ភ្នំពេញៈ​ អភិ​បាល​រាជ​ធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ​លោក ឃួ​ង ស្រេង ​បាន​ដាក់​បញ្ជា​ដល់​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ ​ត្រូវ​បង្ក្រាប​បទ​ល្មើស​ល្បែង​ស៊ីសង និង​កុងស៊ី​បញ្ចាំ​ខុសច្បាប់​ក្នុង​មូល​ដ្ឋានឱ្យ​អស់​ដូច​ភ្លៀង​រលឹម​។​

​ការ​ណែនាំ​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៥ ខែតុលា ដើម្បី​ត្រួត​ពិនិត្យ​លទ្ធ​ផល​ការងារ ដក​ស្រង់​បទ​ពិសោធ និង​ដាក់​ចេញ​វិធាន​ការ​បន្តលើ​ការ​ងារ​ត្រួត​ពិនិត្យនិង​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ និង​ទីតាំង​ទទួល​បញ្ចាំ​ខុស​ច្បាប់នៅ​រាជ​ធានី​ភ្នំពេញ​។

​កិច្ច​ប្រជុំ​នេះ មាន​ការ​ចូលរួម​ពី​លោក​ស្នង​ការ​រង​នរគ​បាល​រាជធានី​ភ្នំពេញ មេបញ្ជា​ការ​កងរាជអាវុ​ធហត្ថ​រាជធានី ​ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខណ្ឌ​ទាំង​​ ១៤​ និង​មន្ទីរ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។​

​នៅក្នុងកិច្ច​ប្រជុំ​នោះលោក ​ឃួង ​ស្រេង ​បាន​ថ្លែង​ថា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង ​១៤​ ត្រូវ​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង ​និង​កុង​ស៊ីបញ្ចាំ​ខុស​ច្បាប់​ឱ្យ​អស់ពី​មូល​ដ្ឋានឱ្យ​ដូច​ភ្លៀង​រលឹម​ស្រប​តាម​អនុ​សាសន៍​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែន​។ លោក​ថា​៖ «​ធ្វើយ៉ាង​ណា​លុប​បំបាត់​ឱ្យបាន​ចំពោះ​កុងស៊ី​បញ្ចាំ​មិន​ស្រប​ច្បាប់​»​។​

​អភិ​បាល​ខណ្ឌ​ឫស្សី​កែវ លោក​ ឯក ឃុន​ដឿ​ន ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា វិធាន​ការ​ចំពោះ​មុខ គឺ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​បាន​ចុះ​អនុវត្ត​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ចំពោះ​ទីតាំង​​កុង​ស៊ីបញ្ចាំក៏ដូច​ជា​កា​របង្ក្រាប​ល្បែង​ស៊ីសង​។ ក្នុង​ប្រតិ​បត្តិ​ការ​នោះបង្ក្រាប​ល្បែង​ស៊ីសង​បាន​ចំនួន ១៣ ទីតាំង ដោយ​ឃាត់​មេ​កន្ទុយ​លេខ ​២ នាក់ និង​បាន​ចុះ​ត្រួត​ពិនិត្យ​កុងស៊ី​បញ្ចាំ​ផង​ដែរ​។

លោកបានបញ្ជាក់​​ថា​៖ «​យើង​បាន​សហ​ការ​ជាមួយ​ព្រះរាជ​អាជ្ញា ​ចុះ​ពិនិត្យ​កុងស៊ី​បញ្ចាំ​ចំនួន ​១៤​ ទីតាំង ​រកឃើញ​ថា​​ ពួកគា​ត់​មាន​ច្បាប់ពី​មន្ទីរ​-​ក្រសួង​ពាក់​ព័ន្ធនិង​មាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ​។ បាន​ន័យ​ថា បញ្ចាំ​ម៉ូតូ​ គឺ​គាត់​ដាក់​កាត​គ្រី សំបុត្រ​ពន្ធ និង​ឯក​សារ​ពាក់​ព័ន្ធ​»​។​

​លោក ​ឯក ឃុន​ដឿន ​បន្ត​ថា ​ក្រុម​ការងារ​ក៏បាន​ណែនាំ​ដល់​ម្ចាស់​អាជីវ​កម្ម និង​អ្នក​ពាក់​ព័ន្ធ ដោយ​ឱ្យធ្វើ​កិច្ច​សន្យាបញ្ឈប់​សកម្ម​ភាព​ល្បែង​ស៊ីសង។ ទន្ទឹមនឹងនេះអាជ្ញាធរ​នឹង​បន្ត​ត្រួត​ពិនិត្យ​ជា​ប្រចាំ ដើម្បី​ចូលរួម​ទប់​ស្កាត់​មិនឱ្យ​មាន​ល្បែង​ស៊ី​សង ឬ​ការ​បញ្ចាំ​ខុស​ច្បាប់​នៅក្នុង​ខណ្ឌឫស្សី​កែវ ​។​

​យោងតាម​​ច្បាប់​ស្តីពី​ការ​បង្ក្រាប​ល្បែង​ស៊ីសងដែល​ត្រូវ​បាន​ដាក់ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ ១៩៩៦​ មាន ១៣ មាត្រា ក្នុងនោះ​មាត្រា ៤ ចែង​ថា ជន​ណា​លេង​ល្បែង​ស៊ីសង​ជន​នោះត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ ១ ​ម៉ឺន​រៀល​ ដល់ ១៥ ​ម៉ឺន​រៀល ឬ​ដាក់​គុក​ពី ១​ សប្តាហ៍​ ដល់​ ១ ខែ​។​

