ភ្នំពេញៈ កម្ពុជា និង​គុយបា ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ ២ ​គឺ​កម្មវិធី​សហប្រតិបត្តិការ ​និង​ផ្លាស់ប្ដូរ​វប្បធម៌ ​និង​កិច្ចព្រមព្រៀង​នៃ​កិច្ចសហ​ប្រតិបតិ្តការ​ក្នុង​វិស័យ​អប់រំ​កាយ ​វប្បធម៌ ​និង​កីឡា ​ដើម្បី​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត ​រវាង​ប្រទេស​ទាំង ​២ ​ហើយ​កម្ពុជា ​ក៏បាន​ស្នើ​គុយបា ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយគ្នា ​លើ​វិស័យ​សុខាភិបាល ​និង​វិស័យ​ដទៃ​ទៀត​។​

កាលពី​ថ្ងៃទី ៤​ ខែតុលា ​បន្ទាប់ពី​មាន​ជំនួប​ទ្វេភាគី​រួច​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​លោក​ម៉ានូអែល​ ម៉ារ៉េរ៉ូ​ គ្រុស​ (Manuel Marrero Cruz) ​នាយក​រដ្ឋមន្ត្រី​គុយបា ​បានធ្វើ​ជា​សហអធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ទាំង ​២ ​នេះ​។​

ឯកសារ​ទាំង ២​ នេះ ​រួមមាន ​កម្មវិធី​សហប្រតិបត្តិការ ​និង​ផ្លាស់ប្ដូរ​វប្បធម៌ ​រវាង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​កម្ពុជា ​និង​ក្រសួង​វប្បធម៌​គុយបា ​សម្រាប់​ឆ្នាំ​ ២០២២ ​ដល់​ ២០២៧ ​និង​កិច្ចព្រមព្រៀង​ នៃ​កិច្ចសហ​ប្រតិបតិ្តការ​ក្នុង​វិស័យ​អប់រំ​កាយ​ វប្បធម៌ ​និង​កីឡា​ រវាង​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​កម្ពុជា ​និង​វិទ្យាស្ថាន​ជាតិ ​កីឡា ​អប់រំ ​កាយ ​និង​កម្សាន្ដ​គុយបា​។​

លោក ​អ៊ាង សុផល្លែត​ ជំនួយការ​លោក ​ហ៊ុន សែន ​ប្រាប់​អ្នកសារព័ត៌មាន ​ក្រោយ​ពិធី​ចុះហត្ថលេខា​នេះ​ថា ​ក្នុង​ជំនួប​ទ្វេភាគី​ លោក​ម៉ានូអែល ​បាន​សម្តែង​ឆន្ទៈ​ក្នុង​ការពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​ រវាង​ប្រទេស​ទាំង ​២ ​ឱ្យ​កាន់តែខ្លាំង​ឡើង​ ដោយ​ឈរលើ​មូលដ្ឋាន ​នៃ​ទំនាក់ទំនង ​ដែលមាន​ស្រាប់ ​និង​ជំរុញ​ការអនុវត្ត​ នូវ​រាល់​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​ទាំង​ឡាយ​ណា ​ដែល​បាន​ចុះហត្ថលេខា​ហើយ​ ក្នុងនោះ ​មាន​ទាំង​វិស័យ​អប់រំ​ វិស័យ​សុខាភិបាល​ វិស័យ​វប្បធម៌ ​និង​វិស័យ​ដទៃទៀត​។​

លោក​ ហ៊ុន សែន​ បាន​ឯកភាព​ចំពោះ​អ្វីដែល​បានលើកឡើង ​ដោយ​លោក​ម៉ានូអែល ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង ​និង​ភាពជោគជ័យ ​ដែល​ប្រទេស​គុយបា ​បានទទួល ​នោះ​គឺ​ការស្រាវជ្រាវ​លើ​វិស័យ​សុខាភិបាល ​ការផលិត​បាន​នូវ​វ៉ាក់សាំង​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩​។

លោក ​អ៊ាង សុផល្លែត ​ថ្លែងថា​៖«ក្នុង​ន័យនេះ ​សម្ដេច​តេជោ ​បានស្នើ​សុំឱ្យ​គុយបាពិនិត្យ​ពិចារណា ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ​ជាពិសេសលើ​វិស័យ​សុខាភិបាល​នេះ ​និង​វិស័យ​ដទៃទៀត​ដែលជា​រួមមាន​ វិស័យ​កីឡា​ វិស័យ​វិនិយោគ ​និង​វិស័យ​ព័ត៌មាន​ជាដើម»។​

