ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា ស្នើ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ជំរុញ​ទំនាក់ទំនង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ដើម្បី​ផ្តួចផ្តើម​គំនិត​ស្តីពី​ការ​តភ្ជាប់​​គម្រោង​សហ​ប្រតិបត្តិការ​នានា​ពេញ​ក្នុង​តំបន់ខណៈ​នាពេល​អនាគត​តំបន់​នេះ នឹង​ពឹងផ្អែក​លើ​ឧត្តមភាព នៃ​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​។

លោក​ ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា ការ​តភ្ជាប់​តំបន់​គឺជា​រឿង​ចាំបាច់​ដែល​ត្រូវការ​ការ​លើកកម្ពស់ ​ព្រោះ​អនាគត​នៃ​តំបន់​នេះ នឹង​ពឹងផ្អែក​លើ ឧត្តមភាព​ប្រកួតប្រជែង​តំបន់ ដែល​អាច​កើត​មាន​ឡើង​បាន​ដោយ​ការ​តភ្ជាប់​យ៉ាង​ល្អ នៅក្នុង​តំបន់ ដែល​មាន​សកម្មភាព​រួមគ្នា។

លោក​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​ស្តីពី​ការ​តភ្ជាប់​អាស៊ាន​លើកទី​១៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ៣ ខែ​តុលា​ ដោយ​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា និង​លេខាធិការដ្ឋាន​អាស៊ាន​ក្រោម​មូលបទ «ការ​លើក​កម្ពស់​ការ​តភ្ជាប់​ឆ្ពោះ​ទៅរក​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​ ២០២៥ ប្រកប​ដោយ​បរិយាប័ន្ន ចីរភាព និង​ភាព​ធន់​រឹងមាំ»​។

លោក​ ប្រាក់ សុខុន ថ្លែង​ថា៖ «ចង្វាក់​ផ្គត់ផ្គង់​តំបន់​របស់​យើង តម្រូវ​រក្សា​នូវ​ភាព​ស័កិ្តសិទ្ធិ និង​ភាព​ធន់​រឹងមាំ។ អាស៊ាន​ត្រូវ​ទំនាក់ទំនង​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​របស់​ខ្លួន ដើម្បី​ផ្តើម​គំនិត​​ផ្តួចផ្តើម​ស្តីពី​ការ​តភ្ជាប់​ និង​គម្រោង​សហ​ប្រតិបត្តិការ​នានា​ពេញ​ក្នុង​តំបន់​។ សម្រាប់​អាស៊ាន ​អភិក្រម​នេះ​គឺ​ការ​ទាញ​យក​ឱ្យ​បាន​ជា​អតិបរមា​នូវ​ការ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គំនិត​ផ្ដួចផ្ដើម​នានា​ ដែល​មាន​​ស្រាប់ ស្តីពី​ការ​តភ្ជាប់​ដើម្បី​ចម្រាញ់​យក​តម្លៃ​បន្ថែម​ដែល​ចាំបាច់»​។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុង​ជ្រោយ​តំបន់ គឺជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម ក្នុង​ការ​ដឹកនាំ​សេដ្ឋកិច្ច​តំបន់។​ នៅ​មាន​ភាព​ចាំបាច់​ក្នុង​ការ​តម្រែតម្រង់​ទិស​ផែនការ​មេ​ស្ដីពី​ការ​តភ្ជាប់​អាស៊ាន ឆ្នាំ​ ២០២៥ (MPAC 2025) ដើម្បី​ធានា​ថា​ ផែនការ​មេ​នេះ​ នឹង​ដើរ​តួនាទី​ជា​ចំណុច​ស្នូល ក្នុង​ការ​តភ្ជាប់​ជា​យុទ្ធសាស្រ្ត​រវាង​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​នៅក្នុង​តំបន់​ក្នុង​ការ​ទ្រទ្រង់​អាស៊ាន​ ដែល​ប្រកប​ដោយ​ភាព​ធន់​រឹងមាំ ចីរភាព និង​បរិយាប័ន្ន​។

លោក លឹម ចុកហុយ (Lim Jock Hoi) អគ្គលេខា​ធិការ​អាស៊ាន ថ្លែង​ថា វា​គឺជា​រឿង​ចាំបាច់ ដែល​អាស៊ាន​ត្រូវ​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​ដែល​មាន​ភាព​ធន់​រឹងមាំ អាច​បត់បែន​បាន និង​មាន​ភាព​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការ​ផ្លាស់ប្ដូរ​ជា​និច្ច​កាល​ ដោយ​លោក​បញ្ជាក់​ថា៖ «ខណៈពេល​ដែល​យើង​បន្ត​រៀបចំ​ផែនការ​សម្រាប់​អនាគត ​យើង​ក៏​ត្រូវ​កសាង​នូវ​ភាព​ភ្ជាប់​គ្នា​​រវាង​អនាគត​ជាមួយ​សកម្មភាព​ដែល​យើង​កំពុង​ធ្វើ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​»។