​ក្នុង​មាត្រា​ដ​ដែលបន្តថា​៖ «​ក្នុងករ​ណី​ពុំ​រាង​ចាល​ត្រូវ​ផ្តន្ទា​ទោស​ជា​ប្រាក់​ពី ៥ ​ម៉ឺន​រៀល ​ដល់ ៥​ សែន​រៀល និង​ដាក់​គុក​ពី ១ ​ខែ​ ដល់​ ១ ឆ្នាំ​»​។​

​ចំណែក​មាត្រា ៥ ​ចែងថា ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ៥​ លាន​រៀល​ដល់ ២០​ លាន​រៀលនិងដាក់​គុក​ពី​ ១ ​ឆ្នាំ​ ដល់ ​៥ ​ឆ្នាំ ចំពោះ​អ្នក​បើក​កន្លែងលេង​ល្បែង​ស៊ីសង អ្នក​កាន់​កាប់​ល្បែង​ស៊ីសង អ្នក​ចាត់​ចែង​និង​ភ្នាក់​ងារ​ស៊ី​សង​។

​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋដើម្បី​អភិ​វឌ្ឍន៍​និង​សន្តិភាព​ លោក​ យង់ គិម​អេង ធ្លាប់​លើក​ឡើង​ថា ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់មិន​មែនជា​រឿង​ងាយ​ស្រួល​ឡើយដែល​ទាម​ទារ​ឱ្យមាន​យន្ត​ការ​ច្បាស់​លាស់ និង​ការ​ប្តេជ្ញា​ខ្ពស់​។ លោក​កត់​សម្គាល់​ថា ការប្រឹង​ប្រែង​របស់​អា​ជ្ញា​ធរ​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​ការ​បង្ក្រាប​ទាំង​អស់​នេះ ​ត្រូវតែ​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព ដោយ​មិន​មាន​ការ​លើក​លែង​ឱ្យ​នរណាម្នាក់​ឡើ​យ​។

លោក​ថា​៖ «​ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់ ​ត្រូវធ្វើ​ដោយ​ហ្មត់​ចត់ ដោយ​រដ្ឋាភិ​បាល​ត្រូវ​គិតគូ​រពី​សកម្ម​ភាព​ជា​មុន និង​ការ​ត្រួត​ពិនិត្យ​នៅតាម​សហ​គមន៍ ដែល​មាន​ការ​លេង​ល្បែង​ស៊ីសង​នានា​»​។​

​អភិ​បាល​រង​រាជធានី​ភ្នំពេញ​លោក ​ឃ្លាំង ហួត ស្នើឱ្យ​មាន​ការ​ចូលរួម​សហការ​ពី​សំណាក់​ម្ចាស់​ដី ម្ចាស់ផ្ទះ ឬ​ម្ចាស់​ឃ្លាំង​ជួលដោយត្រូវ​ពិនិត្យ​ទីតាំង​របស់​ខ្លួន​ជា​បន្ទាន់គឺ​ ដើម្បី​ឱ្យ​ប្រាកដ​ថាទីតាំង​របស់​បងប្អូន​មិន​មាន​ជួល​យក​ធ្វើ​កន្លែង​ទុក​ដាក់​របស់​ខុស​ច្បាប់ហើយ​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​អាច​រាយ​ការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ជា​មួយ​គ្នានេះលោក​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​បន្ត​សហការ​រាយ​ការណ៍​មកហ្វេ​ស​ប៊ុ​ក​ផេ​ក លោក ​ឃួង ​ស្រេង ឈ្មោះ (Khuong Sreng) ឬ​ហ្វេ​ស​ប៊ុ​ក​ផេក​របស់​លោក​ផ្ទាល់​ឈ្មោះ (​ឃ្លាំង​ ហួត Khliang Huot) អំពី​ទីតាំង​លួច​បើក​លេង​ល្បែង​ស៊ី​សង និង​កុងស៊ី​បញ្ចាំ​ខុស​ច្បាប់ទូទាំង​រាជ​ធានី​ភ្នំពេញ​។​

​យោង​តាម​របាយ​ការណ៍​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃទី ៥ ខែតុលា បាន​ឱ្យ​ដឹង​ថា ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​បទ​ល្មើស​ល្បែង​ស៊ី​សង​និង​កុង​ស៊ី​បញ្ចាំ​នេះ បើ​គិតពី​ថ្ងៃទី​១៧​ ខែកញ្ញា​ ដល់​ថ្ងៃទី ៣​ តុលា ឆ្នាំ​ ២០២២​ បាន​ត្រួត​ពិនិត្យ​និង​បង្ក្រាប​បទ​ល្មើស​ល្បែង​ស៊ី​សង​ខុស​ច្បាប់​សរុប​ចំនួន​ ១ ៣៣៨ទីតាំងនិង​ត្រួត​ពិនិត្យ​កន្លែង​កុង​ស៊ីប​ញ្ចាំ​ខុស​ច្បាប់​សរុប​ចំនួន ​៧៤ ​ទីតាំង​៕