ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​ការ​​ព្រួយបារម្ភ ចំពោះ​ការ​រួមបញ្ចូល​គ្នា​ រវាង​គណបក្ស​​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នោះ​ទេ មិនតែ​ប៉ុណ្ណោះ​បើទោះបី​​គណបក្ស​តូចៗ​ដែល​កើត​ចេញ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មក​​រួមបញ្ចូល​គ្នា​បន្ថែម​ទៀត ក៏​មិនមាន​អ្វី​ដែល​គួរឱ្យ​ព្រួយបារម្ភ​​ដល់​គណបក្ស​ប្រជាជន​នោះ​​ដែរ​។ នេះ​ជា​ការ​ថ្លែង​របស់​លោក សុខ ឥសាន។

លោក​ សុខ ឥសាន អ្នក​នំា​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ៤ ​តុលា​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ជំទាស់​ទៅ​នឹង​ការ​បង្រួបបង្រួម​ ​ឬ​បង្កើត​គណបក្ស​ថ្មី​របស់​ក្រុម​គណបក្ស​ទាំង​នេះ​​ដែរ ឱ្យ​តែ​ច្បាប់​​អនុញ្ញាត​ព្រោះ​វា​ជា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពួកគេ។ លោក​ថែម​ទាំង​​ថ្លែង​បែប​ចំអក​ថា​៖ «វា​ជា​ការ​គួរឱ្យ​អស់​សំណើច​ណាស់ ​ដែល​មាន​មេបក្ស​មួយ​នៅក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឱប​ជើង ភ្លើង​ចន្លុះ ភ្លើង​ទៀន​ អីហ្នឹង វា​ជា​ការ​មួយ ​គួរឱ្យ​អស់សំណើច​ណាស់​។ ដូច​គេ​ថា នាង​រត់​ទៅ​រក​អ្នក ដូច្នេះ ចាញ់​បូក​នឹង​ចាញ់​នៅតែ​ចាញ់​ដដែល​ទេ វា​អត់​មាន​អី​គួរឱ្យ​ឆ្ងល់​ទេ»។

លោក សុខ ឥសាន ​បាន​ថ្លែង​បែបនេះ បន្ទាប់ពី​គណបក្ស​ភ្លើងទៀន​បាន​សម្រេច​តែងតាំង លោក​ គង់ គាំ ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ បន្ទាប់ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ កាលពី​ថ្ងៃ​ទី​ ៣ ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ សម្រេច​ចូល​រួបរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី​៧​​ ឆ្នាំ ២០២៣​។ ​គណបក្ស​ភ្លើងទៀន​នៅថ្ងៃ​ទី ៤ ​តុលា ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្វាគមន៍ គណបក្ស​ឆន្ទៈ​ខ្មែរ​ ដែល​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​​គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​តែ​ ១​។

គណបក្ស​ភ្លើង​ទៀន​ក៏​បាន​ស្វាគមន៍​លោក គង់ គាំ អតីត​ស្ថាបនិក​គណបក្ស​ជាតិ​ខ្មែរ អតីត​ប្រធាន​គណបក្ស​ សម​ រង្ស៊ី និង​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ផងដែរ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ និង​ផ្តល់​តួនាទី​ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​។ ជាមួយ​គ្នា​នេះ​គណបក្ស​ភ្លើង​ទៀន​ក៏​បាន អំពាវនាវ​ដល់​អ្នក​ស្នេហា​ជាតិ​ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ទាំងអស់ ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ជា​កម្លាំង​ចលករ​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ ឈាន​ទៅរក​ជ័យជម្នះ​ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ អាណត្តិ​ទី​៧ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​កក្កដា ឆ្នាំ​ ២០២៣។

