កណ្តាលៈតុលា​ការ​ខេត្ត​កណ្ដាល កាលពីថ្ងៃ​ទី ០៤​ ខែតុលា​ បាន​សម្រេច​ឃុំ​ខ្លួន​បុរសម្នាក់​ជាបណ្ដោះ​អាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​នេះ ក្រោម​បទ​ចោទ​ «លួច​លក់​អចលន​ទ្រព្យ​របស់​អ្នក​ដទៃ» ដែល​មិន​មែន​ជា​របស់​ខ្លួន​។​ បុរស​ម្នាក់​នេះ​ឈ្មោះ ធែល ធីលែន អាយុ​ ៣២ ​ឆ្នាំ ជាសកម្មជន​ដែល​ដើរ​ដាក់​ញត្តិ​ប្រឆាំង​ការ​ផ្ដល់​បណ្ណ​ស្នាក់​នៅអ​ចិន្ត្រៃយ៍ ដល់​ជន​ជាតិ​វៀត​ណាម​ និង​ការ​បង្កើត​ដេប៉ាម៉ង់​ភាសា​រៀត​ណាម​កាល​ពីពេល​កន្លង​ទៅ។

​ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកណ្ដាល លោក សូ សារិន បាន​ប្រាប់​ថា ​ចៅ​ក្រម​ស៊ើប​សួរ​បាន​សម្រេច​ចេញ​ដី​កាបង្គាប់​ឱ្យ​ឃុំ​ខ្លួន លោក ធែល ធីលែន ពី​បទ​លួច​លក់​​អចលន​ទ្រព្យ​របស់​អ្នក​ដ​ទៃ ដែល​មិន​មែន​ជា​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ​៤ ខែ​តុលា ឆ្នាំ​ ២០២២​។

លោក សូ សា​រិន​ បាន​បញ្ជាក់​ថា​៖ «​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​របស់​លោក ធែល ធី​លែន គឺ​សំណុំ​រឿង​លេខ​១ ៧៩៦ ចុះ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២០​។ ​វា​ជា​នី​តិ​វិធី​របស់​តុលាការ ដែល​ចៅ​ក្រម​ស៊ើប​សួរ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​កោះ​ហៅ នាំ​ខ្លួន និង​ចាប់​ខ្លួន​»​។

សមាជិកនៃក្រុមយុវជន លោក អន រតនា ដែល​ដាក់​ញាត្តិ​ប្រឆាំង​ការ​ផ្ដល់​បណ្ណ​ស្នាក់​នៅ​អចិ​ន្ត្រៃយ៍ និង​ការ​បង្កើត​ដេប៉ាតេម៉ង់​ភាសា​រៀត​ណាម បាន​ប្រាប់​ថា ដីកា​ឃាត់​ខ្លួន​លោក​ ធែល ធី​លែន ពី​បទ​លួច​លក់​អចលន​ទ្រព្យ​អ្នក​ដទៃ មាន​តាំង​ពី​ឆ្នាំ​ ២០១៦ ប៉ុន្តែ មក​ដល់​ពេល​នេះ ទើប​តែ​អាជ្ញាធរ​មាន​ការ​អនុវត្ត​ច្បាប់​នៃ​ការ​ចាប់​ខ្លួន​លោក​ធី​លែន​។ ​ដី​កា​នៃ​ការ​ចាប់​ខ្លួន​នេះ គឺ​មិន​មាន​ការ​ជូន​ដំណឹងឱ្យ​ស្រប​ទៅ​តាម​នីតិ​វីធី​របស់​ច្បាប់​ឡើយ​។

