
ទិដ្ឋភាពស្ទឹងព្រែកត្នោតនៅប៉ែកខាងលិចរាជធានីភ្នំពេញនៅថ្ងៃទី៤តុលា។ រូបថត ក្រសួងធនធានទឹក
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានអំពាវនាវសុំឱ្យពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ចូលរួមរក្សានូវទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា បើពុំនោះទេ រាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងដោយទឹកជំនន់។
ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ ក្នុងអំឡុងពេលលោកដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងពិនិត្យអំពីវឌ្ឍនភាពការងារ អនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលជាជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
លោក គានហោ បានថ្លែងថា បច្ចុប្បន្នការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានី-ខេត្តទាំង ៤ សម្រេចបាន ៧០ ភាគរយហើយ។
បើប្រៀបធៀបស្ថានភាពកម្ពស់ទឹកស្ទឹង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គម្រោងនេះបានចូលរួមចំណែកជួយសម្រួលលំហូរទឹកបានយ៉ាងច្រើន។
លោកបានបន្តថា បច្ចុប្បន្នស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ព្រោះកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧ មករា នៅព្រឹកថ្ងៃទី ៤ ខែតុលា ទឹកមានកម្ពស់៤,៨០ ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ០,៥០ ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «បើទោះជាយ៉ាងនេះក្តី ខ្ញុំសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានលំនៅឋាន នៅតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល មេត្តារក្សានូវទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា បើពុំនោះទេ រាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ»។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់នេះផងដែរ នៅឯខេត្តពោធិ៍សាត់ បុរសម្នាក់ឈ្មោះ ម៉ាន ភឿក អាយុ ៤៨ ឆ្នាំ បានលង់ទឹកអូរស្លាប់ បន្ទាប់ពីគាត់បានដេញក្របីឆ្លងអូរយកទៅឃ្វាល នៅចំណុចក្រោយផ្ទះរបស់គាត់ ស្ថិតនៅភូមិស្រះរុន ឃុំអូរតាប៉ោង ស្រុកបាកាន កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២។ នេះបើតាមការប្រាប់ឱ្យដឹងពី លោក យ៉ែម យឿន អធិការរង ទទួលផែនសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកបាកាន។
ចំណែកអាជ្ញាធរខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ បានសម្រេចបិទការធ្វើចរាចរណ៍រថយន្តគ្រប់ប្រភេទ ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៩២ ជាបណ្ដោះអាសន្ន ចាប់ពីចំណុច គីឡូម៉ែត្រលេខ ១០០ ដល់ គីឡូម៉ែត្រលេខ ១០១ ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បានបន្តជន់ឡើង រហូតដល់កម្រិតប្រកាសអាសន្ន ហើយបានជន់លិចហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៩២ ក្នុងភូមិសាស្ត្រខាងលើនេះ ដែលចាំបាច់ត្រូវធ្វើការហាមឃាត់ការធ្វើចរាចរណ៍រថយន្តគ្រប់ប្រភេទឆ្លងកាត់ជាបណ្ដោះអាសន្ន ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖ «ក្នុងស្ថានភាពទឹកជំនន់នាពេលបច្ចុប្បន្ន ការធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៩២ ក្នុងភូមិសាស្ត្រខាងលើនេះ អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ និងខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរ ដោយសារមានទឹកហូរកាត់ពីលើផ្លូវ។ ដូច្នេះយើងចាំបាច់ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន រហូតដល់ទឹកស្រក »។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តព្រះវិហារ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពស់ទឹកក្នុងអាងរក្សា បានហក់ឡើងដល់កម្រិត ៤៦,៨២ ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ខណៈកម្ពស់ទឹកស្ទឹងសែននៅក្នុងខេត្តនេះបានជន់ឡើងដល់កម្រិត ១៤,៤៣ ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹក ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ២,០៧ ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «ក្នុងស្ថានភាពនេះ ធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងទំនាបជាប់មាត់ទឹក ដែលស្ថិតនៅផ្នែកខាងក្រោមនៃទំនប់អាងទឹករក្សា និងដងស្ទឹងសែនទទួលរងការជន់លិចជាបន្តន្ទាប់»។
បើតាមលោក ចាប កុយ ស្ថានភាពអាកាសធាតុ នៅក្នុងខេត្តព្រះវិហារ មានសភាពធូរស្រាលឡើងវិញ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ បានបន្តព្រមានថា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅខ្លាំង នឹងមានលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងតំបន់ទំនាបកណ្តាលជាប់ព្រំប្រទល់ប្រទេសវៀតណាម និងតំបន់ជួរភ្នំនិងខ្ពង់រាបភាគឦសាន រួមទាំងតំបន់ទំនាបជាប់មាត់សមុទ្រ។
ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីក្រុមមន្ត្រីជំនាញឧតុនិយម បានពិនិត្យឃើញថា ប្រព័ន្ធសម្ពាធទាប ដែលកើតមានជាថ្មី បានបន្តអូសកាត់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
ទន្ទឹមនឹងនេះ មានការជួបប្រសព្វគ្នា រវាងទ្រនុងសម្ពាធខ្ពស់ រុញចុះពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាប ដែលរុញពីភាគខាងត្បូង ដែលស្ថានភាពនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅក្នុងតំបន់វាលទំនាបជាប់ព្រំប្រទល់ប្រទេសវៀតណាម ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕
វីដេអូ៖