ក្នុង​អាណត្តិ​ទី​ ៦ ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ដោយ​បាន​ចាត់ទុក​ការអភិវឌ្ឍ​ធនធាន​មនុស្ស ជា​អាទិភាព​ទី​ ១ ​។ ដើម្បី​សម្រេច​ឱ្យបាន​នូវ​សមិទ្ធផល​វិស័យ​អប់រំ​រយៈពេល​ ៥ ​ឆ្នាំនេះ ក្រសួង​អបរំ យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ២០១៨-២០២៣ ដោយ​ផ្តល់​អាទិភាព​លើ ៧ ​ចំណុច​៖ (១) ការយកចិត្តទុកដាក់​លើ​គ្រូ​-​បង្រៀន (២) ការពង្រីក​វិសាលភាព​សាលារៀន​គ្រប់​កម្រិត (៣) ការពង្រឹង​អធិការកិច្ច​គ្រប់​ជ្រុងជ្រោយ​លើ​ការគ្រប់គ្រង​សាលារៀន (៤) ការជំរុញ​ការអប់រំ​បច្ចេកទេស​នៅ​មធ្យមសិក្សា​ទុតិយភូមិ (៥) ការអប់រំ​បំណិន​ឱ្យស្រប​តាម​ទីផ្សារ​ការងារ (៦) ការអភិវឌ្ឍ​កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា​គោល​គ្រប់​ជ្រុងជ្រោយ និង (៧) ការត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។ ដូចនេះ ខ្លឹមសារ​ក្នុង​អត្ថបទ​នេះ នឹង​ផ្ដោត​សំខាន់​ទៅលើ យុទ្ធសាស្ដ្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា និង សមិទ្ធផល​វិស័យ​អប់រំ​ដែល​សម្រេចបាន​រយៈពេល ៥ ​ឆ្នាំ (២០១៨-២០២២)​។

យុទ្ធសាស្ដ្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ២០១៨-២០២៣ មាន​ចក្ខុវិស័យ កសាង និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​គុណធម៌​ប្រសើរ​បំផុត​លើ​គ្រប់ផ្នែក ដើម្បី​កសាង​សង្គម​កម្ពុជា​ឱ្យ​ក្លាយ​ជា​សង្គម​រីកចម្រើន​ផ្អែកលើ​ចំណេះដឹង និង​ចំណេះ​ធ្វើជា​មូលដ្ឋាន​។ យុទ្ធសាស្ដ្រ​កំណែទម្រង់​នេះ​មាន​បេសកកម្ម ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​របស់​កម្ពុជា និង​ការរីកចម្រើន​នៅក្នុង​តំបន់ និង​សកលលោក​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា​មាន ​៤​ ចំណុច​៖ យុទ្ធសាស្ដ្រ​កំណែ​ទម្រង់​ការគ្រប់គ្រង​អប់រំ យុទ្ធសាស្ដ្រ​កំណែទម្រង់​ឧត្តមសិក្សា យុទ្ធសាស្ដ្រ​កំណែទម្រង់​ការអភិវឌ្ឍ​យុវជន និង​យុទ្ធសាស្ដ្រ​កំណែទម្រង់​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ដោយនៅ​ក្នុងនោះ យុទ្ធសាស្ដ្រ​កំណែទម្រង់​ការគ្រប់គ្រង​អប់រំ​ផ្ដោតលើ ៤ ​ចំណុច​៖ (១) កំណែទម្រង់​ការគ្រប់គ្រង​ការសិក្សា ផ្តោតលើ​រង្វាយតម្លៃ​ការសិក្សា​របស់​សិស្ស​ជាប្រចាំ ការកែលម្អ​វិធីសាស្ត្រ​បង្រៀន និង​ការដាក់បញ្ចូល​ភាព​ជា​ពលរដ្ឋ​មាន​គុណភាព​ក្នុង​កម្មវិធីសិក្សា​ និង​សៀវភៅ​សិក្សា​គោល (២) កំណែទម្រង់​ការគ្រប់គ្រង​រដ្ឋបាល​ផ្តោតលើ​ការធានា​ការចូលរួម​របស់​មាតា​បិតា​សិស្ស និង​សហគមន៍​មូលដ្ឋាន ការអនុវត្ត​ការគ្រប់គ្រង​តាម​សាលារៀន និង​ការអនុវត្ត​គោលនយោបាយ​អប់រំ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ (៣) កំណែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ផ្តោត​លើ​ការបង្កើន​ស្វ័យភាព និង​គណនេយ្យភាព ហិរញ្ញវត្ថុ​នៅ​សាលារៀន ការធ្វើ​សវនកម្ម​ថវិកា​អប់រំ​ជា​ទៀងទាត់ និង​ការបង្កើន​ការបែងចែក​ថវិកា ផ្សារភ្ជាប់​នឹង​គោលនយោបាយ​អប់រំ និង (៤) កំណែទម្រង់​ការ​គ្រប់គ្រង​ធនធាន​មនុស្ស ផ្តោតលើ​ការបណ្តុះបណ្តាល​ដោយ​ផ្តោតលើ​វិធីសាស្ត្រ​បង្រៀន​ និង​កម្មវិធី​បំប៉ន​នៅនឹង​កន្លែង ការបង្កើន​ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​ការអនុវត្ត​ការវាយតម្លៃ​ការបំពេញ​ការងារ​របស់​បុគ្គលិក​អប់រំ​។

