ភ្នំពេញ:​ បណ្ដាញ​សង្គម​ល្បីខាង​វីដេអូ​ខ្លីៗ​ដ៏គួរ​ឱ្យ​ចាប់​អារម្ម​ណ៍ TikTok បាន​ចុះ​ផ្សាយ​របាយ​ការណ៍​អនុវត្ដ​គោល​ការណ៍​ណែនាំ​សហ​គមន៍​ចន្លោះ​ពីខែ​មេសា​ ដល់​ខែ​មិថុនា ​ដែល​អះ​អាង​អំពី​ការ​រីក​ចម្រើន​នៃវិធាន​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​នៅ​លើ​ប្លេត​ហ្វម​របស់​ខ្លួន​។

គោល​នយោ​បាយ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​បង្កគ្រោះ​របស់​ប្លេ​ត​ហ្វ​ម​នេះហាម​ឃាត់​មាតិកា​ដែល​អាច​បំភាន់​សហគមន៍​របស់ ​TikTok​ អំពី​ការលើក​កម្ពស់​គុណ​ភាព​នៃការ​រស់​នៅ​ក្នុង​សហគមន៍​ សុខ​ភាព​សា​ធារណៈ ឬ​សុវត្ថិភាព​។ ជាក់ស្ដែង​ TikTok មិន​អនុញ្ញាត​ឱ្យ​មាន​ព័ត៌មាន​ក្លែង​ក្លាយ​ផ្នែក​វេជ្ជ​សាស្ដ្រ​អំពី​ថ្នាំ​បង្ការ​ឬជំងឺ​កូវីដ ១៩​ និង​មិន​អនុញ្ញាត​ឱ្យ​មាន​ព័ត៌​មាន​ខុស​អំពី​ការ​បោះ​ឆ្នោត​នោះ​ទេ​។

ដើម្បី​លើក​កម្ពស់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត TikTok បង្កើត​មជ្ឈ​មណ្ឌល​បោះ​ឆ្នោត​ ដើម្បី​ផ្តល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​អំពី​ការ​បោះ​ឆ្នោត ​និង​ការ​បោះ​ឆ្នោត​ក្នុង​ស្រុក [ពីអង្គ​ការ​នានា​ដូចជា​សមាគម​ជាតិ​នៃ​រដ្ឋ​មន្ដ្រី​ការ​បរទេស​និង Ballo​tpe​dia]។

យោង​តាម​ TikTok បាន​បង្ហាញថា​ TikTok បាន​លុប​​មាតិកា​ដែល​បំពាន​គោល​នយោ​បាយ​របស់​​ខ្លួន​​ចេញ​ ដើម្បី​ជួយ​ឱ្យ​ប្លេត​ហ្វម​របស់​ខ្លួន​​នៅ​តែ​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​ប្រាកដ​និយម​សម្រាប់​អ្នក​ប្រើ​ប្រាស់​​។ ​

លោក ​Cormac Keenan ប្រធាន​ផ្នែក​ទំនុក​ចិត្ដ និង​សុវត្ថិភាព​នៅ TikTok បាន​ឱ្យដឹង​ថា​៖ «ព័ត៌មាន​ក្លែង​ក្លាយ​មិន​មែន​​ជា​​បញ្ហា​​ថ្មី​​នោះ​​ទេ តែ​​អ៊ីនធឺណិត​​ផ្តល់​នូវលទ្ធភាព​ថ្មី​​ដល់​បញ្ហា​ប្រឈម​​ចាស់។ យើង​ទទួល​ស្គាល់​នូវ​ផល​ប៉ះ​ពាល់​ដែល​ព័ត៌មាន​​ក្លែង​​ក្លាយ​​អាច​កើត​​មាន​នៅ​ក្នុង​ការ​​ធ្វើឱ្យ​​បាត់​​បង់​ជំនឿ​​ទុកចិត្ត​លើ​សុខភាព​សាធារណៈ ដំណើរ​ការ​បោះ​ឆ្នោតការ​ពិត​និង​វិទ្យា​សាស្ត្រ»។

