សៀមរាបៈ មន្ត្រីជំនាញ​នៃអាជ្ញាធរ​ជាតិ​អប្សរា​នៅថ្ងៃទី ​៤ តុលា បាន​ចាប់ផ្តើម​ធ្វើការ​ស្ទូច​យក​បំណែក​រូប​ចម្លាក់គ្រុឌ​ជិះនា​គ ចេញ​ពី​គល់​ឈើដែល​បាន​ដួល​រលំនៅក្បែ​វត្តព្រះ​ឥន្ទ​ទេព នៅខាង​ត្បូង​ប្រាសាទ​បាយ័ន។​ នេះបើតា​ម​លោកគឹម សុធិន អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

លោក​ គឹម សុធិន បាន​ឱ្យដឹង​ថា រូប​ចម្លាក់​គ្រុឌ​ជិះនាគនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ជាប់​ខាងក្រោម​គល់ឈើ ដែល​បាន​ដួល​រលំ​កាល​ពីថ្ងៃ​ទី ២៨​ ខែ​កញ្ញា ហើយ​បាន​រាយការណ៍​មកអាជ្ញាធរ​អប្សរា​ ដើម្បី​ចុះទៅ​ពិនិត្យ​មើល និង​រៀបចំ​យកទៅ​រក្សា​ទុក។ ភ្លាមៗ​ក្រោយ​ទទួល​បាន​ព័ត៌មាន​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ទៅដល់​ទីកន្លែង និង​ធ្វើ​ការ​ដាក់​ឈើ​ទម្រ ជា​បណ្តោះ​អាសន្ន​។

រូប​ចម្លាក់​ដែល​ទើប​ប្រទះ​ឃើញ​នេះ ជារូប​ចម្លាក់​ស្ថិត​ក្នុង​សម័យ​បាយ​យ័ន​មានទំហំធំ​ គឺ​ទទឹង ៩០ សង់ទី​ម៉ែត្រ និង​កម្ពស់​ជាង​ ១ ​ម៉ែត្រ ​មានទ​ម្ងន់​ធ្ងន់​ពិបាក​ក្នុង​ការ​លើកយក​ទៅរក្សាទុក​ ហេតុនេះ​ក្រោយពីស្ទូច​​ចេញ​ពី​គល់​ឈើ​នោះ មន្ត្រី​ជំនាញ​អាច​ទុកដា​ក់ជា​បណ្តោះ​អាន្ន​នៅ​ក្នុង​បរិវេណ​វត្តព្រះ​ឥន្ទទេ​ព។ ក្រោយ​ពីដើម​ឈើដួល​រលំហើ​យ​លេច​ចេញនូវ​រូបច​ម្លាក់នាគ​នេះ មាន​ប្រជាព​លរដ្ឋ​ មួយ​ចំនួ​ននៅ​ក្នុង​វត្តព្រះ​ឥន្ទទេ​ព បានទៅអុជ​ធូប អុជទៀ​នធ្វើ​សក្ការ​បូជា​ជាប​ន្តបន្ទា​ប់។​ ​

​លោក​បញ្ជា​ក់​​ថា៖ «យើង​ស្ទូច​យកចេ​ញពី​ហ្នឹងសិ​ន ហើយទៅ​សួរតា​យា​យដែល​គាត់គោ​រពហ្នឹ​ង​សិន ​បើសិ​នណាគា​ត់គោ​រព ​គាត់​​រក្សា​បាន​​យើងនឹ​ងរ​ក្សាទុកជូន​ពួកគាត់​គោរព​បូជានៅ​ក្នុង​ទីតាំង​វត្ត​ព្រះឥន្ទ​ទេ​ពហ្នឹ​ង»​។

លោក​ គឹម សុធិន បាន​ឱ្យដឹង​ទៀត​ថា រូប​ចម្លាក់​នេះអា​ចម​កពីទីលាន​ជល់ដំ​រី ព្រោះរូ​បដូច​គ្នានៅ​មុខលាន​ជល់ដំរី​។ តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា​ ជើង​ក្រោម​នៃរូប​ចម្លាក់​នេះ​មាន​ស្នាម​ដាប់​ទៅហើយ ​ហេតុនេះ​មានការ​ពិបាកក្នុង​ការស្វែង​រកខ្លួន​នាគណា​ស់។

លោកបញ្ជាក់​ថា៖ «​ភាគច្រើន​ប្រហែ​លជា​មិនអាច​រកខ្លួន​នាគ​បាន​ទេ ​ដោយសា​រតែ​ផ្នែក​ខាង​ក្រោម​ហ្នឹងមានមុ​ខដែកដា​ប់​ វាមិន​មែន​មុខថ្ម​បាក់ បើមុខ​ថ្មបាក់​យើង​ងាយរក​ភ្ជាប់នឹ​ងដង​ខ្លួននា​គ»​។

លោក ឡុង កុសល អគ្គនាយក​រង និងជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹង​នៅថ្ងៃ​ទី ៤ ខែតុលា​ថា ការ​ដួល​រលំបែក​បាក់​នៃ​រូប​ចម្លាក់​ក្នុង​តំបន់​អង្គរ​មួយ​ចំនួន គឺធ្លាក់​ចុះ​ទៅក្នុង​ដី និង​នៅក្រោម​ដើម​ឈើ ដែល​រួម​មានដូច​ជា រូបព្រះ​កេសទេវតា​ យក្ស​ និង​រូប​ផ្សេងៗ​ទៀត។ ​

