The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ WaterAid កំពុង​ធ្វើការ​នៅតាម​រោង​ចក្រ ដើម្បីជំរុញ​ការងារ​ទឹកស្អាត​ និង​អនា​ម័យ

អង្គការ WaterAid កំពុង​ធ្វើការ​នៅតាម​រោង​ចក្រ ដើម្បីជំរុញ​ការងារ​ទឹកស្អាត​ និង​អនា​ម័យ

Content image - Phnom Penh Post
ក្រុមមន្ត្រីអង្គការ WaterAid ពេលចុះទៅតាមរោងចក្រដើម្បីជំរុញការងារទឹកស្អាតនិងអនាម័យ កាលពីខែកញ្ញា ឆ្នាំ២០២២ ។ រូបថត WAC

អង្គការ WaterAid កំពុង​ធ្វើការ​នៅតាម​រោង​ចក្រ ដើម្បីជំរុញ​ការងារ​ទឹកស្អាត​ និង​អនា​ម័យ

ភ្នំពេញៈ អង្គការ WaterAid កំពុង​ធ្វើការ​នៅ​​រោង​ចក្រ​ចំនួន​ ៩​ ដើម្បី​ជំរុញ​ការងារ​ទឹកស្អាត ​និង​អនា​ម័យ​នៅ​តាម​រោង​ចក្រ និង​សហ​គមន៍​របស់​កម្មក​រ​និយោ​ជិត ​ខណៈ​ការ​ស្រាវ​​ជ្រាវ​ចុងក្រោយ​នៅ​ប្រទេស​ចំនួន ​៤​ របស់​អង្គការ​នេះ​ បាន​រកឃើញ​ថា ​ការវិនិ​យោគ​លើ​សេវា​ទឹកស្អាត ​និង​បង្គន់​អនា​ម័យ​ក្នុង​វិស័យ​រោងចក្រ​ និង​កសិកម្ម​នឹង​ផ្តល់​ផល​ល្អ​ដល់​អាជីវកម្ម​ទាំង​នោះ​។​

​កាលពី​ថ្ងៃទី ​៣ តុលា អង្គការ WaterAid បាន​បង្ហាញ​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បង្អស់​របស់​ខ្លួ ដែល​មាន​ឈ្មោះ​ថា "​ការ​ជំរុញ​អាជីវ​កម្ម​៖ ហេតុ​អ្វី​បាន​ចាំ​បាច់​វិនិ​យោគ​លើទឹក​ស្អាត និង​អនា​ម័យ​" ដោយ​បាន​រក​ឃើញ​ថា ទឹក​ស្អាត​ បង្គន់​អនា​ម័យ​សមរម្យ​ និង​កន្លែង​លាងដៃ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ភាព​ជោគ​ជ័យ​នៃ​អាជី​វកម្ម បង្កើន​ផលិត​ភាព ហើយ​ជា​រឿយៗ​ជំរុ​ញឱ្យ​មាន​ផល​ចំណេញ​លើ​ការ​វិនិ​យោគ​។​

​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោ​យ​​នេះបានធ្វើ​ឡើង​នៅ​កន្លែង​ធ្វើ​ការនិង​សហ​គមន៍​ចំនួន ​១០ ក្នុង​ប្រទេស​ចំនួន ​៤ លើ​វិស័យ​ចំនួន​ ៤ ដូចជា ​រោង​ចក្រ​កាត់ដេរ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស រោងចក្រ​កែច្នៃ​ស្បែក​សត្វ​នៅ​ប្រទេស​ឥណ្ឌា​ រោងចក្រ​ផលិត​តែ​នៅ​ប្រទេស​កេ​ន​យ៉ា និង​ឥណ្ឌា និង​ជាមួយ​កសិករ​ខ្នាតតូច​នៅ​ប្រទេស​តង់​ហ្សា​នី​។​

​លោក​ស្រី ទឺ ស្រី​នាង អ្នក​សម្រប​សម្រួល​ការ​ផ្លាស់ប្តូរ​ឥរិយា​បថ​នៃ​អង្គ​ការ WaterAid បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៥ តុលា​ថា ​បច្ចុប្បន្ន​អង្គការ​ WaterAid កំពុង​ធ្វើ​ការ​ជាមួយ​រោង​ចក្រ​ចំនួន​៩នៅ​កម្ពុជា ​ដើម្បី​ជំរុញ​ការងារ​ទឹកស្អាត ​អនា​ម័យ នៅតាម​រោង​ចក្រ និង​សហ​គមន៍​ដែល​កម្មករ​​កំពុង​រស់​នៅ​។