លោក ​ហ៊ុន សែន ​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល ​និង​ប្រជាជន​គុយបា ​ដែល​បាន​ជួយ​ដល់​កម្ពុជា ​នៅពេល​ដែល​កម្ពុជា​បានទទួល​នូវ​ផល​វិបាក​ជាខ្លាំង​បំផុត​ គឺ​ក្រោយពី​ប្រទេស​នេះ​​ ត្រូវបាន​រំដោះ​ចេញពី​របប​ខ្មែរ​ក្រហម​ ដែល​គុយបា ​បាន​ផ្ដល់​នូវ​ការឧបត្ថម្ភ​លើ​វិស័យ​សុខាភិបាល ​និង​វិស័យ​ដទៃទៀត​ដល់​កម្ពុជា​។​

ហ្វេស​ប៊ុក​លោក​ ហ៊ុន សែន ​បញ្ជាក់ ​នា​ថ្ងៃទី ​៤​ តុលា ​ថា ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ ម៉ានូអែល ​នឹង​បាន​បង្កើន​នូវ​ទំនាក់​ទំនង​ កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ​រួមមាន ​វិស័យ​ពាណិជ្ជកម្ម ​និង​ការវិនិយោគ ​សេដ្ឋកិច្ច​សង្គម​ អប់រំ​ សុខាភិបាល​ និង​វប្បធម៌ ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត​នៅពេល​ខាង​មុខ។​

ដោយឡែក ​ក្នុង​ជំនួប​ជាមួយ​លោក ​ម៉ានូអែល​ នា​ថ្ងៃទី​ ៥​ ខែតុលា​ លោក​សាយ ​ឈុំ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បានប្រកាស​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​បន្ត​អនុវត្ត​យន្តការ​ដែលមាន​ស្រាប់ ​តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ​និង​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។

សេចក្តីប្រកាស​ព័ត៌មាន​ព្រឹទ្ធសភាបញ្ជាក់ថា​៖ «សម្តេច​ [លោក​ សាយ ឈុំ] ​យល់ថា​ ប្រទេស​ទាំង ​២ ​គួរ​គប្បី​ខិតខំ​ទាញយក​ផលប្រយោជន៍​ពី​សក្តានុពល​នៃ​យន្តការ​ និង​កិច្ចព្រមព្រៀង​ខាងលើ​ឱ្យបាន​ច្រើន​ជា​អតិបរមា ​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន ​និង​ប្រទេស​ទាំង ​២»។​

លោក​ សាយ ឈុំ​ លើកឡើងថា ​ទំនាក់ទំនង ​និង​កិច្ចសហ​ប្រតិបត្តិការ ​រវាង​ស្ថាប័ន​នីតិប្បញ្ញតិ្ត​នៃ​ប្រទេស​ទាំង​ ២ ​បាន​ដំណើរ​ការល្អ​ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច ​និង​ជំនួប​រវាង​ថ្នាក់ដឹកនាំ ​និង​សមាជិក​សភា​នៃ​សភា​ប្រទេស​ទាំង​២ ​និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ក្របខ័ណ្ឌ​អន្តរសភា ​រួមមាន ​សន្និសីទ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក ​(ICAP) ​និង​សហភាព​អន្តរសភា​ (IPU)​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​លោក ​ម៉ានូអែល ​សន្យាថា ​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ​ដើម្បី​ពង្រឹងពង្រីក​នូវ​ទំនាក់​ទំនង​ និង​កិច្ចសហ​ប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ ខណៈ​លោក ​សាយ ឈុំ​ មាន​បំណង​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ រវាង​ព្រឹទ្ធសភា​កម្ពុជា​ជាមួយ​រដ្ឋសភា​អំណាច​ប្រជាជន​គុយបា​។​

លោក​ ម៉ានូអែល ​សរសេរ​លើ ​Twitter​ នា​ថ្ងៃទី ​៥​ ខែតុលា​ថា ​ក្នុង​កិច្ចសន្ទនា​ផ្លូវការ​នេះ​ លោក​ និង​លោក​ ហ៊ុន សែន ​បាន​ «ផ្តល់​សច្ចាប័ន»​ លើ​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ ២​ ដោយ​ធ្វើការ​ពង្រឹង​ទំនាក់ទំនង​នៃ​កិច្ចសហ​ប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​ រវាង​ប្រទេស​ទាំង​ ២។​

​លោក​ ម៉ានូអែល​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកដល់​ប្រទេស​កម្ពុជា ​កាលពី​ថ្ងៃទី​ ៤ ​ខែតុលា ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ ​រហូតដល់​ថ្ងៃទី ​៦​ ខែតុលា ​ដើម្បី​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង ​និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ​រវាង​ប្រទេស​ទាំង ​២។​

លោក​ ហេង ​គីមគង់​ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជាប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ វា​ជា​រឿង​ប្រសើរ​ណាស់​ដែល​ប្រទេស​ទាំង​២​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។

លោក​ថ្លែងថា​៖ «ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​ភាពមិនប្រាកដ​ប្រជា ​វា​គឺជា​រឿង​សំខាន់ ​ដែល​រដ្ឋ​តូច​ ដូចជា​កម្ពុជា​គួរតែ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​គ្រប់​ភាគី ​ដើម្បី​បង្កើន​ផលប្រយោជន៍​ជាតិ»៕