ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​បេឡាជាតិ​របប​សន្តិសុខ​សង្គម (បសស) និង​មន្ត្រី​តំណាង​មក​ក្រសួង​ស្ថាប័ន​ចំនួន ៧​ ដែល​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្ដីពី​ការ​ពង្រីក​វិសាលភាព​របប​សន្ដិសុខ​សង្គម​​សម្រាប់​បុគ្គល​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​សាធារណៈ ​ដែល​មន្ត្រី​អះអាង​ថា​ បសស ​នឹង​ពង្រីក​វិសាលភាព​ទៅ​ដល់​បុគ្គល​សាធារណៈ​ដែល​មិន​ស្ថិត​ក្រោម​ច្បាប់​ស្តីពី​សហ​មន្ត្រី​រាជការ​ស៊ីវិល​។

កាលពី​ថ្ងៃទី ៤​ ខែ​តុលា​ តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ​៧ បាន​ជួប​ពិភាក្សា​ជា​មួយ​លោក ​អ៊ុក ​សមវិទ្យា ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ បសស ​ដើម្បី​ត្រួតពិនិត្យ​ ពិភាក្សា និង​កែសម្រួល​បន្ថែម ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​ពង្រីក​វិសាលភាព​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​សាធារណៈ ​បន្ទាប់ពី​ក្រុម​ការងារ​កិច្ចការ​ច្បាប់​ នៃ​បសស ​បាន​បញ្ចប់​ការ​ត្រួត​ពិនិត្យ​ផ្ទៃក្នុង​លើ​សេចក្ដី ព្រាង​នេះ ​កាលពី​ខែ​សីហា។

កិច្ច​ប្រជុំ​ពិភាក្សា​នេះ ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​តំណាង​ក្រសួង​ ស្ថាប័ន​ចំនួន​ ៧ ​រួមមាន​ ក្រសួង​មហាផ្ទៃ ​ក្រសួង​សុខាភិបាល ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រសួង​មុខងារ​សាធារណៈ ​រាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ ធនាគារ​ជាតិ​ នៃ​កម្ពុជា​ និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នៅ​សាលប្រជុំ​ធំ ​បសស ​ស្នាក់ការ​កណ្ដាល​ រាជធានី​ភ្នំពេញ​។

លោក ​ហេង ​សុផាន់ណារិទ្ធ ​អគ្គនាយក​រង បសស ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៥​ ខែ​តុលា​ថា​ ជំនួប​ជា​មួយ​តំណាង​ក្រសួង ​ស្ថាប័ន​ទាំង​ ៧ នេះ​ គឺ​ដើម្បី​ពិនិត្យ​ កែ​សម្រួល​ និង​បំពេញ​បន្ថែម​នូវ​ចំណុច​ដែល​ខ្វះខាត​ ជាពិសេស​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ក្នុងការ​ស្វែងរក​ធាតុ​ចូល​សំខាន់ៗ​បន្ថែម​ទៀត​ ក្នុងន័យ​ដើម្បី​កំណត់​លើ​ការ​អនុវត្ត​របប​សន្ដិសុខ​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ​ និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ព្រមទាំង​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​សង្គតិភាព​។​

លោក​ថា ​ប​សស ​កំពុង​ធ្វើការ​តាក់តែង​សេចក្តី​ព្រាង​អនុក្រឹត្យ​ ដើម្បី​ពង្រីក​វិសាលភាព​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​សាធារណៈ ​ដោយ​យោង​តាម​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម នៅក្នុង​មាត្រា ៣ ​ដែល​បាន​ចែង​អំពី​វិសាលភាព​អនុវត្ត​របប​សន្តិសុខ​សង្គម​ ហើយ​នៅ​ក្នុង​វាក្យ​ខណ្ឌ​ទី៩ ដែល​បាន​ចែង​អំពី​បុគ្គល​នៃ​វិស័យ​សាធារណៈ​ផ្សេង​ទៀត​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​។

លោក ថា៖​ «ក្នុង​ន័យ​ហ្នឹង​ដែរ បសស​ បាន​គិត​ទៅ​ដល់​បុគ្គល​ក្នុង​វិស័យ​សាធារណៈ ​ដែល​មាន​ដូចជា​មន្ត្រី​កម្រិត​នយោបាយ​ ទីប្រឹក្សា ​ជំនួយការ​ ដែល​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ ហើយ​មាន​តួនាទី ​និង​ឋានៈ​ស្មើនឹង​អនុរដ្ឋ​លេខាធិការ​ឡើង​»​។ ​