លោក​ថ្លែង​ថា៖ «អាហ្នឹង​ករណី​ហ្នឹ​ងដូ​ចគ្នា​ខ្លោង​ទ្វារតាកាវ​ អ៊ីចឹងយើងឃើញ​ហើយ​ខ្លោងទ្វា​រតាកា​វ​ហ្នឹង​មាន​កន្លែង​រូប​ចម្លាក់ គោ រូបចម្លាក់​អប្សរា ជាមួយ​ទេវតា​ទាញ​ព័្រត្រ ឃើញ​បាត់​បង់​ច្រើន​ណាស់ ប៉ុន្តែ​ពេល​យើងធ្វើ​កំណាយ​ស្រាវជ្រាវ​រូប​អស់​ទាំង​ហ្នឹង​​នៅ​ក្រោម​ដើម​ឈើ ក្នុងដីក្នុង​អីហ្នឹង​»។

​អាជ្ញាធរ​ជាតិ​អប្សរា ជូន​ដំណឹង​កា​ល​ពីសប្តាហ៍​មុន​ឱ្យប្រជា​ពលរដ្ឋ និងភ្ញៀវ​ទេសចរ មាន​ការប្រុង​ប្រយ័ត្នខ្ពស់​ក្នុង​ពេលចេញ​ចូល​តំបន់​រមណីយ​ដ្ឋាន​អង្គរ ក្នុង​ស្ថាន​ភាពអាកាស​ធាតុទូ​ទៅ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​រដូវ​វស្សា ដែល​មានភ្លៀង​ធ្លាក់​ជាប្រចាំ​ច្រើន ព្រម​ទាំង​សម្ពាធ​ទាប​ដែល​រង​ឥទ្ធិពល​ពីខ្យល់​ព្យុះផ្សេងៗ​ផង​នោះ។

​រមណីយ​ដ្ឋានអ​ង្គរមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្ពស់​បណ្តាល​ឱ្យដីមាន​ភាពទ​ន់ជ្រាយ និង​ទទួល​រង​នូវខ្យល់​កន្ត្រាក់ បក់បោកយ៉ា​ង​ខ្លាំង បណ្តាល​ឱ្យមាន​ដើម​ឈើ​មួយ​ចំនួន​​បាន​ដួល​រលំជា​បន្តបន្ទាប់ ព្រម​ទាំងបង្កផ​លប៉ះ​ពាល់ដល់​ប្រាង្គប្រា​សាទ សុវត្ថិ​ភាព​របស់ប្រជា​ពលរដ្ឋ និង​ភ្ញៀវទេ​សចរ​ទាំង​ឡាយ​ដែលឆ្ល​ងកាត់ និ​ងចូល​ទៅទស្ស​នាក្នុង​រមណី​យដ្ឋា​នអង្គ​រ។​

អា​ជ្ញាធរ​នេះប​ញ្ជាក់​ថា៖ «​ស្ថិតក្នុ​ងស្ថាន​ភាព​ប្រឈម ​អាជ្ញាធ​រជាតិ​អប្សរាសូម​ក្រើនរំ​លឹកដ​ល់ប្រ​ជាពលរ​ដ្ឋ និង​ភ្ញៀវ​ទេស​ចរឱ្យ​​មាន​​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ដំណើរ​ចូល​ទៅកម្សាន្ត​ក្នុងរ​មណីយដ្ឋាន​អង្គរ ជាពិសេស​ ពេលមាន​ភ្លៀងធ្លា​ក់ខ្លាំង​ត្រូវនៅ​ឱ្យឆ្ងាយពី​ដើម​ឈើធំៗ​ កុំជ្រ​ក ឬច​ត​យាន​យន្ត​ក្រោម​ដើម​ឈើ ដើម្បី​ចៀស​វាងពី​គ្រោះថ្នា​ក់ជាយ​ថាហេតុ​ណាមួ​យ​»។

ដោយឡែក​ក្រសួង​ធនធា​នទឹ​ក និង​ឧតុនិ​យម នៅថ្ងៃ​អង្គារ​ ទី ៤ ខែ​តុលា បានជូ​នដំ​ណឹងថា ភ្លៀង​នឹងនៅ​តែ​បន្ត​ធ្លាក់​បន្ថែម​ទៀត​ ចាប់ពីថ្ងៃ​ទី៥​ ​រហូត​ដល់ថ្ងៃ​ទី​១១ ខែតុ​លា ដោយសា​រតែប្រ​ព័ន្ធសម្ពាធ​ទាប (ITCZ) បន្តអូស​កាត់លើ​កម្ពុជា​ជាមួយ​នឹងខ្យ​ល់​មូសុងនិ​រតីខ្សោ​យ ទន្ទឹម​នឹង​ការជួ​បប្រសព្វ​គ្នារវាង​ទ្រនុង​សម្ពាធ​ខ្ពស់​ពីប្រ​ទេសចិ​នភាគ​​ខាង​ជើង និងសម្ពាធ​ទាប​ដែល​រុញ​ពីក្រោម​កម្ពុជា​ផង​៕