លោក ថាច់​ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៤ តុលា​ថា ​ការ​តែងតាំង​លោក គង់​ គាំ ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​នេះ ដើម្បី​រួបរួម​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិតេយ្យ។ កន្លង​មក បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ បើទោះបី​ជា​លោក​ គង់ គាំ មិនបាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក៏​លោក​​នៅតែ​រក្សា​កម្លាំង​ និង​ស្មារតី​ស្នេហា​ជាតិ​រហូតមក​ទល់​នឹង​បច្ចុប្បន្ន​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «ការ​ផ្តល់​តួនាទី​ជូន​គាត់​នេះ គឺ​មាន​សារៈសំខាន់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ច្បាស់​ថា គណបក្ស​ភ្លើង​ទៀន គឺ​រក្សា​ជំហរ​រឹងមាំ​ដដែល ​តាំងតែ​ពី​ការបង្កើត​គណបក្ស​ជាតិ​ខ្មែរ​រហូត​មក​ទល់​បច្ចុប្បន្ន​»​។

លោក គង់ គាំ អតីត​ស្ថាបនិក​គណបក្ស​ជាតិ​ខ្មែរ អតីត​ប្រធាន​គណបក្ស​ សម​ រង្ស៊ី និង​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​។ ហេង ជីវ័ន

លោក​ គង់ គាំ អ្នក​នយោបាយ​ចាស់​វស្សា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​ ការ​ផ្តល់​តួនាទី​នេះ មិនមាន​អ្វី​ដែល​ថ្មី​សម្រាប់​រូប​លោក​នោះ​ទេ ពីព្រោះ​កាលពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា​ ក្លាយ​ទៅជា​អ្នក​ដឹកនាំ​ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​រូប​លោក ​ធ្វើជា​ប្រធាន​គណបក្ស​ សម រង្ស៊ី ​សញ្ញា​ភ្លើងទៀន នៅ​ពេល​នោះ​ និង​ក៏​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។

លោក​បន្ត​ថា ក្នុង​នាម​ជា​ឧត្តម​ទី​ប្រឹក្សា និង​ជា​អ្នក​ផ្តល់​យោបល់​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ នៅក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ និង ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ លោ​ក នឹង​ផ្តល់​យោបល់​ទៅ​គណបក្ស​នេះ​កុំ​ឱ្យ​ទោរទន់​ទៅរក​លោក​ខាង​លិច​ខ្លាំង​ពេក (អាមេរិក) និង​ក៏​អាច​ផ្តល់​យោបល់​កុំឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​កុំ​ទោរទន់​​ទៅរក​លោក​ខាង​កើត​ខ្លាំង​ពេក​ដែរ (ចិន​)ដើម្បី​ឱ្យ​ការ​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា និង​មាន​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​មួយ​ត្រឹមត្រូវ​។

លោក​បាន​​ថ្លែង​ថា៖​ «ខ្ញុំ​នឹង​ទៅជា​ឧត្តម​ទីប្រឹក្សា​នេះ គឺដំបូង​បំផុត​ គឺ​ជួយ​យោបល់​គណបក្ស​ភ្លើងទៀន​បង្កើត​ក្រុមជំនាញ​គណបក្ស​ ដូចជា​ក្រុមខាង​ថវិកា ក្រុម​ខាង​នីតិកម្ម ក្រុម​ខាង​ដោះស្រាយ​ដី​ធ្លី​ និង​សិទ្ធិ​មនុស្ស​ជា​ដើម ដើម្បី​យក​គំនិត​របស់​ក្រុម​ជំនាញ​ យក​មក​អនុវត្ត​ត្រឹមត្រូវ​តាម​បំណង​របស់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​យើង»​។

លោក​ គង់ ​មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ឱ្យ​ដឹង​ដែរ​ថា ការ​តែងតាំង​លោក គង់ គាំ ដែល​ជា​ឪពុក​របស់​លោក​ ជា​ឧត្តម ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន មិនមាន​បញ្ហា​ទាស់​អ្វី​នោះ​ទេ ព្រោះ​តួនាទី​នេះ​មិនមែន​ជា​អ្នក​សម្រេច​កិច្ចការ​អ្វី​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ឡើយ​។ ផ្ទុយ​មក​វិញ លោក គង់ គាំ គ្រាន់តែ​អ្នក​ផ្តល់​យោបល់ និង​​យុទ្ធសាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​៕