The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ក្រុង​កែប​ ដាក់​កំហិត​ឱ្យ​ក្រុម​អាជីវករ​រុះរើ​សំណង់​ដែល​បាន​រំលោភ​លើ​ផ្លូវ​សាធារណៈ​តាម​មាត់​ឆ្នេរ

អាជ្ញាធរ​ក្រុង​កែប​ ដាក់​កំហិត​ឱ្យ​ក្រុម​អាជីវករ​រុះរើ​សំណង់​ដែល​បាន​រំលោភ​លើ​ផ្លូវ​សាធារណៈ​តាម​មាត់​ឆ្នេរ

Content image - Phnom Penh Post
អាជ្ញាធរខេត្តកែបចុះពិនិត្យកន្លែងលក់ដូរដែលរំលោភលើផ្លូវសាធារណៈ តាមមាត់ឆ្នេរ។ រូបថត រដ្ឋបាលខេត្តកែប

អាជ្ញាធរ​ក្រុង​កែប​ ដាក់​កំហិត​ឱ្យ​ក្រុម​អាជីវករ​រុះរើ​សំណង់​ដែល​បាន​រំលោភ​លើ​ផ្លូវ​សាធារណៈ​តាម​មាត់​ឆ្នេរ

​កែបៈ ​អាជ្ញាធរ​ក្រុងកែប​បាន​ចុះ​វាស់វែង​បាញ់ថ្នាំ​ក្រហម និង​ចង្អុល​ប្រាប់​ប្រជាពលរដ្ឋ ដែល​បាន​សាងសង់​រំលោភ​លើផ្លូវ​សាធារណៈ​នៅតាម​បណ្តោយ​ឆ្នេរ​លេង​ទឹក​កែប និង​ដាក់​កំហិត​ឱ្យ​ក្រុមអាជីវករ​រុះរើ​ចេញ​ឱ្យបាន​មុន​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២២ ខាងមុខនេះ បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​ឡើយ​។ នេះ​បើតាម លោក ខេង យ័ន អភិបាល​ក្រុងកែប​។

លោក​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ តុលាថា​៖ «​យើង​បាន​ចុះទៅ​ប្រាប់​នៅ​តំបន់ឆ្នេរ​លេង​ទឹក​នេះ យើង​ប្រាប់​តាម​អាជីវករ​ដែល​គាត់​បាន​រំលោភ​លើផ្លូវ​សាធារណៈ​កន្លែង​ខ្លះ​ចិញ្ចើមផ្លូវ​ចូល​ ២-៣​ ម៉ែត្រ​អ៊ីចឹងទៅ កន្លែង​ខ្លះ​ផ្លូវ​ដើរ​គាត់​គ្រប​យក​ជា​កន្លែង​ដាក់​កន្ទេល​ឲ្យ​ភ្ញៀវ​អង្គុយ​ញ៉ាំ​អី​ជួល​អ៊ីចឹងទៅ​»​។

លោកអភិបាល​ក្រុងកែបបានឱ្យដឹង​ទៀតថា នៅ​ថ្ងៃទី​ ៥ ខែ តុលា​នេះ លោក​នឹង​រៀប​លិខិត​ជូនដំណឹង​ថ្មី​មួយទៀត​ ដើម្បីឱ្យ​ក្រុមការងារ​យកទៅ​បិទ​ផ្សាយ​ចែកជូន​ឱ្យ​គាត់​ដល់ទី​តាំងតែ​ម្តង​។

លោក​គូសបញ្ជាក់ថា ក្នុងពេល​កន្លងមក​តំបន់​ឆ្នេរកែប​ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​កាន់កាប់​ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ ប៉ុន្តែ​ដើម្បី​កែ​ទម្លាប់​របស់​ពួកគាត់​អាជ្ញាធរ​ត្រូវតែ​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ ហើយ​ការរៀប​ចំនេះ​មិនមែន​តែ​នៅតាម​ឆ្នេរ​នេះ​ទេ នៅ​ទីតាំង​ដទៃទៀត ក៏ត្រូវ​រៀបចំ​ដូចគ្នា​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនមែន​ធ្វើ​តែ​តំបន់ឆ្នេរ​ហ្នឹង​ទេ​គឺ​យើង​ធ្វើ​ទាំង​នៅតាម​ផ្សារ​ដូចជា​ផ្សារ​នាង​អើ ផ្សារ​កែប តំបន់​ផ្សារ​ក្តាម អី​ក៏​យើង​ធ្វើ​ដែរ អ៊ីចឹង​ដែល​យើង​ត្រូវធ្វើ​នោះ​គឺ​យើង​មាន​ផែនការ​ជំហានៗ​»​។