​លោក​ស្រីបាន​ឱ្យ​ដឹង​បន្ត​ថា តាម​រយៈ​ការងារ​កន្លង​មក គឺ​ស​ង្កេត​ឃើញ​ថា មាន​លទ្ធផល​ល្អ ដូច​ដែល​ការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​ប្រទេស​ទាំង ​៤ បាន​រក​ឃើញ​ដែរ គ្រាន់​តែ​ការ​ស្រាវ​ជ្រាវ​នេះ មិន​បាន​ធ្វើ​នៅ​កម្ពុជា​។

​អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖ «​អ៊ីចឹ​ង​ដំណឹង​នេះ គឺ​ចង់​ឱ្យ​រោងចក្រ​សហ​គ្រាស​នានា​យក​ចិត្ត​ទុកដាក់​បញ្ហា​ទឹក​ស្អាត​ អនា​ម័យ​សម្រាប់​បុគ្គលិក​ពួក​គាត់ ដើម្បី​ចំណេញ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​គាត់​។ អង្គ​ការ​ WaterAid កំពុង​ធ្វើការ​ដើម្បី​ធានា​ថា មនុស្ស​គ្រប់​គ្នា​នៅ​គ្រប់​ទីកន្លែង មាន​ទឹក​ស្អាត និង​បង្គន់​អនា​ម័យ​ប្រើ​ប្រាស់ និង​អនា​ម័យ​ល្អ​»​។

​បើ​តាម​លោក​ស្រី ទឺ ស្រី​នាង ​អង្គការ WaterAid បាន​ធ្វើ​ការ​ជា​មួយ​រោង​ចក្រ​ទាំង​ ៩ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​ ៣ ចាប់​ពី​តាំង​ពី​ឆ្នាំ ​២០២០ មាន​ដូច​ជា​ ខេត្ត​កណ្តាល ​មាន​ស្រុក​កណ្តាល​ស្ទឹង អង្គ​ស្នួល ខ្សាច់​កណ្តាល ស្អាង និង​ខេត្ត​កំពង់​ស្ពឺ​មាន​ស្រុក​ថ្ពង និង​សំរោង​ទង ព្រម​ទាំង​ខេត្ត​កំពង់​ឆ្នាំង មាន​ស្រុក​កំពង់​ត្រឡាច ​និង​សាមគ្គី​មាន​ជ័យ។ អនុ​វត្ត​កម្ម​វិធី​ទឹក​ស្អាត និង​អនា​ម័យ ទាំង​ក្នុង​រោង​ចក្រ និង​សហ​គមន៍​ដែល​កម្មក​ររស់​នៅការ​មាន​ទឹក​ស្អាត និង​បង្គន់​អនា​ម័យ​នៅ​ផ្ទះ ​នៅក្នុង​សហ​គមន៍ ​និង​នៅ​កន្លែង​ធ្វើកា​រ គឺជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​សុខ​ភាព និង​សុខុមាល​ភាព​។

តាមរយៈ​កា​រវិនិយោគ​លើ​សេវា​ទឹក​ស្អាត ​និង​បង្គន់​អនាម័យ​របស់​ក្រុម​ហ៊ុន និង​អាជី​វកម្ម​នានា​អាច​បង្កើន​អត្ថ​ប្រយោជន៍​សេដ្ឋ​កិច្ច​សង្គម​ជាច្រើន​សម្រាប់​បុគ្គលិក ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ពោល​គឺ​ការ​បង្កើន​ផលិត​ភាព កាត់​បន្ថយ​ជំងឺ​និង​អវត្ត​មាន ព្រម​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ព្យា​បាល និង​ជំងឺ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ស្រី ទឺ ស្រី​នាង​។

លោក​ស្រីបាន​បន្ថែម​ថា៖​ «សម្រាប់​គម្រោង​ទៅ​មុខ ​WaterAid គ្រោង​បន្ត​កិច្ច​សហប្រ​តិបត្តិ​ការ​ជាមួ​យមន្ទី​រ និងក្រសួង​ដែល​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើយ៉ាង​ណា​ជំរុញ​ឱ្យ​ការ​អនុវត្ត​សេវាទឹក​ស្អាតនិ​ងអនា​ម័យ​នៅក្នុង​រោងច​ក្រ ក៏ដូច​ជាស​ហគមន៍​ដែល​កម្មក​ររស់​នៅ បាន​កាន់​តែប្រ​សើរ​ឡើង​ជាង​មុន ក្នុង​នោះ​ក៏​ផ្តោតទៅ​លើជន​ងាយ​រង​គ្រោះ​ដែរ»។