លោក អន រតនា​​ បញ្ជាក់​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា វា​កំពុង​ស៊ី​ចង្វាក់​គ្នា​ជា​មួយ​កម្ម​វីធី​តវ៉ា​ដោយ​អ​ហិង្សា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ហ្នឹង ហើយ​នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​ ពី​ការ​បំបាក់​ស្មារតី​របស់​ក្រុម​យុវជន​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​ក្រុម​យុវជន​យើង​ខ្ញុំ ដែល​បាន​បង្កើត​ឡើង​ធ្វើ​ការ​តវ៉ា​នៅ​ទី​លាន​ប្រជា​ធិតេយ្យ​ឱ្យ​ស្រប​តាម​នីតិ​វិធី​របស់​ច្បាប់​»​។

លោកបន្ថែមថា ក្រុម​យុវ​ជន នឹង​រង​សម្ពាធ​ពី​អាជ្ញា​ធរ ទោះ​បី​ជា​មាន​ការ​វែក​ញែក និង​លើក​ហេតុ​ផល​ថា​ រឿង​នេះ​ពាក់​ព័ន្ធ​តែ​បញ្ហា​ដី​ធ្លី មិន​មែន​ជា​រឿង​តវ៉ា​ក៏​ដោយ ក៏​ទង្វើ​នេះ​ជាការ​បំបាក់​ស្មារតី​ដល់​ក្រុម​យុវជន​ផង​ដែរ​។

លោក​បន្ត​ថា៖ «​យើង​បង្កើត​កម្ម​វិធី​តវ៉ា​ដើម្បី​ផល​ប្រយោជន៍​ក្នុង​សង្គម​ហ្នឹង គឺ​ក្រុម​យើង​មើល​ឃើញ​រួច​អស់​ហើយ លទ្ធ​ផល​ដែល​ចេញ​មក គឺ​មាន​តែ​ ៣​ ទេ បើ​មិន​ចូល​ពេទ្យ ចូល​គុក និង​ស្លាប់​ប៉ុណ្ណឹង​ឯង​»​។

លោក​បន្ដថា រាល់​សកម្មភាព​នៃ​ក្រុម​យុវជន​ធ្វើ គឺ​មិន​មែន​ជា​គោល​ការណ៍​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​ឡើយ វា​គ្រាន់​តែ​ជា​មនសិកា​រជាតិ ហើយ​ក្រុម​យុវ​ជន នឹង​ធ្វើ​សកម្មភាព​នេះ​បន្ត​ទៀត ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​។

លោក អំ សំអាត នាយក​ប្រតិ​បត្តិ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ប្រាប់​ថា សំណុំ​រឿង​លោក ធែល ធីលែន​ នេះ គឺ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៦ ហើយ​ចំណែក​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន គឺ​ពី​ឆ្នាំ​ ២០២១ ដូច្នេះ​ដំណើរ​ការ​នេះ​វា​មាន​លក្ខណៈ​យូរ​ហើយ ដែល​មិន​មាន​ការ​ចាប់​ខ្លួន​លោក ធី​លែន​។

លោក អំ សំអាត ​លើកឡើង​ថា​៖ «​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​គាត់​នេះ យើង​សម្គាល់​ថា គាត់​មាន​ការ​​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ងារ​សង្គម ជា​ពិសេស​ការ​ដាក់​ញត្តិ​ទាម​ទារ​ទាក់​ទង​នឹង​ការ​បើក​មហា​វិទ្យាល័យ​ភាសា​វៀត​ណាម ក៏​ដូច​ជា​ការ​ផ្ដល់​អត្ត​សញ្ញាណ​ជន​បរទេស​នៅ​កម្ពុជា​»​។

លោក​បន្ត​ថា៖ «អ៊ីចឹង​ការ​ចាប់​ខ្លួន​នេះ វា​ហាក់​ដូច​ជា​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ​ក្នុង​ការ​បន្ទច់​​បង្អាក់​ សកម្ម​ភាព​សកម្ម​របស់​ក្រុម​យុវជន​ហ្នឹង ដែល​បាន​ចូល​រួម​ការ​ងារ​សង្គម​ហ្នឹង​»​។

