ត្បូងឃ្មុំៈការងារ​បោស​សម្អា​ត​មីន និង​កម្ទេច​គ្រាប់​មីន បាន​កើតចេញ​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង និង​ការយ​កចិត្តទុក​ដាក់​របស់រាជរដ្ឋា​ភិបាល ​ក្នុង​ការ​ដោះស្រា​យបញ្ហាគ្រាប់មី​ន និង​សំណល់​ជាតិផ្ទុះ​ពីសង្រ្គាម​នៅសេសសល់​ក្រោយស​ង្រ្គាម​។ នេះជា​ការ​​ថ្លែង​រប​ស់​លោកទេ​សរដ្ឋ​មន្ត្រីលី ធុជ អនុប្រ​ធានទី​១ នៃអា​ជ្ញាធរ​មីន​។

លោក លី​ ធុជ បាន​ថ្លែង​ក្នុងពេល​​ចុះពិនិត្យ​សកម្ម​ភាព​បោស​សម្អាត​មីន ក្រោ​មគម្រោង​ «សម្តេច​តេជោ​សម្រាប់សកម្ម​ភាព​មីន» “ផ្តល់​ដី​សុវត្ថិ​ភាព បង្កើត​ស្នាម​ញ​ញឹម" និង​ជួប​​ជាមួយ​នឹង​កង​កម្លាំង​បោសសម្អាត​មីន​នៃ​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សាសន្តិ​ភាព បោស​សម្អាត​មីន និង​កាក​សំណល់​សង្រ្គាម (NPMEC) និងប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ឃុំជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ នា​ថ្ងៃទី​ ៥ ខែ​តុលា។​

​លោក លី ធុជ មាន​ប្រសាស​ន៍ថា​ ៖ «ការងារ​បោសស​ម្អាត​មីន នៅ​ខេត្ត​ត្បូង​ឃ្មុំ ក្រោ​មគម្រោងស​ម្តេចតេ​ជោស​ម្រា​ប់ស​កម្ម​ភាព​មី​ន សម្រេច​បា​ន ៧០% នៃផែន​ការហើយ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​អនុវត្ត​គម្រោង ​និង​បើក​ការដ្ឋាន​បោស​សម្អាត​មីន​កាល​ពី​​ខែ​កក្កដា កន្លងមក​»។

យោង​តាម​អាជ្ញាធរ​មីន ​ក្រោម​គម្រោង​ «សម្តេច​តេជោ» ការងារ​បោស​សម្អាតមីន​នៅ​ខេត្តត្បូង​ឃ្មុំ ស​ម្រេចបានប្រមាណ​ ៧០% នៃផែន​ការ​បោសសម្អាត​លើផ្ទៃដី​សរុប ៤ ៦៨៧ ៣១៧ ម៉ែត្រ​ក្រឡា ស្មើនឹ​ង ៩០ ច​ម្កា​​រមីន ដោយ​បាន​រក​ឃើញ និង​កម្ទេច​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន ៧៦ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១៥ គ្រាប់ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ១ ០៨០ គ្រាប់។

លោក លី ធុជ មាន​ប្រសាសន៍ថា​ ៖ «ការងារ​បោស​សម្អាត​មីន និង​កម្ទេច​គ្រាប់នាថ្ងៃ​នេះ បាន​កើត​ចេញ​ពីកិច្ច​ខិ​តខំប្រឹង​ប្រែង និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹក​នាំរបស់​សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ក្នុង​ការ​ដោះ​ស្រាយបញ្ហាគ្រាប់​មីន និង​សំណល់​ជាតិផ្ទុះ​ពីសង្រ្គាម​នៅសេស​សល់ក្រោយ​សង្រ្គាម ដែល​ធនធាន​ទាំ​ងនេះ បាន​មក​ពីការ​បំផុ​ស​ឱ្យមាន​ចលនា​ជាតិ​លុប​បំបាត់​គ្រាប់មីន​ឱ្យអស់​ក្នុង​ឆ្នាំ ២០២៥ របស់ស​ម្តេចតេជោ​»។

ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្ត​អាទិភាព​ក្នុងការ​អនុវត្ត​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន «​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» ដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន ក្នុង​រយៈពេល ៦ ​ខែ គិត​ចាប់​ពី​ថ្ងៃចាប់​ផ្តើមអនុវត្ត​គម្រោងពី​ខែកក្កដាមក។

​​ខេត្ត​ត្បូង​ឃ្មុំក៏​ជា​ខេត្ត​ប្រវត្តិសាស្ត្រ ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេច​ចិត្ត និង​ពលី​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះ​ប្រទេស​ជាតិ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​កាលពី​ឆ្នាំ​ ១៩៧៧ ហើយ​វាក៏​ជា​ខេត្ត​មួយ​ដែល​រង​ផលប៉ះពាល់​ច្រើន​ ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​​។

ការអនុវត្ត​ដំណាក់កាល​ដំបូង​នៃ​គម្រោង​នេះ​សម្រាប់​សកម្មភាព​មីន​នឹងត្រូវ​បោសសម្អាត​គ្រាប់មីន​ឱ្យ​អស់​ក្នុង​រយៈពេល ០៦ ខែ​ក្នុង​ខេត្ត​ចំនួន ០៣ និង​ស្រុក​/​ក្រុង​ចំនួន ០៩​។ ខេត្ត​ និង​ក្រុង​/​ស្រុក​ទាំងនោះ​មាន​៖ ខេត្ត​ត្បូងឃ្មុំ ខេត្តកំពត និង​ខេត្តតាកែវ រីឯ​ក្រុង​/​ស្រុក ០៩ ​មាន ស្រុកស្រែ​អំបិល (​ខេត្តកោះកុង​) ស្រុក​ឆ្លូង ស្រុក​ចិត្របុរី (​ខេត្ត​ក្រចេះ​) ក្រុង​ព្រះវិហារ ស្រុក​ត្បែង​មាន​ជ័យ (​ខេត្តព្រះវិហារ​) ស្រុក​ឧត្តុង្គ (​ខេត្ត​កំពង់ស្ពឺ​) ក្រុង​សិរីសោភ័ណ្ឌ ស្រុក​មង្គល​បុរី (​ខេត្ត​បន្ទាយ​មាន​ជ័យ​) និង​ស្រុក​ចុងកាល់ (​ខេត្ត​ឧត្តរ​មាន​ជ័យ​)។​

សូម​បញ្ជាក់​ថា ក្រោម​ចលនា​ជាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រជាជន​គ្រប់ទិសទី​បាន​គាំទ្រ និង​ចូលរួម​យ៉ាង​ផុសផុល​បរិច្ចាគ​វិភាគទាន​ផ្ទាល់ខ្លួន​ ​ទទួល​បាន​ថវិកា​ប្រមាណ​ជាង​ ២០ ​លាន​ដុល្លារ​អាមេរិក​​ ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា និង​ឆ្ពោះទៅ​កម្ពុជា​សូន្យ​មីន​នៅ​ឆ្នាំ​ ២០២៥​។

ខេត្ត​ចំនួន ០៦ នឹង​ត្រូវ​ប្រកាស​ជា​ខេត្តអស់​មីន ក្រោម​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន “ផ្តល់ដី​សុវត្ថិភាព បង្កើត​ស្នាម​ញញឹម” ដំណាក់​កាល​ទី១ រួម​មាន ខេត្តត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ខេត្ត​តាកែវ​ ខេត្ត​កំពង់​ឆ្នាំង ខេត្តកំពត​ និង​ខេត្ត​ស្វាយ​រៀង។

ខេត្ត​ទាំង​៦​នោះ មាន​ទំហំផ្ទៃដី​សរុប​ចំនួន ៤២ ៥១៣ ៧២៩ ម៉ែត្រ​ក្រឡា (៤២,៥១ គីឡូ​ម៉ែត្រ​ក្រឡា)ដែល​ស្មើ​នឹង ៥២០ ចម្ការ​មីន ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង ៥,៧ លាន​ដុល្លារ​អា​មេរិក ដោយ​រួម​បញ្ចូល​ទាំង​ឃុំចំ​នួន ០៧ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំព​ង់ស្ពឺ ផង​ដែ​រ៕