​ការ​ស្រាវ​ជ្រាវ​ថ្មី​របស់​អង្គការ​ WaterAid បាន​បង្ហាញ​ថា​ ​តាមរយៈ​ការ​វិនិយោគ​លើ​សេវា​ទឹកស្អាត ​និង​បង្គន់​អនាម័យ​របស់​ក្រុម​ហ៊ុន ​និង​អាជីវ​កម្ម​ ក៏អាច​ឱ្យអាជី​វកម្ម​​ពង្រឹង​តម្លៃ​ម៉ាក​ផលិត​ផល​របស់​ពួកគេ​ បង្កើត​ភាព​ធន់​សម្រាប់​បុគ្គលិក​របស់​ខ្លួន និង​កាត់​បន្ថយ​ហានិ​ភ័យ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ផង​ដែរ​។​

​លោក​ ឆា​ត់ សុ​ភាព នាយក​ប្រចាំ​ប្រទេស​អង្គការ ​WaterAid នៅ​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ថា ការ​ងារ​ទឹក​ស្អាត​ និង​អនាម័យ ​មិន​គួរ​ធ្វើឡើ​ង​នៅតែ​កន្លែង​ណា​មួយ​ឬ​ផ្នែក​ណា​មួយ​តែ​ឯង​នោះ​ទេ ​ហើយ​ការ​ដោះ​ស្រា​យ​ការងារ​ទឹក​ស្អាត​ និង​អនា​ម័យ​ជា​ប្រព័ន្ធ​នៅ​គ្រប់​ផ្នែក និង​ជា​មួយ​គ្រប់​ភាគី​​ពាក់​ព័ន្ធ​គឺជា​រឿង​ដែល​គួរ​ធ្វើ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​ហេតុ​នេះ​ហើយ ក្នុង​វិស័យ​រោង​ចក្រ​កាត់​ដេរ WaterAid មិន​ត្រឹមតែ​ជំរុញ​ការងារ​ទឹក​ស្អាត​ និង​អនា​ម័យ​ក្នុង​រោង​ចក្រ​ទេ​ យើង​ក៏​ជំរុញ​នៅ​តាម​សហ​គមន៍​ដែល​កម្មករ​រស់នៅ​ដែរ​ ក្រោម​ការ​ឧបត្ថម្ភ​មូល​និធិ​ពីVF Cor​pora​tion និង VF Foundation»​។​

​លោក​បាន​បន្ត​ថា​៖ «​តាម​រយៈ​គម្រោង​នេះ​យើង​បាន​ឃើញ​ផ្ទាល់​នូវ​ផល​ប្រយោជន៍​ដូច​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​និង​ទំនាក់​ទំនង​រវាង​ការ​ទទួល​បាន​សេវា​ទឹក​ស្អាត ​និង​អនា​ម័យ​នៅ​កន្លែង​ធ្វើការ ​និង​នៅផ្ទះ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​និង​ផល​ចំណេញ​យ៉ាង​ច្រើន​ដល់​ទាំង​បុគ្គ​លិក និង​ម្ចាស់​រោង​ចក្រ​សហ​គ្រាស​នានា​។ WaterAid សូម​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​រោង​ចក្រ​ និង​សហ​គ្រាស​តូចធំ​នានា​ ផ្តល់​អាទិ​ភាព​និង​វិនិ​យោគ​បន្ថែម​លើ​សេវា​ទឹក​ស្អាត​និង​អនាម័យ​ដើម្បី​ផលប្រយោជន៍​អាជីវ​កម្ម និង​សង្គម​»​។​

​អង្គការ​ WaterAi​d គឺជា​អង្គការ​អន្តរ​ជាតិ​ដែល​មិន​ស្វែងរក​ប្រាក់​ចំណេញ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចំនួន​ ២៨​ ដើម្បី​ផ្លាស់​ប្តូរ​ការ​រស់​នៅ​រប​ស់​ប្រជា​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​បំផុត​។ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨១​ អង្គការ​ WaterAid បាន​ជួយ​ដល់​ប្រជាជន​ចំនួន​ ២៨ ​លាន​នាក់ ​ឱ្យ​ទទួល​បាន​សេវា​ទឹក​ស្អាត ​និង ២៩ លាន​នាក់​ មាន​បង្គន់​អនា​ម័យ​ប្រើប្រា​ស់​សមរម្យក្នុង​នោះ​ក៏មាន​កម្ពុជា​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