ភ្នំពេញៈ​ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) នឹង​រៀប​ចំ​កម្មវិធី «​សមាធិ​រំឭក​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ​» នៅ​ថ្ងៃទី​ ១៥ ខែតុលា​ ​នៅ​សួន​ច្បារ​ខាង​មុខ​ព្រះបរម​រាជវាំង ដើម្បី​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​រំឭក​គម្រប់​ខួប ១០ ​ព្រះ​វស្សា ​នៃ​ការ​យាង​សោយ​ទិវង្គត​ និងគំរូ​វីរភាព ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​។​នេះ​បើ​តាម​ក្រុម​ការងារ​ផ្សព្វ​ផ្សាយ​នៃ ​(សស​យក​)។

​លោក ទិ​ត ច័ន្ទ​តារា ក្រុម​ការងារ​ផ្សព្វ​ផ្សាយ ​(សស​យក) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ៥​ ខែតុលាថា ​តាម​ការរំពឹង​ទុក​ចំនួន​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​អាច​មាន​ចំនួន​ប្រមាណ ២ ៥៦៦​ អង្គ​/នាក់ ដែល​រួម​មាន​ទាំង​ព្រះ​សង្ឃ ​និង​មហា​ជន​ចូលរួម​ផង​ដែរ​។​

លោក​ប្រាប់​ថា ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្តើម​​ផ្សព្វ​ផ្សាយ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ជា​ប្រមាណ​ ១០​ ភាគរយ​ នៃ​ចំនួន​ដែល ​(សស​យក​) បាន​រំពឹង​ទុក​នោះ​។ លោក​ថា ​ការចូល​រួម​កម្មវិធី​នេះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​អាច​ចូល​រួមបាន​ដោយ​មិន​កំណត់​វ័យ​ក្មេង​ចាស់​យ៉ាង​ណា​នោះ​ទេ ​សំខាន់​បាន​ចុះ​ឈ្មោះ​ចូល​រួម ព្រោះ​ការ​ចុះ​ឈ្មោះ​នេះ​ហើយ​ដែល​អំណោយ​ផល​ដល់​ក្រុម​ការងារ ​(សស​យក) ​ងាយ​ស្រួល​រៀបចំ​។

​លោក​ថ្លែង​ថា​៖ «​យើង​ធ្វើ​នេះ​ទី​១​ គឺ​ដើម្បី​សេចក្តីសុខ​ផ្លូវចិត្ត​របស់​យើង​ដែរ​តាម​ការ​សមាធិ ហើយ​មួយ​ទៀត​ក៏​ជាការ​ចូលរួម​នឹក​រឭក​ទៅ​ដល់​អង្គ​ព្រះមហា​ក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​របស់​យើង​ផង​ដែរ​ អ៊ីចឹងក៏​សូម​អំពាវ​នា​វឱ្យមាន​ការ​ចូលរួម​តាម​រយៈ​ការចុះ​ឈ្មោះ​អន​ឡាញ​ផង ដោយ​ផ្ទាល់​ផង សង្ឃឹម​ថា ​អាច​ជួយ​សម្រួល​ដល់​ការ​ចូល​រួមរបស់​បង​ប្អូន​»​។

​សេចក្តី​ជូន​ដំណឹង​រប​ស់ (សស​យក) ចុះ​ថ្ងៃទី ៣ ខែ​តុលាបាន​ឱ្យដឹង​ថា កម្មវិធី «​សមាធិ​រំឭក​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ​» ត្រូវ​បាន​រៀប​ចំឡើងក្នុង​គោល​បំណង​៖ (១) ចូលរួម​រំឭក​គម្រប់​ខួប ១០​ ព្រះ​វស្សានៃ​ការ​យាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា ព្រះ​មហា​វីរក្សត្រ ព្រះ​បរម ​រតន​កោដ្ឋ (២) បង្ហាញ​ពី​ទឹក​ចិត្ត និង​ស្មារតី​នៃ​ការ​ចង​ចាំ​ចំពោះ​ព្រះរាជ​បណ្តាំ​ដ៏​ថ្លៃថ្លា និង​ពោរ​ពេញ​ដោយអត្ថ​ន័យ​ទូន្មាន​ដែល​បាន​ឆ្លាក់​លើ​ផ្ទាំង​សិលា ដែល​ជា​ព្រះរាជ​ឱង្កា​ របស់ព្រះ​ករុណា ព្រះមហា​វីរក្សត្រ ព្រះ​បរម រតន​កោដ្ឋ ដែល​បាន​ឆ្លាក់​លើ​ផ្ទាំង​សិលា​នៅ​សួន​ច្បារ ព្រះ​រាជ​បណ្តាំ​។

