ភ្នំពេញៈ​នាយក​រដ្ឋមន្ត្រី​គុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ មក​ដល់​ប្រទេស​កម្ពុជា​ហើយ ​កាលពី​រសៀល​ថ្ងៃទី​ ៤ ខែ​តុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៣ ​ថ្ងៃ ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២។

ទស្សនកិច្ច​នេះ​ធ្វើឡើង​តបតាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ហើយ​ក៏​ធ្វើ​ឡើង​ប្រមាណ​ ២ ​សប្តា​ហ៍​ បន្ទាប់ពី​លោក ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​២ នៅក្នុង​ប្រទេស​​ គុយបា​ផង​ដែរ​។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​នៅ​ព្រះបរម​រាជវាំង។ លោក​ក៏​នឹង​ជួប​ជាមួយ​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា ផង​ដែរ​។

នា​ថ្ងៃទី​ ៤ ខែ​តុលា​ លោក​មាន​​ជំនួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន ហើយ​នាយក​រដ្ឋមន្ត្រី​ទាំង​ ២ បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ដែល​នឹង​​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត ក្នុង​វិស័យ​ កីឡា អប់រំ និង​វប្បធម៌ ក៏​ដូចជា​វិស័យ​ផ្សេងៗ​ទៀត​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការ​បរទេស​កម្ពុជា​បញ្ជាក់​កាលពី​ថ្ងៃ​ទី ១ ខែ​តុលា ​ថា ៖ «ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ទំនាក់ទំនង យូរ​អង្វែង និង​ប្រកប​​ដោយ​មិត្តភាព​រវាង​កម្ពុជា​ និង​គុយបា ក៏​ដូចជា​នឹង​គូស​បញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ ដើម្បី​ផល​ប្រយោជន៍​កាន់តែ​ប្រសើរ​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង​ ២​»។

នាយក​រដ្ឋមន្ត្រី​គុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​ ៤ តុលា។ រូបថត ក្រសួងព័ត៌មាន​

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជាប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​កាន់តែ​ជំរុញ​ឱ្យ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​មាន​ភាព​រឹងមាំ និង​ស៊ីជម្រៅ ដែល​ទំនាក់ទំនង​នេះ​ជា​ទំនាក់ទំនង​ជា​ប្រពៃណី​តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​។

លោក​បាន​ថ្លែង​ថា៖ ​«ការ​ធ្វើ​ទស្សនកិច្ច​នេះ​គឺ​កាន់តែ​បន្ថែម​ទម្ងន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​គឺ​ធ្វើ​បន្ទាប់ពី​សម្ដេច ហ៊ុន សែន ក៏​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​គុយបា​ផងដែរ។ ​យើង​ឃើញ​ថា វា​ជា​ឥរិយាបថ​ការទូត​យ៉ាង​ល្អ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សុច្ឆន្ទៈ​និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​នៃ​ប្រទេស​​ទាំង​ ២ ក្នុង​ការ​ពង្រឹង​ពង្រីក​រឹតចំណង​ទំនាក់ទំនង និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ ២»។

លោក​គិន ភា បាន​បន្ថែម​ថា សម្រាប់​កម្ពុជា​គឺ​កំពុង​តែ​អនុវត្ត​​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​នយោបាយ​ពិពិធកម្ម​ការទូត​របស់​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​​ផ្សេងៗ​ទាំង​ក្នុង​តំបន់​និង​ពិភព-​លោក​ដើម្បី​ឲ្យ​តួនាទី​របស់​កម្ពុជា​កាន់តែ​មាន​សារៈសំខាន់​ឡើង​ហើយ​កិត្យានុភាព​កម្ពុជា​កាន់តែ​ត្រូវបាន​លេច​ត្រដែត​ឡើង​។

លោក​បន្ត​ថា ការ​ដែល​កម្ពុជា​សន្យា​ផ្ដល់​អង្ករ ៦​ ពាន់​តោន​ដល់​គុយបា​គឺ​ជា​ចំណុច​សំខាន់​មួយ​​ទៀត​របស់​កម្ពុជា​ផង​ដែរ ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ការទូត​សាធារណៈ​ដែល​ធ្វើឱ្យ​ឥទ្ធិពល​របស់​កម្ពុជា​កាន់តែ​មាន​សារៈសំខាន់​ក្នុង​កម្រិត​តំបន់​និង​ពិភពលោក​៕