«មួយ​ទៀត ​យើង​ក៏​បាន​គិត​ទៅ​លើ​បុគ្គល​ដែល​ជា​ទីប្រឹក្សា ​និង​ជំនួយ​ការ​ដែល​មាន​ឋានៈ​គិត​ចាប់ពី​ថ្នាក់​អគ្គនាយក​ចុះ ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​មុខងារ​សាធារណៈ​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។ ​យើង​ក៏​បាន​គិត​ទៅ​ដល់​មន្ត្រី​ក្រមការ​ និង​សិស្ស​មន្ត្រី​ជាន់​ខ្ពស់​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ ដោយសារ​តែ​សិស្ស​ទាំង​នេះ​ នៅ​ពេល​គាត់​រៀន​ចប់ គឺ​គាត់​ក៏​ជា​មន្ត្រី​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ដែរ​»។

លោក​ ហេង​ សុផាន់ណារិទ្ធ ថ្លែង ថា​ បសស ​ក៏​កំពុង​សិក្សា​ចំពោះ​បុគ្គល​ដែល ជា​សិស្ស​នៅ​សាលា​ភូមិន្ទ​ចៅក្រម​ សិស្ស​នៅ​សាលា​ភូមិន្ទ​ក្រឡាបញ្ចី ​និង​អាជ្ញា​សាលា ​រួម​ទាំង​គរុ​សិស្ស ​និង​គរុ​និស្សិត​ដែល​កំពុង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​តាម​គ្រឹះស្ថាន​បណ្តុះ​បណ្តាល ​និង​វិទ្យាស្ថាន​មួយ​ចំនួន​ ហើយ​បុគ្គល​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង ស្រុក​ខណ្ឌ​ទូទាំង​ប្រទេស​ ក៏​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បសស​ផង​ដែរ។​

លោក​ថា៖ ​«បេឡា​ ជាតិ​របប​សន្តិសុខ​សង្គម​ បាន​អញ្ជើញ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​មក​ពិភាក្សា​គ្នា​មើល​ថា​ នៅ​ពេល​បសស ​ពង្រីកវិសាល​ភាព​ទៅ​ដល់​ពួកគាត់ ​តើ​ក្រសួង​ស្ថាប័ន​ទាំង​នោះ​ គិត​យ៉ាង​ដូចម្តេច​ដែរ?​ ជា​លទ្ធផល​នៅ​ពេល​យើង​បាន​ជួប​ពួកគាត់​ គឺ​ពួកគាត់​ត្រេកអរ​ សប្បាយ​ក្នុង​ការ​ទទួល​បាន​សេវា​បសស​នេះ​»។

នៅ​ថ្ងៃទី ៥​ ខែ​តុលា​នេះ ​លោក​ ហេង​ សុផាន់ណារិទ្ធ បាន​ជួប​ជាមួយ​មន្ត្រី​តំណាង​​រដ្ឋសភា ​ដើម្បី​ពិភាក្សា​ពី​នីតិវិធី​នៃ​ការ​បង់​ភាគទាន​មក​កាន់​ បសស ​ដើម្បី​បាន​ប្រើប្រាស់​សេវា​ដែល​ផ្តល់​ដោយ​ បសស​ ដូច​ទៅ​នឹង​មន្ត្រី​រាជការ ​និង​សមាជិក បសស ដទៃ​ទៀត​។​ ការ​ជួប​ពិភាក្សា​ជាមួយ​តំណាង​រដ្ឋសភា​នេះ គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​នានា​ជុំវិញ​ការ​បង់​វិភាគទាន​មក​កាន់ ​ប​សស។

លោក ​ឡេង ​ប៉េងឡុង​ អ្នក​នាំពាក្យ​រដ្ឋសភា ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ទី ៥ ខែ​តុលា​ថា​ ​រដ្ឋសភា​ ពេញចិត្ត​នឹង​ទទួល​បាន​សេវា ​និង​ការ​បង់​វិភាគទាន​ទៅ​កាន់​ បសស ​ហើយ​កំពុង​បន្ត​នីតិវិធី​ចុះ​បញ្ជី​សម្រាប់​មន្ត្រី​ក្របខ័ណ្ឌ និង​មន្ត្រី​ ជាប់​កិច្ច​សន្យា។

លោក ​ឡេង ​ប៉េងឡុង​ ថ្លែង​ថា សម្រាប់​តំណាងរាស្ត្រ ​និង​មន្ត្រី​នយោបាយ​មួយ​ចំនួន​នៅក្នុង​រដ្ឋសភា គឺ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ​៕