លោក​អគ្គលេខាធិការ​អាស៊ាន​បន្ថែម​ថា អាស៊ាន​ត្រូវតែ​ធ្វើការ​ជាមួយ​ដៃគូ​ទាំងអស់​ទោះ​សម្រាប់​រយៈពេល​ខ្លី មធ្យម​ និង​វែង ក៏ដោយ​ ដោយ​ពន្យល់​ថា​៖ «ធនធាន​ទាំងអស់​ដែល​ដៃគូ​របស់​យើង​បាន​ប្រើប្រាស់​នៅក្នុង​ការវិនិយោគ​ក្នុង​តំបន់​យើង​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ទៅ​ពួកគេ​វិញ​ទៅ​តាម​​ទំហំ​ដែល​ធនធាន​ទាំង​នោះ បាន​ផ្ដល់​ផលប្រយោជន៍​មក​អាស៊ាន​»។

លោក ហីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ីបូព៌ា ថ្លែង​ថា ការ​តភ្ជាប់​ផ្នែក​ឌីជីថល​មាន​សារៈសំខាន់​ណាស់ ក្នុងការ​អនុវត្ត​ផែន​ការ​មេ ស្ដីពី​ការ​តភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ (MPAC 2025)។ លោក​បាន​យោង​ទៅលើ​ការងារ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្ដីពី​ផែនការ​អភិវឌ្ឍន៍​អាស៊ី​គ្រប់​ជ្រុងជ្រោយ​ដំណាក់កាល​ទី៣ ដែល​បាន​លើក​ឡើង​ពី​យុទ្ធសាស្រ្ត បង្កើត​សេដ្ឋកិច្ច​ប្រកប​ដោយ សមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និង​ចីរភាព​ច្រើន​ជាង​មុន នៅក្នុង​តំបន់​អាស៊ាន និង​​អាស៊ីបូព៌ា តាមរយៈ​ការ​លើក​ស្ទួយ​ការ​តភ្ជាប់​ផ្នែក​រូបវន្ត និង​ផ្នែក​ឌីជីថល​នៅក្នុង​តំបន់​។

លោក Hidetoshi Nishimura ​ថ្លែង​ថា៖ «ខ្ញុំ​ជឿជាក់​យ៉ាង​ខ្លាំង​ថា ផែនការ​អភិវឌ្ឍន៍​អាស៊ី​គ្រប់ ជ្រុង​ជ្រោយ​ដំណាក់​កាល​ទី៣ ​នេះ នឹង​រួម​ចំណែក​ធ្វើឱ្យ​ការ​តភ្ជាប់​តំបន់​អាស៊ាន ក្រោយ​ឆ្នាំ​ ២០២៥ កាន់តែ ស៊ីជម្រៅ»​។

ថ្លែង​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី​៤១ នៅ​រាជធានី​ភ្នំពេញ នាថ្ងៃ​ទី ៤ ខែ​តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើកឡើង​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន មាន​ការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​រួមចំណែក ដោះស្រាយ​​រាល់​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅ​ក្នុង​តំបន់ ដើម្បី​ធានា​សុខ​សន្តិភាព សុខដុមនីយកម្ម និង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ សំដៅ​ជំរុញ​ល្បឿន និង​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សម្រាប់​ជោគវាសនា​សន្តិសុខ​តំបន់ ការ​អភិវឌ្ឍ និង​វិបុល​ភាព​រួម។

នេះ​ជា​លើក​ដំបូង​ដែល​សន្និសីទ​​ស្តីពី​ការ​តភ្ជាប់​អាស៊ាន​លើក​ទី១៣ ​នេះ​ត្រូវបាន​រៀបចំ​ឡើង​វិញ​ដោយ​ផ្ទាល់ បន្ទាប់ពី​ការ​លុបចោល​នូវ​ការ​រឹតបន្តឹង​នៃ​ការ​ធ្វើដំណើរ​ដោយ​​ការរីក​រាលដាល នៃ​ជំងឺ​កូវីដ ១៩​។ សន្និសីទ​នេះ​មាន​អ្នក​​ចូលរួម​ជាង ១៦០ ​នាក់ រួម​មាន សមាជិក​នៃ​គណៈ​កម្មាធិការ​សម្រប​សម្រួល​ស្តីពី​ការ​តភ្ជាប់​អាស៊ាន​តំណាង​មកពី​ស្ថាប័ន​ និង​អង្គភាព​តាម​វិស័យ​នានា​របស់​អាស៊ាន ដៃគូ​អាស៊ាន អង្គភាព​ពហុភាគី​ព្រមទាំង​វិស័យ​ឯកជន។

