ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ស្នើ​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ប្រចាំ​នៅ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​​បន្ត​គាំទ្រ​ដល់​កំណែទម្រង់​វិមជ្ឈការ​ ​និង​វិសហមជ្ឈការ​ក៏ដូចជា កម្មវិធី​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​២ ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ផ្ទេរ​មុខងារ​ចំនួន​ ៥៥ ក្នុង​វិស័យ​ចំនួន​ ២០​ ទៅឱ្យ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងនោះ​មាន​មុខងារ​មួយ​ចំនួន​ពុំទាន់​មាន​ភាពរលូន​នៅឡើយ​។

លោក ស ខេង បាន​ស្នើ​បែបនេះ​ក្នុងជំនួប​ជាមួយ​លោកស្រី​ Jyotsana Verma តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​ក្នុងពេល​លោកស្រី​ចូល​​ជួប​សម្ដែង​ការគួរសម​កាលពី​ថ្ងៃទី​ ៤​ ខែតុលា​នៅ​វិមាន​រដ្ឋសភា​។

លោក​លើកឡើង​ថា ធនាគារ ADB បាន​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​តាំងពី​ឆ្នាំ​ ២០០២ ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ទៀត​ជាមួយ​បណ្ដា​ប្រទេស​នៅតាម​បណ្ដោយ​ដង​ទន្លេមេគង្គ​។ ​លោក​បន្តថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ ការងារ​កំណែទម្រង់​នេះ​គឺជា​ការងារ​មួយ​ដ៏ថ្មី​សន្លាង​ដែល​ទាមទារ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់ និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​។

លោក​បាន​ថ្លែងថា​៖ «​សង្ឃឹមថា ADB នឹង​បន្ត​គាំទ្រ​ដល់​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក៏ដូចជា​កម្មវិធី​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​២»​។

ជាមួយ​គ្នានេះ​លោក​ក៏បាន​ស្នើ ADB បន្ត​ស្វែងរក​អ្នកជំនាញ​បន្ថែម​ ដើម្បី​គាំទ្រ​ទៅលើ​ការងារ​អន្តរ​វិស័យ​មួយចំនួន​ដូចជា ការរៀបចំ​ប្រព័ន្ធ​អភិបាលកិច្ច​ឌីជីថល ការប្រែប្រួល​អាកាសធាតុ ដែល​កិច្ចការងារ​នេះ​ជា​កិច្ចការ​ថ្មី ទាមទារ​ឱ្យមាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​។

លោក ស ខេង បាន​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ដោយ​កំណែទម្រង់​នេះ​បាន​ចូលរួម​ចំណែក​ដល់​ការលើកកម្ពស់​នូវ​ស្ថិរភាព ភាព​ជា​ម្ចាស់ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើក​កម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​»​។

យ៉ាងណាក្ដី លោក​បាន​សន្និដ្ឋាន​ថា បញ្ហា​ប្រឈម​ទី១ ក្នុង​ការធ្វើ​កំណែ​ទម្រង់​នេះ គឺ​ការយល់ដឹង​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​ស្ថាប័ន​សាធារណៈ​ និង​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​នៅមាន​កម្រិត ដោយ​មាន​ការយល់ឃើញ និង​បកស្រាយ​ផ្សេងៗ​គ្នា​អំពី​ចក្ខុវិស័យ និង​គោលបំណង​នៃ​កំណែទម្រង់​នេះ​។

លោក​បាន​បន្ដថា​៖ «​បញ្ហា​ប្រឈម​ទី​២ គឺ​រចនាសម្ព័ន្ធ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​នៅ​មិនទាន់​មាន​លក្ខណៈ​សមស្រប​ពេញលេញ​តាម​ចរិតលក្ខណៈ​ផ្សេងៗ​គ្នា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​ដូចជា ទីក្រុង​ធំ ទីប្រជុំជន និង​ទីជនបទ​។

លោក ស ខេង បានឱ្យ​ដឹងថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាល​បាន​ផ្ទេរ​មុខងារ​ចំនួន​ ៥៥ ក្នុង​វិស័យ​ចំនួន​ ២០ ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។ ប៉ុន្ដែ​ការផ្ទេរ​នេះ​ពុំទាន់​មាន​លក្ខណៈ​សមស្រប​តាម​ចំនួន​មុខងារ និង​ទំហំ​មុខងារ​នីមួយៗ​ដែល​បាន​ផ្ទេរ​ទៅ​ដោយ​ការអនុវត្ត​ពុំទាន់​មាន​ភាពរលូន​នៅឡើយ​ទេ​។

លោក​បន្តថា​៖ «​ជាក់ស្ដែង​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ច្បាប់​ និង​អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច​សម្រេច​លើ​គម្រោង​ត្រឹម​ទឹកប្រាក់​ ៥ ​លាន​ដុល្លារ ដោយ​ពុំ​ចាំបាច់​មាន​ការ​ឆ្លង​ពី​ថ្នាក់ជាតិ ប៉ុន្តែ​ពុំទាន់​មាន​រដ្ឋបាល​ណាមួយ​ពិនិត្យ​សម្រេច​លើ​ការងារ​នេះ​នៅឡើយ​ទេ​»​។

លោក​បញ្ជាក់ថា បញ្ហា​ទាំងនេះ ទាមទារ​ឱ្យ​មាន​ការគាំទ្រ​ពី​រដ្ឋបាល​ថ្នាក់ជាតិ ព្រោះ​បើ​អនុវត្ត​មិនបាន​ជោគជ័យ​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​មតិ​របស់​សាធារណជន​លើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។

នៅក្នុង​ជំនួប​នោះ​លោកស្រី​តំណាង ADB បាន​ថ្លែងថា ADB គឺជា​ដៃគូ​ដ៏រឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ជាមួយ​ក្រសួង​មហាផ្ទៃ​ដែលមាន​គម្រោង​មួយចំនួន​បាននិង​កំពុង​អនុវត្ត​ជាមួយ​គ្នា​។

លោកស្រី​ថ្លែងថា​៖ «ADB ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​ខ្ពស់​របស់​សម្ដេច​ក្រឡាហោម​ សម្រាប់​ការគាំទ្រ​របស់ ADB ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ដែល​ទទួល​បាន​លទ្ធផល​គួរឱ្យ​កោតសរសើរ​»​។

លោកស្រី​បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការប្ដេជ្ញា​ចិត្ត​ និង​ឆន្ទៈ​ក្នុងការ​អនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ជា​ការងារ​មួយ​ទាមទារ​រយៈពេល​វេលា​យូរអង្វែង​។

ឆ្លើយតប​នឹង​សំណើ​លោក ស ខេង លោកស្រី​បាន​បញ្ជាក់ថា ADB ​ទទួលយក​សំណើ​នេះ​ និង​បន្ត​សិក្សា​ជាមួយ​ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ការងារ​នៃ​គម្រោង​​រវាង ADB និង​ក្រសួង​មហាផ្ទៃ​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​សព្វថ្ងៃ ADB កំពុង​រៀបចំ​គម្រោង​តម្លៃ​ដល់​ទៅ ១០០ ​ពាន់​​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០៣០ ដោយ​​លោកស្រី​ស្នើសុំ​សម្ដេច ស ខេង ផ្ដល់​ការគាំទ្រ​»​។

លោក ស ខេង បញ្ជាក់ថា ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួន​បន្ត​ធ្វើការងារ​ជាមួយ ADB ក្នុង​អាណត្តិ​របស់​លោកស្រី​នៅ​ប្រទេស​កម្ពុជា​នេះ​បន្ថែម​ទៀត​៕