
លោក កឹម សុខា នៅពេលចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែតុលា។ ហេង ជីវ័ន
ភ្នំពេញៈ សវនាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ បានសួរដេញដោល លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ជាសាក្សីម្នាក់ក្នុងចំណោមសាក្សីចំនួន ៥ នាក់ផ្សេងទៀត ក្នុងសំណុំរឿង «ក្បត់ជាតិ» របស់ លោក កឹម សុខា ដែលត្រូវបានចោទពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។
សាក្សីដែលត្រូវចូលទៅបំភ្លឺនៅក្នុងសវនាការនេះ មានចំនួន ៦ នាក់ រួមាន លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ លោក ឈឹម ផលវរុន អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាតាំងពីសម័យលោក កឹម សុខា ធ្វើជាប្រធាននិងបច្ចុប្បន្នជា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អតីតសកម្មជនដីធ្លីមកពីបុរីកីឡា និងមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត។
លោក ផ្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយបញ្ចប់សវនាការថា សវនាការលើកនេះ បានសួរដេញដោល លោក គង់ គាំ តែម្នាក់ និងមិនទាន់ចប់នៅឡើយទេ ដែលនឹង ត្រូវគ្រោងធ្វើនៅសប្តាហ៍ក្រោយទៀត។ ជាមួយគ្នានេះ សវនាការនេះ ក៏នឹងត្រូវសាកសួរសាក្សីផ្សេងដទៃទៀតផងដែរ ។
លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នងសវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសួរដេញដោលលោក អំពី ប្រវត្តិនៃការចូលរួមធ្វើនយោបាយរបស់លោក សួរពីអតីតគណបក្សសង្គ្រោះជាតិដែលជាប់ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកបានប្រឹក្សាយោបល់អ្វីខ្លះ និងមួយទៀតសួរអំពីការរួបរួមគ្នារវាង គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ជាមួយគ្នានេះ អង្គជំនុំជម្រះ ក៏បានសួរអំពីបាតុកម្មនៅទីលានប្រជាធិតេយ្យក្រោយការបោះឆ្នោត ឆ្នាំ ២០១៣ ផងដែរ ។
លោក គង់ គាំ ថ្លែងថា៖ «សវនាការព្រឹកមិញនេះ ត្រូវសួរអូសបន្លាយវែងជាងហ្នឹងទៀត ប៉ុន្តែពេលវេលាអង្គសវនាការ និងអ្នកចូលរួម គឺហាក់ដូចជាមានការនឿយហត់ និងគ្រប់គ្រាន់ ។ ដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះក៏សម្រេចថា លើកមកពេលរសៀល ប៉ុន្តែមានខាងមេធាវីដើមចោទ និងមានអ្នកជាប់រវល់ ដូច្នេះសវនាការនឹងត្រូវធ្វើនៅថ្ងៃទី ១២ តុលា អាទិត្យក្រោយទៀត»។
បើតាម លោក គង់ គាំ លោក នឹងធ្វើជាសាក្សីក្នុងសំណុំរឿង លោក កឹម សុខា បន្តទៀត តាមការកោះហៅរបស់អង្គជំនុំជម្រះ ប៉ុន្តែក៏អាស្រ័យទៅលើសុខភាព និងពេលវេលារបស់លោកផងដែរ។ មួយវិញទៀត លោកក៏ចង់ទុកពេល ឱ្យអង្គជំនុំជម្រះសួរដេញដោល សាក្សីផ្សេងទៀតផងដែរ ។
យ៉ាងនេះក្តី លោក ហ៊ុន កុសល មនុស្សដែលស្និទ្ធនឹងលោក កឹម សុខា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា ការឆ្លើយរបស់ លោក គង់ គាំ នៅក្នុងសវនាការហាក់បីដូចជាវង្វេងវង្វាន់ និងមិនមានការចងចាំច្បាស់លាស់ ព្រោះការឆ្លើយរបស់លោក មិនស្របជាមួយនឹងគោលការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ។
ជាមួយគ្នានេះ លោក យី សុខសាន្ត មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានកត់សម្គាល់ឃើញថា លោក គង់ គាំ ដែលបាន ឆ្លើយនៅក្នុងសវនាការនេះ ហាក់មិនច្បាស់លាស់ និងសំណួររបស់អង្គជំនុំជម្រះសួរទៀតសោត ក៏ហាក់ដូចជាដដែលៗ ដែលធ្វើឱ្យមានការខាតបង់ពេលវេលា ។
លោកថ្លែងថា៖ «សូម្បីតែថ្ងៃនេះ តុលាការ បានអញ្ជើញសាក្សី ៦ នាក់ ដើម្បីមកឆ្លើយបំភ្លឺ ប៉ុន្តែតុលាការបានចំណាយទៅលើជនជាប់ចោទ ដែលធ្វើឱ្យប៉ះពាល់ពេលវេលាសាក្សី»។
លោក ស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាសក្សី ១ រូបដែរនោះ ថ្លែងថា លោកស្រីខំចំណាយពេលតាំងពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោងជាង ១២ រសៀល រង់ចាំក្នុងបន្ទប់រង់ចាំរបស់សាក្សី ប៉ុន្តែ តុលាការបានត្រឹមសាកសួរតែសាក្សីលោក គង់ គាំ តែប៉ុណ្ណោះ។
លោកស្រីបន្តថា៖ «ការលះបង់ពេលវេលានិងការលុបចោលបេសកកម្មទៅក្រៅប្រទេសរបស់ខ្ញុំអាសារបង់។ តុលាការគួរបន្តនីតិវិធី ទៅពេលរសៀលទៀត ដើម្បីកុំឱ្យប៉ះពាល់ពេលវេលាសាក្សីដែលបានកោះហៅ»។
ទោះយ៉ាងណា តុលាការមិនបន្តសវនាការនៅពេលរសៀលនោះទេ ដោយហេតុផលមេធាវីខាងរដ្ឋាភិបាលជាប់ធុរៈពេលរសៀល។ ដូចនេះសវនាការនិងបន្តទៅថ្ងៃទី ១២ ខែតុលា វិញ និងអាចបន្តពេញ ១ ថ្ងៃ ដោយសារសាក្សីមានចំនួនច្រើន៕