វាគ្មិន​មកពី​ស្ថាប័ន​រដ្ឋ ក្រុម​បញ្ញជន អង្គភាព​ប្រឹក្សា​យោបល់ និង​ធនាគារ​អភិវឌ្ឍន៍​ពហុជាតិ ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​បច្ចុប្បន្ន​ និង​និន្នាការ​ដែល​កំពុង​លេច​ឡើង ​ក្នុង​បរិបទ​នៃ​ការ​ងើប​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​ក៏​ដូចជា​បញ្ហា​ប្រឈម​ដែល​​អាស៊ាន​ជួប​ប្រទះ​ក្នុងការ​អភិវឌ្ឍ​របៀបវារៈ​នៃ​ការ​តភ្ជាប់​អាស៊ា​ន​ក្រោយ​ឆ្នាំ ២០២៥។​ សន្និសីទ​នេះ​​ពិភាក្សា​អំពី​វិធីសាស្រ្ត​ពង្រឹង​ភាព​ជា​ដៃគូ​ស្ដីពី​ការ​តភ្ជាប់​អាស៊ាន​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ព្រមទាំង​ការ​លើក​កម្ពស់​ផ្នែក​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ប្រកប​ដោយ​ចីរភាព ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ និង​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​ឌីជីថល ដែល​អាច​បង្កើត​ និង​ពង្រឹង​បណ្តាញ​ការងារ តំបន់​ដើម្បី​រួម​ចំណែក​ដល់​ការ​កសាង​សហគមន៍​អាស៊ាន​ ១ ​ប្រកប​ដោយ​បរិយាប័ន្ន ភាព​ធន់​រឹងមាំ និង​ការ​តភ្ជាប់​គ្នា​យ៉ាង​ល្អ​។

លោក ​មាស នី អ្នក​តាមដាន​នយោបាយ​ថ្លែង​ថា ក្តីស្រមៃ​របស់​សហគមន៍​អាស៊ាន ដែល​ចង់​រួមគ្នា​ជា​ធ្លុង​ ១ ពិតជា​ពិបាក​សម្រេច​បាន​ខ្លាំង​ណាស់ ដែល​គេ​អាច​មើល​ដឹង​តាំងតែ​ពី​អំឡុង​ពេល​បង្កើត​សហគមន៍​នេះ​ដំបូង​ឡើយ​មក​ម្ល៉េះ ព្រោះ​ការ​មាន​​និន្នាការ​នយោបាយ​ខុសៗ​គ្នា​ទំនាស់​ផលប្រយោជន៍ និង​នយោបាយ​ការទូត​ហាក់​មិន​សូវ​ត្រូវ​គ្នា​របស់​អង្គការ​តំបន់​នេះ​ដែល​ជា​រនាំង​រារាំង​ការ​បង្រួប​បង្រួម​ផ្ទៃក្នុង ដូច​ការ​ចង់បាន​កាលពី​សម័យ​សង្គ្រាម​ត្រជាក់​ដំបូង​ឡើយ​​។

មក​ដល់​ពេល​បច្ចុប្បន្ន​អាស៊ាន​ពើប​​ប្រទះ​នឹង​បញ្ហា​ធំៗ​ ៣ រួមមាន វិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង វិបត្តិ​ភូមា និង​វិបត្តិ​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី ដែល​បាន​រារាំង​ជំហរ​អាស៊ាន​ជា​ធ្លុង​មួ​យ ដែល​លោក​ថា អាស៊ាន​ហាក់​កាន់តែ​ឃ្លាតឆ្ងាយ​ពី​គ្នា​បន្ថែម​ទៅ​ទៀត ហើយ​អង្គការ​តំបន់​នេះ​តែង​កំណត់​យក​គោលការណ៍​កុងសង់ស៊ីស​ដើម្បី​សម្រេច​ផែនការ​ណាមួយ ខណៈ​សមាជិក​មាន​និន្នាការ​ខុសៗ​​គ្នា​ក៏​ជា​រនាំង​ក្នុងការ​សម្រេច​ផែនការ​អនាគត​ផង​ដែរ​។

សន្និសីទ​ស្ដីពី​ការ​តភ្ជាប់​អាស៊ាន​​នឹង​បន្ត​ជា​វេទិកា​សម្រាប់​ឱ្យ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​អាច​ស្គាល់ និង​​កំណត់​នូវ​វិស័យ​​នៃ​កិច្ច​​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​សក្ដានុពល ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ផែនការ​មេ​ស្ដីពី​ការ​តភ្ជាប់​អាស៊ាន​ឆ្នាំ​ ២០២៥៕