​និង (៣) រំឭក​ពី​គំរូ​វីរភាព និង​ការសម្តែង​នូវ​មនោសញ្ចេតនា​កត​ញ្ញកត​វេទី​ប្រកប​ដោយ​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​ថ្វាយ​ព្រះមហា​ករុណាទិ​គុណ​ដ៏ប្រសើរ​ថ្លៃថ្លា ប្រកប​ដោយ​សេចក្តី​នឹក​រឭក​សោក​ស្តាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបានជាមួយ​នឹង​សេចក្តី​អំណរ​ព្រះរាជគុណ​ជា​អនេក​អនគ្ឃ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​។​

​កម្មវិធី​សមាធិរំឭក​ជួង​ព្រះ​វិញ្ញាណ​ក្ខន្ធ ជា​កម្មវិធី​ដែល​មាន​ព្រះសង្ឃ ​និង​ពុទ្ធ​បរិស័ទ​និមន្ត និងអញ្ជើញ​ចូលរួម​ពី​គ្រប់​ទិសទី​ ដើម្បី​ថ្វាយ​គ្រឿង​សក្ការៈ​ និង​ធ្វើ​សមាធិ​សូត្រ​សត្ត​ប្ប​ករុណា​ភិធ​ម្ម​បង្សុកូល​ឧទ្ទិស ​មហា​ព្រះ​រាជ​កុសល​ថ្វាយ​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ​សូម​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះអង្គ​បាន​យាង​គង់ ប្រថាប់​សោយ​សុខ​ក្នុង​ព្រះ​បរម​សុគតិ​ភព​នា​ឋាន​ព្រះ​បរមសុខ​ដ៏​ខ្ពង់​ខ្ពស់​។​

​ប្រភព​ដដែល​បាន​ឱ្យដឹង​ថា ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ សមា​ជិក សមាជិ​កា (ស​ស​យ​ក)​ សាធា​រណជន យុវ​ជន យុវនារី សិស្សានុ​សិស្ស ​និស្សិត និង​អ្នក​សារព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ (​ដោយ​មាន​ការចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ទុកជា​មុន​) នឹង​មក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​។

​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បាន​ឱ្យដឹង​ទៀត​ថា មាន​វិធី​មួយ​ចំនួន​ដែល​អ្នក​​ចង់​ចូលរួម​ក្នុង​កម្មវិធី​នេះ អាច​ចុះឈ្មោះ បាន​។​កម្មវិធី​នោះ​មាន​ដូច​ជា ការចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញតាម​រយៈ​គេហទំព័រ www.uyfcsamati.

com ការចុះឈ្មោះ ដោយ​ផ្ទាល់​នៅ​ទីតាំង​ក្នុង​អគារ T​he KAMPUS ជាន់​ផ្ទាល់​ដី (​ជាន់​ G) រៀង​រាល់​ម៉ោង​ធ្វើការ ​ដែលមា​នអាសយ​ដ្ឋានលើ​ផ្លូវព្រះមុនី​វង្ស រាជ​ធានី​ភ្នំពេញ ​(​ត្រង់​ផ្លូវ​បំបែក​ក្បាល​ថ្នល់​) និងចុះឈ្មោះ ឬ​ស្វែង​រក​ព័ត៌មាន​បន្ថែម​ដោយ​ទាក់​ទង​ទៅ​កាន់ទូរ​ស័ព្ទ​លេខ ​០៦១ ​៥១៤​ ៤៤៤ ​ឬ​ ០៩២​១០៥​៤៥២​៕