
សមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង កាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅបឹងទន្លេសាប កាលពីខែមីនា។ រូបថត សហការី
ភ្នំពេញៈ នៅពេលនេះ ប្រជានេសាទដែលរស់នៅក្នុងបណ្ដាខេត្តភាគខាងជើងខ្សែស្របទន្លេចតុមុខ រួមទាំង ១ ផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានចាប់ផ្ដើមដំណើរការអាជីកម្មនេសាទត្រីជាធម្មតាឡើងវិញ បន្ទាប់ពីរដូវបិទនេសាទបានបញ្ចប់ទៅកាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅថ្មីៗនេះ។
ទោះយ៉ាងណា ការប្រើឧបករណ៍នេសាទទំនើបៗ ដែលមិនមានចែងនៅក្នុងឧបសម្ព័ន្ធនៃច្បាប់ជលផល រួមទាំងឧបករណ៍ឆក់ និងការនេសាទនៅក្នុងតំបន់ដែនអភិរក្សនានា ត្រូវបានហាមឃាត់ និងចាត់ទុកថាជា«បទល្មើស»។ នេះបើតាម លោក អ៊ឹង ទ្រី អ្នកនាំពាក្យរដ្ឋបាលជលផល។
ទន្ទឹមនឹងនេះ លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានអំពីទីតាំងនៃបទល្មើសនេសាទ ក្រុមគណៈកម្មការត្រួតពិនិត្យ ស្រាវជ្រាវនិងបង្ក្រាបបទល្មើសនេសាទ ដែលមានសមាសភាពមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធនានា បានចុះបង្ក្រាបបទល្មើសបានទាន់ពេលវេលា ធ្វើឱ្យបទល្មើសនេសាទមានការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប។
លោក អ៊ឹង ទ្រី បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២២ នេះ សមត្ថកិច្ចយើងបានបង្ក្រាប និងរឹបអូសវត្ថុតាងបទល្មើសនៅជុំវិញបឹងទន្លេសាប រួមមាន ឧបករណ៍អួនអូសទឹកសាប ៤០ វង់ ម៉ាញ់ ១៤ វង់ ឧបករណ៍ឆក់ ១ ៣០០ គ្រឿង ឈិបយន្ត ២១ គ្រឿង អួនហ៊ុម ១៧ វង់ របាំងស្បៃមុងនិងសាច់អួន ៥៧៥ ២៧២ ម៉ែត្រ លូស្បៃមុងនិងលប ៥ ៧៩៩ មាត់ បង្គោលចម្រឹង ៣១៨ ០៨២ ម៉ែត្រ កាណូត ១១១ គ្រឿង និងម៉ាស៊ីនសម្រាប់អូសស្រាវអួនអូស ៤៨ គ្រឿង»។
លោកបានបន្ថែមថា៖ «ក្រៅពីរឹបអូសវត្ថុតាងនៃបទល្មើស សមត្ថកិច្ចយើងបានចាប់ បញ្ជូនជនសង្ស័យនិងកសាងសំណុំរឿងទៅតុលាការចំនួន ៥២ នាក់ ក្នុងនោះតុលាការបានសម្រេចចោទប្រកាន់និងឃុំខ្លួន ២៦ នាក់ និងបានចេញដីកាកោះហៅជនសង្ស័យពាក់ព័ន្ធបទល្មើសចំនួន ១៩ នាក់ផ្សេងទៀត» ។
បើតាមលោក អ៊ឹង ទ្រី ក្នុងចំណោមខេត្តទាំង ៦ ជាប់បឹងទន្លេសាប ខេត្តពោធិ៍សាត់ ត្រូវបានកត់សម្គាល់ថា សមត្ថកិច្ចមានការប្រឹងប្រែងស្រាវជ្រាវ និងបង្ក្រាបចាប់ជនប្រព្រឹត្តបទល្មើសបានច្រើនជាងគេ បន្ទាប់មកគឺខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ខណៈខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចាប់បានតែវត្ថុតាងនៃបទល្មើសតូចតាចតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នៅក្នុងរដូវបើកនេសាទនេះ លោក អ៊ឹង ទ្រី បានអំពាវនាវ សុំឱ្យប្រជានេសាទ ក៏ដូចជាអាជ្ញាធរមូលដ្ឋានភូមិ-ឃុំបន្តចូលរួមការពារធនធានជលផល ប្រកបដោយនិរន្តរភាព ដោយត្រូវសហការផ្ដល់ព័ត៌មាន ក្នុងករណីប្រទះឃើញមានបទល្មើសនេសាទកើតឡើងនៅចំណុចណាមួយ ឬជនសង្ស័យក្នុងបទល្មើសនេសាទណាម្នាក់ដល់ក្រុមមន្ត្រីជំនាញសង្កាត់ ផ្នែក ខណ្ឌរដ្ឋបាលជលផល ក៏ដូចជារដ្ឋបាលជលផលថ្នាក់ជាតិ ដើម្បីមានចំណាត់ការ ស្រាវជ្រាវ និងបង្ក្រាបបានទាន់ពេលវេលា។
លោកថ្លែងថា៖ «យើងបារម្ភបទល្មើសនេសាទ អាចនឹងកើតមានច្រើនឡើងវិញ នៅក្នុងរដូវនេសាទនេះ ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ចូលរួមសហការ រាយការណ៍ដល់មន្ត្រីជំនាញដើម្បីចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា ក្នុងករណីប្រទះឃើញបទល្មើស ឬជនប្រព្រឹត្តបទល្មើស ព្រោះការបង្ក្រាបបទល្មើសជលផល គឺជាតួនាទីរបស់យើងទាំងអស់គ្នា»។
