ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជា​ឱ្យសមត្ថ​កិច្ច​គ្រប់​ជំនាញ ដែល​ទទួល​ផែន​ការការ​ពារ​សន្តិ​សុខ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅកម្ពុជា​នាខែ​វិច្ឆកា​ខាង​មុខ​ ត្រូវ​ធានា​សុវត្ថិ​ភាព​ឱ្យបាន​ល្អប្រសើរ​បំផុត ចំពោះ​ថ្នាក់ដឹក​នាំនានា​និង​គណៈប្រតិ​ភូ​ទាំង​អស់​។

លោក​ថ្លែង​បែប​នេះ​នៅពេល​លោក​ ដឹក​នាំកិច្ច​ប្រជុំ​ស្ដាប់​របាយ​ការណ៍ ស្ដីពីការ​ត្រៀម​ការពារ​សុវ​ត្ថិ​ភាព​កិច្ច​ប្រជុំកំពូល​អា​ស៊ាន នៅទីស្ដី​ការ​ក្រសួងម​ហាផ្ទៃនាទី ​៥ ខែ​តុលា ឆ្នាំ ២​០២២។

លោក ស ខេង មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ គឺជាលើក​ទី៣ ហើយ​ដែល​កម្ពុជា​ទទួល​តួនាទី​ជាប្រធាន​អាស៊ាន​​ប្ដូរវេន ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពីបណ្ដា​មេដឹក​នាំអា​ស៊ាន និង​បណ្ដាមេ​ដឹកនាំ​បណ្ដា​ប្រទេសដៃ​គូ​អាស៊ាន​ផ្សេង​ទៀត។ កិច្ច​ប្រជុំអាស៊ាន​ខាង​មុខ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្តថ្មី​មួយ​ទៀត និង​ជាការ​ផ្ដល់​កិត្តិ​យស​មួយ​ទៀត​ដែរ សម្រាប់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ។​

លោក ស ខេង បញ្ជាក់​ថា​៖ «យើង​ត្រូវ​ទាមទារ​ឱ្យ​មាន​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ធានា​សុវត្ថិភាព​ឱ្យបាន​ល្អ​ប្រសើរ​បំផុត និង​ដាច់​ខាត​សម្រាប់​ថ្នាក់​ដឹក​នាំនានា​ ពិសេស​គឺប្រធាន​ប្រតិភូ​ទាំង​អស់ ដែល​នឹង​អញ្ជើញ​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍ដ៏​មាន​សារៈ​សំខា​ន់នេះ​»។

​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​បញ្ជាក់​បន្ថែម​ថា ក្នុង​នាម​ជាប្រធាន​អាស៊ាន​ រាជរដ្ឋាភិបាល​កម្ពុជា មាន​សេច​ក្ដី​សង្ឃឹម​ជឿជា​ក់ថា​ កិច្ចប្រជុំអា​ស៊ាន​ដែល​កម្ពុជាធ្វើ​ជា​ប្រធាន​នាឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅដោយ​ជោគ​ជ័យ។​

លោក ស ខេង បាន​មាន​ប្រសាន៍​បញ្ជាក់​ទៅ​កាន់​អង្គ​ប្រជុំ​ថា នាយ​ឧត្តមសេនី​យ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ គឺជា​ប្រធាន​គណៈ​កម្មការ​ការពារ​សន្តិ​សុខ និង​មា​ន​ភារៈរៀបចំ​នូវ​ផែន​ការការ​ពារ​សន្តិសុ​ខ​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សម្រាប់​កិច្ចប្រជុំ​កំពូល និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​។

អង្គ​ប្រជុំ​ទាំងមូល​បាន​ស្ដាប់​របាយការ​ណ៍​សង្ខេប​របស់​លោក នេត សាវឿន ពាក់ព័ន្ធ​នឹង​ភារកិច្ច​ និ​ង​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មការ​ការពារ​សន្តិ​សុខ​។

ទាក់​ទង​នឹង​បញ្ហាសន្តិ​សុខ​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ​ដែរ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាកពិធី​បុណ្យ​អុំទូក​ថ្នាក់​ជាតិ ដើម្បី​ប្រមូល​កម្លាំង​រួម សម្រាប់​ទទួល​មេដឹកនាំ​ជុំវិញ​ពិភព​លោក ដែល​នឹង​មាន​វត្តមាន​នៅក​ម្ពុជា​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ការងារ​សន្តិ​សុខ​ជាភាព​ចាំបាច់​បំផុត ដែល​កម្ពុជា​ត្រូវ​ធានា​ឱ្យខាង​តែបា​ន។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំពាក់​ព័ន្ធ​បាន​រៀបចំ​នៅ​កម្ពុជា​ចាប់​តាំង​ពីខែមក​រា ឆ្នាំ ២០២២ ហើយ​បន្ត​រហូត​ដល់​ខែធ្នូ ឆ្នាំ​ ២០២២ ដោយ​មាន​កិច្ច​ប្រជុំ​សរុប​ប្រមាណ ​៥៤ ក្នុង​នោះ​កិច្ចប្រជុំធំ​ៗ​មាន​ ២ គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ កាល​ពីខែ​មេសា ក្នុង​ក្របខ័ណ្ឌ​សមាជិក​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល អាស៊ាន​លើក​ទី​៤១ រៀប​ចំ​ក្នុង​ខែវិច្ឆិកាខាង​មុខ រវាង​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​​បណ្ដា​ប្រទេស​ដៃគូ រាប់តាំង​ពីចិន​ ជ​ប៉ុន​ អាមេរិក​ រុស្ស៊ី និង​សហ​ភាពអឺរ៉ុប​ជាដើ​ម​។

​បើតា​មអគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ មក​ដល់​ពេល​នេះ​មាន​គណៈប្រតិភូ​បរទេស​អញ្ជើញ​មក​​ចូលរួម​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំពាក់​ព័ន្ធ​ក្នុង​ឆ្នាំ​ ២០២២ ​នៅ​កម្ពុជា ប្រមាណ ​២៨ ​គណៈ​ប្រតិភូ​ ដូច​ជា​គណៈ​ប្រតិ​ភូប្រ​ទេសស​មាជិក​អាស៊ា​ន​ដោយមិន​រាប់កម្ពុជា ​គណៈប្រតិ​ភូលេខា​ធិការ​ដ្ឋាន​អាស៊ាន​ ​គណៈប្រ​តិភូ​ដៃគូ​ពិ​ភាក្សាប្រ​មា​ណ ១០ ​គណៈ​ប្រតិភូ​ទៀត ​និងគ​ណៈប្រតិភូ​ដៃគូអភិ​វឌ្ឍន៍​ រួ​មទាំ​ងវិ​ស័យ​ផ្សេងៗ​ប្រមា​ណ ៨ ទៀ​ត​៕