ជាមួយ​គ្នា​នេះដែរ យុទ្ធសាស្ដ្រ​កំណែទម្រង់​ឧត្តមសិក្សា​ផ្ដោតលើ ៥ ​ចំណុច​៖ (១) ពិនិត្យ​លទ្ធភាព​ប្រែក្លាយ​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ​ទៅ​ជា​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ​រដ្ឋបាល (២) ផ្តល់​ស្វ័យភាព​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ធនធាន​មនុស្ស (៣) រៀបចំ​ក្របខ័ណ្ឌ​កម្មវិធីសិក្សា​ឱ្យ​ឆ្លើយតប​ទៅនឹង​ការវិវត្ត​ឧស្សាហកម្ម (៤) ជំរុញ​ការស្រាវជ្រាវ និង​លើកទឹកចិត្ត​ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឧត្តមភាព​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និង (៥) វាយតម្លៃ​គុណភាព​អប់រំ​ផ្ទៃក្នុង និង​វាយតម្លៃ​គុណភាព​អប់រំ​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​។

ផ្អែក​ក្រោម​យុទ្ធសាស្ដ្រ​ទាំង​ ២ ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេចបាន​នូវ​សមិទ្ធផល​អប់រំ​ជាច្រើន​ដែល​គួរ​ជាទី​កត់សម្គាល់​ក្នុង​រយៈពេល ៥​ ឆ្នាំនេះ​។ គិត​ត្រឹម​ឆ្នាំ​សិក្សា ២០២១-២០២២ សាលា​មត្តេយ្យ​សិក្សា និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​មាន​ចំនួន ១៨ ៤៣០ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១៣០​។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សាងសង់​អគារសិក្សា​ចំនួន ៤២៧ ​ខ្នង បាន​ជួសជុល​អគារសិក្សា​ចំនួន ៣៩៥ ​ខ្នង និង​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដូចជា​បន្ទប់ពិសោធន៍ បណ្ណាល័យ អន្តេវាសិកដ្ឋាន និង​បន្ទប់​កុំព្យូទ័រ​បំពាក់​បន្ទះ​សូឡា ផ្ទះសំណាក់​គ្រូ ផ្ទះសំណាក់​សិស្ស បង្គន់​អនាម័យ អណ្តូងទឹក ផ្លូវ​បេតុង របង​សាលារៀន តារាង​បាល់បោះ តារាង​បាល់ទាត់ និង​ទីលាន​ហាត់​កីឡា​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​។

គិត​មក​ត្រឹម​ថ្ងៃទី​ ៤ ខែមេសា ឆ្នាំ​ ២០២២ សំណង់​អគារសិក្សា ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាន ៤ ៤៨៧ ខ្នង ស្មើនឹង ២៨ ៨១០ បន្ទប់​។