ពាក់ព័ន្ធការចូលរួមបង្ក្រាបបទល្មើសជលផលនេះ លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងរដូវបិទនេសាទឆ្នាំនេះ [ចាប់ពីថ្ងៃទី ១ ខែឧសភា មកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២] ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ ចុះស្រាវជ្រាវ បង្ក្រាប និងដកហូតវត្ថុតាងបទល្មើសនេសាទរួមមាន មងបណ្ដែតប្រវែង ១៦ ៥០០ ម៉ែត្រ សន្ទូចរនង ដែលដាក់នៅតាមអន្លង់អភិរក្សត្រីមេពូជ និងតំបន់ហាមឃាត់ បានចំនួន ៤ ០៦៩ ផ្លែ ក្បាលឆក់៣គ្រឿង ដងឆក់២គូ អាគុយ២គ្រឿង ថ្នង ២គ្រឿង និងទូកម៉ាស៊ីនចំនួន ៥គ្រឿង ព្រមទាំងបានលែងត្រីបបែលយក្សទឹកសាប ចំនួន ៣ ក្បាល កូនត្រីបបែលយក្សទឹកសាប ១ ក្បាល និងត្រីមេពូជ ប្រមាណ ១២០ គីឡូក្រាម ចូលក្នុងបឹងទន្លេធម្មជាតិវិញ។
លោកបានបញ្ជាក់ថា៖ «ទន្ទឹមនឹងនេះ មន្ត្រីជលផលខេត្តស្ទឹងត្រែងយើង បានចាប់បញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ ហើយតុលាការបានសម្រេចឃុំខ្លួនពួកគេ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នផងដែរ»។
ជាមួយគ្នានេះ លោកបានអំពាវនាវសុំឱ្យប្រជានេសាទគោរពច្បាប់ស្ដីពីជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ជាពិសេសកុំប្រើឧបករណ៍នេសាទដែលត្រូវបានហាមឃាត់ កុំនេសាទកន្លែងអភិរក្សឬកន្លែងហាមឃាត់ កុំចាប់ប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងករណីនេសាទបាន ត្រូវដោះលែងវិញ។
យោងតាមកាលបរិច្ឆេទនៃរដូវបិទនេសាទសម្រាប់ឆ្នាំ ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង មានរយៈពេល ៥ ខែ គឺចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា។
ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល មានរយៈពេល ៤ ខែ គឺចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា។
ដោយឡែក នៅខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និង ១ ផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ រដូវបិទនេសាទ មានរយៈពេល ៤ ខែ គឺចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែតុលា។ ដូច្នេះសម្រាប់បណ្ដាខេត្តដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ រដូវបិទនេសាទនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។
ថ្វីបើយ៉ាងដូច្នេះក្ដី បទល្មើសនេសាទត្រូវបានគេរាយការណ៍ថា មានកើតឡើងច្រើនផងដែរនៅតាមបណ្ដាខេត្តជាប់ព្រំប្រទល់វៀតណាម មានដូចជា ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល និងតាកែវ ហើយជនប្រព្រឹត្តបទល្មើស ភាគច្រើនជាជនជាតិវៀតណាម ។
ជុំវិញករណីនេះ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ នៃខេត្តស្វាយរៀង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ លោកបានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ ចុះល្បាតចល័ត និងត្រួតពិនិត្យដល់ទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលមានព្រំប្រទល់ជាប់ ស្រុកកំពង់រោទ៍ និងព្រំប្រទល់ជាប់ប្រទេសវៀតណាម និង បានបង្ក្រាបចាប់បានទូកស្មាច់ ១ គ្រឿង ដែលមានភ្ជាប់ឧបករណ៍ឆក់ត្រី ចំណែកជនប្រព្រឹត្តបទល្មើស បានបើកកាណូតគេចខ្លួនចូលទៅក្នុងដែនទឹកនៃប្រទេសវៀតណាមវិញ ។
លោកបានថ្លែងថា៖ «សមត្ថកិច្ចយើង បានជួបទំនាក់ទំនងជាមួយភាគីយោធាព្រំដែនវៀតណាម ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជុំវិញករណីខាងលើ និងបានសំណូមពរដល់ភាគីខាងវៀតណាម មិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់ខ្លួនឆ្លងចូល មកនេសាទត្រីខុសច្បាប់នៅទឹកដីឃុំបាសាក់បន្តទៀត ហើយភាគីវៀតណាមក៏បានយល់ព្រមសហការផងដែរ»។
បើតាមលោក សារិទ្ធ វត្ថុតាងនៃបទល្មើសដែលបានដកហូត មានទូកស្មាច់ ១ គ្រឿង និងឧបករណ៍ឆក់ត្រី ១ គូ ត្រូវបាននាំយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់៕