លោក​បន្ថែម​ថា ប្រសិន​បើ​សំណុំ​រឿង​លោក​ ធី​លែន អាច​ស្នើ​សុំ​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​បាន តុលា​គួរ​តែ​ពិចារ​ណា ដោយ​សារ​សំណុំ​រឿង​នេះ គឺ​ទី​១ មាន​លក្ខណៈ​យូរ​ហើយ និង​ទី​២ ការ​កាត់​បន្ថយ​នៃ​ការ​រិះ​គន់ ការ​គំរាម​កំហែង​ទៅ​លើ​សកម្ម​ជន​ដែល​​ធ្វើ​ការ​ងារ​សង្គម​ផង​ដែរ​។

ទោះ​យ៉ាង​ណា លោក​ សូ សារិន ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល​តុលាការខេត្ត​កណ្ដាល បាន​បញ្ជាក់​ថា៖ «មក​ដល់​ពេល​នេះ គឺ​គាត់(ចៅក្រម)​ចេញ​ដី​កា​នាំ​ខ្លួន ហើយ​ក៏​នាំ​ខ្លួន​ជន​សង្ស័យ​បាន អ៊ីចឹង​តុលា​ការ​ក៏​គាត់​ឃុំ​ខ្លួន ពីបទ​ល្មើស​លួច​លក់​អចលន​ទ្រព្យ​របស់​អ្នក​ដទៃ ដោយ​មិន​មែន​ជា​របស់​ខ្លួន​»​។

ទោះ​យ៉ាង​ណា​គេមិន​បាន​ដឹង​ថាតើលោក ​ធែល ធីលែន លួច​លក់​អចលន​ទ្រព្យ​របស់​អ្នក​ណា​នោះ​ទេ។

ចំពោះសំ​ណួរ​ដែល​សួរ​ថា ហេតុ​អ្វី​តុលាការ​មិន​ចាប់​ខ្លួន​លោក ​ធែល ធីលែន តាំង​ពី​ឆ្នាំ​២០២០នោះ តែបែរជាទើប​មក​ចាប់​ខ្លួន​នៅ​ឆ្នាំ​ ២០២២ ​នេះ​ទៅវិញ? លោក​ សូ សារិន បញ្ជាក់ថា សំណុំ​រឿង​នេះ​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​ចៅ​ក្រម​ស៊ើប​សួរ​។

សូម​បញ្ជាក់​ថា លោក ធែល ធីលែន ​រស់​នៅ​ខេត្ត​សៀម​រាប។ លោក​ជា​អ្នក​ដាក់​ញត្តិ​ស្នើឱ្យ​ក្រសួង​មហា​ផ្ទៃ​បញ្ឈប់​ការ​ផ្ដល់​បណ្ណ​​ស្នាក់​នៅ​​អចិន្រ្តៃយ៍​ដល់​ជន​បរ​ទេស និង​ប្រឆាំង​ការ​ដាក់​បញ្ចូល​ដេប៉ាតឺម៉ង់​ភាសា​វៀត​ណាម​។

កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា លោក ធីលែន ​ក៏​បាន​ទៅ​ដាក់​ញតិ្ត​នៅ​​សាលា​ក្រុង​​ភ្នំពេញ ដើម្បី​ស្នើ​សុំ​​ការ​ប្រមូល​ផ្ដុំ​ទ្រង់​ទ្រាយ​ធំ​នៅ​ទី​លាន​ប្រជាធិប​តេយ្យនៅ​ថ្ងៃ​ទី​ ៧ ខែ​តុលា ដើម្បី​ធ្វើបាតុ​មកម្ម​តវ៉ាលើបញ្ហា​នេះ​ ប៉ុន្តែ​ត្រូវ​បាន​​កម្លាំង​អាជ្ញាធរ​ឃាត់​ខ្លួន​លោក​ នៅ​ពេល​ដែល​លោក និង​យុវជន​ផ្សេង​ទៀត​ចេញ​ពីកិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេ​ញ៕