ក្នុង​ការកែទម្រង់​វិស័យ​អប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​បន្ដ​ផ្តោតលើ​អាទិភាព​សំខាន់ៗ​ដូចជា​៖ ការពង្រីក​សេវា​អប់រំ​កុមារ​តូច ការបង្កើន​ការចូល​រៀន​នៅ​បឋមសិក្សា ការបង្កើន​ការចូល​រៀន​នៅ​មធ្យមសិក្សា​បឋមភូមិ ការបង្កើន​ការចូល​រៀន​នៅ​មធ្យមសិក្សា​ទុតិយភូមិ ការពង្រីក​វិសាលភាព​នៃ​ការអប់រំ​ពហុភាសា​ដល់​កុមារ​ជនជាតិ​ដើម​ភាគតិច ការលើកកម្ពស់​ការអប់រំ​ឌីជីថល សេដ្ឋកិច្ច​ឌីជីថល សហគ្រិនភាព ការដាក់​ឱ្យ​ដំណើរការ​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ក្នុង​វិបត្តិ​កូវីដ​ ១៩ ក៏ដូចជា​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ចំនួន ២៦២ ១៦៣​ នាក់ ផងដែរ​។

ស្របតាម​យុទ្ធសាស្ដ្រ​កំណែទម្រង់​ការគ្រប់គ្រង​អប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ពង្រឹង​ការគ្រប់គ្រង​តាម​សាលារៀន ការបង្កើត​សាលារៀន​ជំនាន់​ថ្មី​ចំនួន​ ១០ ការបណ្តុះបណ្តាល​គ្រូ​អំពី​វិធីសាស្ត្រ​បង្រៀន​តាម​បែប​ស្ថាបនា​និយម វិធី​រិះរក ការសិក្សា​បែប​សហការ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការបង្រៀន និង​រៀន​រៀបចំ​បន្ទប់​ពិសោធន៍​វិទ្យាសាស្ត្រ​តាម​មុខវិជ្ជា បន្ទប់​កុំព្យូទ័រ និង​បំពាក់​កុំព្យូទ័រ បន្ទប់​មុខវិជ្ជា បន្ទប់​គ្រូបង្រៀន និង​បណ្ណាល័យ​សតវត្សរ៍​ទី​ ២១ បន្ទប់​សង្គ្រោះបឋម អប់រំ​បំណិន​ជីវិត ការអប់រំ​ស្ទែម ក្រុមប្រឹក្សា​អាជីព ក្រុមប្រឹក្សា​យុវជន និង​ក្លិប​សិក្សា​លើ​មុខវិជ្ជា​គណិតវិទ្យា អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា សារព័ត៌មាន បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រវត្តិវិទ្យា ការលើក​កម្ពស់​ការសិក្សា​មុខវិជ្ជា​ស្ទែម​ ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ការងារ ការលើក​កម្ពស់​កម្មវិធី​អំណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង ការលើក​កម្ពស់​ការអប់រំ​បច្ចេកទេស ការអប់រំ​បំណិន​ជីវិត និង​ការប្រឹក្សា​អាជីព ក៏ដូចជា​ការលើក​កម្ពស់​តម្លៃ​វិជ្ជាជីវៈ​គ្រូបង្រៀន តាមរយៈ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន នៅតាម​វិទ្យាស្ថាន​គរុកោសល្យ​គ្រប់​រាជធានី​- ខេត្ត​។

ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​យន្តការ​កំណែទម្រង់​វិស័យ​អប់រំ នៅ​កម្ពុជា បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ដ្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ២០១៨-២០២៣ ក៏ដូចជា​បាន​សហការ​យ៉ាង​ស្វាហាប់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក្នុងការ​បង្កើត​គម្រោង និង​សកម្មភាព​លើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​អប់រំ​គ្រប់​ប្រភេទ និង​ការផ្ដល់​នូវ​ថវិកា​ ដើម្បី​គាំទ្រ​រាល់​សកម្មភាព​ទាំងឡាយ​ផងដែរ​។

ក្នុង​រយៈពេល ៥ ​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​ឱ្យឃើញ​នូវ​សមិទ្ធផល​នានា​គ្រប់​អនុវិស័យ ជាពិសេស​វិស័យ​អប់រំ ដែល​ស្ថិតក្រោម​យន្ដការ​នៃ​យុទ្ធសាស្ដ្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ២០១៨-២០២៣ នេះ​។ យុទ្ធសាស្ដ្រ​កំណែទម្រង់​នេះ ក៏​អាច​ជា​ផែនទី​បង្ហាញផ្លូវ​ សម្រាប់​ការបំពេញ​ចន្លោះ​ខ្វះខាត​ណាមួយ ឬ​ជា​ទិសដៅ​បន្ទាប់​នៅ​ឆ្នាំក្រោយ ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​៕