TikTok បាន​ឱ្យ​ដឹង​ថា​ ចាប់​តាំង​ពីការ​ចាប់​ផ្តើម​កម្មវិ​ធីនេះ​កាល​ពីត្រី​មាស​មុន TikTok បាន​កំណត់​អត្ត​សញ្ញាណ​ព័ត៌មាន​ក្លែង​ក្លាយ​ចំនួន​ ៣៣​ ប្រភេទ​ ដែល​បណ្តាល​ឱ្យ​មាន​ការ​លុប​វីដេអូ​ចំនួន ​៥៨​ ០០០​ ឃ្លីប​​ ចេញ​ពី​ប្លេតហ្វម​។

យោង​តាម​ទិន្ន​ន័យ​ពី TikTokបាន​បញ្ជាក់​ថា នៅ​កម្ពុជា វីដេអូ​សរុប​ ៧៩៦​ ៤៥៣ ត្រូវបាន​ដក​ចេញ​ពី​ប្លេត​ហ្វម​ ដោយ​មាន​អត្រា​នៃការ​ដក​ចេញ​សកម្ម​រហូ​តដល់ ៩៩,៥​ ភាគរយ​ ហើយ​ការដក​ចេញ​មុន​ពេល​ចូល​មើល​ ៩០,១​ ភាគ​រយ​ និង​ការ​ដក​ចេញ​ក្នុង​រយៈ​ពេល ២៤​ ម៉ោង​ មាន​អត្រា ៩៤​,៤​ ភាគរយ​។

របាយ​ការណ៍​របស់​ TikTok បាន​បង្ហាញ​ថា​ ប្លេត​ហ្វម​មួយ​នេះ​ បំពាក់​នូវ​បច្ចេកវិ​ទ្យា​ និងមាន​​អ្នក​ជំនាញ​ផ្នែក​សុវត្ថិ​ភាព​រាប់ពាន់​នាក់ធ្វើ​ការ​រួមគ្នា​ ដើម្បី​អនុវត្ត​គោល​ការណ៍​ណែនាំ​សហ​គមន៍​របស់ខ្លួន​ និង​​វិនិយោគ​លើ​យន្ដការ​​កែ​សម្រួល​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​ប្រព័ន្ធ​បច្ចេក​វិទ្យា​និង​អ្នក​ជំនាញ​ពិនិត្យ​ឃើញ​ថា​​ មាតិ​កា​នោះបាន​បំពាន​។ ដូច្នេះ​ប្លេត​ហ្វ​ម អាច​លុប​នូវ​រាល់​ការ​បំពាន​គោល​នយោ​បាយ​របស់​ខ្លួន​ភ្លាមៗ​។​

បន្ថែម​ពីលើ​ការ​ដក​ចេញ​នូវ​មាតិកា​ដែល​មិន​ត្រឹម​ត្រូវ​ និង​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សហគមន៍ TikTok ​ក៏​ដក​ចេញ​នូវ​គណនី​ដែល​ប៉ង​បំភាន់​ដល់​មហា​ជន ឬ​ប្រើប្រាស់ TikTok ដើម្បី​បោក​បញ្ឆោត​មតិ​សាធារ​ណៈ​ផងដែរ​។ វិធានកា​រ​ទាំងនេះ​​មាន​ចាប់ពី​ការ​បង្កើត​គណនី​មិន​ពិត ឬ​ក្លែង​ក្លាយរហូត​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដ៏​ប៉ិន​ប្រសប់​ក្នុង​ការ​បំផ្លាញ​ទំនុក​ចិត្ត​ជាសា​ធារណៈ​។

លោក ​Keenan បាន​អះអាង​ថា​៖ «​យើង​ប្តេជ្ញា​ធ្វើ​​ជាផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ។ យើង​ចាត់​ទុក​ព័ត៌មាន​ក្លែង​ក្លាយ​ជា​​ករណី​ធ្ងន់​ធ្ងរ​បំផុត។ យើង​ប្រកាន់​យក​នូវ​វិធីសាស្រ្ត​ច្រើន​យ៉ាង​ក្នុង​ការ​បញ្ឈប់​​ពី​ការ​រីក​រាល​ដាល ខណៈ​ពេល​ដែល​ការ​បង្កើន​ព័ត៌មាន​ត្រឹម​ត្រូវ​​ និង​ការ​វិនិយោគ​លើ​ការ​អប់រំ​អក្ខរកម្ម​ឌីជីថល​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ធំៗ»។​

