដោយ​បានស្នើ​ដល់​អង្គការ​ UNCTAD​ ឲ្យ​យក​កិច្ចព្រមព្រៀង​ទីក្រុង​Bridgetown ដែលជា​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៥ នៃ​អង្គការ UNCTAD ​ព្រមទាំង​ផែនការ​សកម្មភាព​ទីក្រុង​ដូ​ហា​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (DPOA) ២០២២-២០៣១ មក​ផ្សារភ្ជាប់​ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ​របស់ខ្លួន​។​

គួរ​រំឭក​ផងដែរ​ថា កាលពី​ឆ្នាំមុន ពោលគឺ​ថ្ងៃទី​ ៥ តុលា ឆ្នាំ​ ២០២២ កម្ពុជា​បាន​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៥ នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD 15) ជា​កិច្ចប្រជុំ​ថ្នាក់​កំពូល​របស់​អង្គការ UNCTAD ដែល​ធ្វើឡើង​រយៈពេល ៤ ឆ្នាំ​ម្ដង ដោយមាន​ការចូលរួម​ពី​សមាជិក​អង្គការ UNCTAD ទាំងអស់ ១៩៥ ប្រទេស អង្គការ​អន្តរជាតិ និង​តួអង្គ​ដទៃទៀត ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ។

ឆ្នាំមុន​នោះ កម្ពុជា​បានលើកឡើង​ពី​ប្រព័ន្ធ​ពហុភាគី​និយម​ក្នុង​ការចូល​រូ​ម​ចំណែក​ជួយ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​បញ្ហា​ប្រឈម​នានា​មានដូចជា វិសមភាព​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ​១៩ ការគំរាមកំហែង​ពី​ខាងក្រៅ​ដោយ​ទីផ្សារ និង​ផលិតផល​នាំចេញ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​និង​គម្លាត​ឌីជីថល​រវាង​ប្រទេស​អភិឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​កម្ពុជា​អំពាវនាវ​ឲ្យ UNCTAD បន្ត​ជួយ ដោះស្រាយ និង​ផ្ដល់ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​បន្ថែមទៀត​៕