លោក ខេង យ័ន ប្រាប់ថា ការចុះទៅ​វាស់វែង​បាញ់ថ្នាំ​ក្រហម​និង​ចង្អុល​ប្រាប់​ពលរដ្ឋ​នៅតាម​ឆ្នេរ​លេង​ទឹក​នេះ គឺមាន​កន្លែង​អាជីវករ​ជាង ១០​ កន្លែង​។ លោក​ថា បើ​អាជ្ញាធរ​នៅតែ​បណ្តោយ​មិន​ធ្វើការ​គ្រប់គ្រង​ទេ អាជីវករ​ដែល​ធ្លាប់តែ​រំលោភ​បាន​នឹង​បន្ត​ពង្រីក​ការរំលោភ​បន្ថែមទៀត​មិន​ខាន ហេតុនេះ​គោលបំណង​សំខាន់បំផុត​របស់​អាជ្ញា​ធរ​ក្រុង ​គឺ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទូទាំង​ក្រុង​នេះ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​ ទោះបី​មិនមាន​ការប្រកួតប្រជែង​ទីក្រុង​ស្អាត ឬ​យ៉ាងណា​នោះ ក៏​អាជ្ញាធរ​ត្រូវតែ​ធ្វើការ​រៀបចំ​ដែរ​។

លោក​បញ្ជាក់ទៀតថា​៖ «​ការរៀប​ចំនេះ​មិនមែន​ជាការ​វាយ​បំបែក​ឆ្នាំងបាយ​អាជីវករ​អី​ទេ ការពិត​យើង​មិនបាន​ធ្វើ​អ៊ីចឹង​ទេ គឺ​យើង​ធ្វើ​នេះ​ដើម្បី​ប្រយោជន៍​សាធារណៈ កន្លែង​ណា​ដែលជា​ផ្លូវ​ដើរ​គឺ​ទុក​ឱ្យមាន​ផ្លូវ​ដើរ តូប​របស់គាត់​មាន​ប៉ុន្មាន​សូមឱ្យ​គាត់​យោគយល់ គាត់​ប្រើប្រាស់​តូប​របស់គាត់​ប៉ុណ្ណឹង​ទៅ កុំឱ្យ​មានការ​ត​បន្ថែម​តាមតែ​ចិត្ត មិនមាន​ការអនុញ្ញាត ហាក់ដូចជា​មិនមាន​ការគ្រប់គ្រង​»​។

ដោយ​យ​ឡែក​រដ្ឋបាល​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង នៅ​ថ្ងៃទី ៥ ខែតុលា​នេះ ក៏បាន​ជូនដំណឹង ដល់​ម្ចាស់​អាជីវករ​ដែល​បាន​សាងសង់​តូប​លក់ដូរ​នៅ​តំបន់​ទេសចរណ៍ ចេតិយ​ឃុន​ឆាង ឃុន​ផែន ស្ថិតនៅ​ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា រួសរាន់​រុះរើ​តូប​ចេញ​ឱ្យបាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី ​១៥ ខែតុលា ផងដែរ​។

លោក ថូ​វ ប៊ុន​កេ មេឃុំ​ប៉ាក់​ខ្លង បានឱ្យដឹង​នៅ​ថ្ងៃទី ​៥ ខែតុលា​ថា ការជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​រុះរើ​ចេញពី​តំបន់​ទេសចរណ៍ ចេតិយ​ឃុន​ឆាង ឃុន​ផែន​នេះ ដើម្បី​រៀបចំ​សោភណភាព​នៅ​តំបន់​ទេសចរណ៍​នេះ និង​ដើម្បី​រៀបចំ​ទីតាំង​នេះ ឱ្យមាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ល្អ និង​ជាការ​លើកកម្ពស់​មុខមាត់​តំបន់​ទេសចរណ៍​របស់ រដ្ឋបាល​ឃុំ​ប៉ាក់​ខ្លង​។

លោក​បញ្ជាក់ថា​៖ «​យើង​ធ្វើ​ការរៀបចំ​ទីតាំង​តំបន់​នេះ​សាជាថ្មី ដើម្បី​ឱ្យមាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំង​សោ​ភណ​ល្អ​ឡើងវិញ​។​ដូចនេះ​សូម​បងប្អូន​អាជីវករ​ទាំងអស់​រួសរាន់​រុះរើ​តូប នៅលើ​ទីតាំង​ខាងលើ ចេញ​ជាបន្ទាន់ ដោយ​ទុក​រយៈពេល​ឱ្យចំ​នួន ១០​ ថ្ងៃ ដោយ​គិត ចាប់ពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២២ រហូតដល់ ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២២ ជា​កំហិត​»​។

លោក​មេឃុំ​បានឱ្យដឹង​ទៀតថា ករណី​អាជីវករ​មិន​អនុវត្តតាម​ការណែនាំ រដ្ឋបាល​ឃុំ​ប៉ាក់​ខ្លង នឹង​ចាត់វិធានការ​តាមច្បាប់ នឹងមិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ទ្រព្យសម្បត្តិ ឬ​ការបាត់បង់​ផលប្រយោជន៍​នោះឡើយ​។​ក្នុងការ​ជូនដំណឹង​ពី​ការរៀបចំ​តំបន់​ទេសចរណ៍​នេះ​លោក ថូ​វ ប៊ុន​កេ បានបង្ហាញ​ក្តីសង្ឃឹម​និង​ជឿជាក់​លើ​ស្មារតី​ចូលរួម​សហការ​អនុវត្ត​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ រួម​នឹង​ម្ចាស់​តូប​ទាំងអស់​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