TikTok បាន​ឱ្យដឹង​ថា​ ខ្លួន​មាន​ដៃគូ​ត្រួត​ពិនិត្យ​ការពិត​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ដែល​ពិនិត្យ​មើល​ខ្លឹម​សារ​មាតិកា​ជាង​ ៣០​ ភាសា​។ ដៃគូ​ត្រួត​ពិនិត្យ​ការពិត​ទាំង​អស់​របស់​ខ្លួន​ត្រូវបាន​ទទួល​ស្គាល់​ដោយ​បណ្តាញ​ត្រួត​ពិនិត្យ​ការពិត​អន្តរជាតិ​ជា​ហត្ថ​លេខី​ដែល​បាន​ផ្ទៀង​ផ្ទាត់​នៃ​ក្រម​គោល​ការណ៍​របស់​បណ្តាញ​ត្រួត​ពិនិត្យ​ការ​ពិត​អន្តរ​ជាតិ​។

TikTok បាន​លាត​ត្រដាង​អំពី​គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​បង្កើន​សមត្ថ​ភាព​ស្វែង​រក ​និង​លុប​ព័ត៌មាន​ក្លែង​ក្លាយ​តាម​រយៈ​ការ​បន្ដ​​វិនិយោគ​គំរូ​កម្មវិធី​វិភាគ​ទិន្នន័យ​ដោយ​ស្វ័យ​ប្រវត្ដិ និង​បង្កើន​សមត្ថ​ភាព​​វិភាគ​​លើ​គំរូ​ទាំង​នេះ​យ៉ាង​ឆាប់​រហ័ស ស្រប​ទៅ​តាម​ការផ្លាស់​ប្តូរ​ឥត​ឈប់​ឈរ​​នៃ​ការវិវត្ដ​ព័ត៌មាន​ក្លែង​ក្លាយ​ ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការរ​កឃើញនៃសំ​ឡេងនិ​ង​រូបភាព​ដែល​បំភាន់​ ដើម្បី​កាត់​បន្ថយ​​មាតិកា​​បោក​ប្រាស់ ការ​ណែនាំ​មូល​ដ្ឋាន​ទិន្នន័យ​នៃ​ការ​អះអាង​ដែល​បាន​ត្រួត​ពិនិត្យ​ការ​ពិត​ពី​មុន​ ដើម្បី​ជួយ​អ្នក​កែ​សម្រួល​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​​ធ្វើការ​សម្រេច​ចិត្ត​បាន​រហ័ស និង​ត្រឹម​ត្រូវ។

គន្លឹះ​មួយ​ទៀត គឺ​ការ​ដំណើរ​ការក​ម្មវិធីស៊ើបអ​ង្កេតយ៉ាងស​កម្មជាមួយ​អ្នក​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ខ្លួនដែល​រាយ​ការណ៍​មាតិកា​បំពាន​​ថ្មី និង​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ ​ដែល​ពួកគេ​កំពុង​មើល​ឃើញ​នៅ​លើអ៊ីន​ធឺណិត។ នេះ​អនុញ្ញាត​ឱ្យ​ TikTok រក​មើល​មាតិកា​​បំពាន​ទាំង​នេះ​នៅ​លើ​​ប្លេត​ហ្វម ​និង​លុប​ចោល​រាល់​​ការ​បំពាន​។

TikTok បាន​បញ្ជាក់​ថា ខណៈ​ការ​បំពាន​លើ​គោល​​នយោបាយ​សុចរិត​ភាព​និង​ភាព​ត្រឹម​ត្រូវ​របស់​ TikTok ​មាន​​ត្រឹម​ចំនួន​តិច​ជាង ​១ ​ភាគ​រយ នៃ​វីដេអូ​ដែល​ត្រូវ​លុប​ចោល​ទាំង​អស់ ការ​វិនិយោគ​ទាំង​នេះបាន​ផ្ដល់​នូវ​​គុណ​ប្រយោជន៍​ចំពោះ​​ការ​​រក​​ឃើញ និង​ការ​អនុវត្ដ​ដ៏​សកម្ម​នៃ​គោល​នយោ​បាយ​របស់​​ខ្លួន​​៕ ​