
លោក ហង់ជួន ណារ៉ុន ពេលធ្វើបទបង្ហាញកាលពីថ្ងៃទី ៥ តុលា ។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ ស្របពេលឆ្នាំនេះសន្និបាតអប់រំបានសម្រេចដាក់ចេញវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ គឺ «ការកសាងប្រព័ន្ធនិងការអភិវឌ្ឍសមត្ថភាព» រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន បានធ្វើបាឋកថាស្ដីពី«ភាពជាអ្នកដឹកនាំសាលារៀន គឺជាគន្លឹះនៃកំណែទម្រង់សាលារៀន» ដោយចែករំលែកអំពីភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំដល់មន្ដ្រីអប់រំ និងលោកគ្រូអ្នកគ្រូ។
លោក ហង់ជួន ណារ៉ុន បានធ្វើបទបង្ហាញនាឱកាសទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំនេះ ស្ដីអំពី «ភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ» ដល់មន្ដ្រីអប់រំ លោកគ្រូអ្នកគ្រូ អ្នកសិក្សាចំនួន ៦ ចំណុចសំខាន់ រួមមាន ទី១ ភាពជាអ្នកដឹកនាំក្នុងការរៀននិងបង្រៀន (Instructional leadership)។ ទី២ ភាពជាអ្នកដឹកនាំចែករំលែក (Distributed leadership)។ ទី៣ ភាពជាអ្នកដឹកនាំកែប្រែមុខមាត់ (Transformationalleadership)។ ទី៤ ភាពជាអ្នកដឹកនាំអនុវត្តកម្មវិធីសិក្សា។ ទី៥ ភាពជាអ្នកដឹកនាំរង្វាយតម្លៃ និងទី៦ ភាពជាអ្នកដឹកនាំការអភិវឌ្ឍវិជ្ជាជីវៈ។
លោកបានឱ្យដឹងថា៖ «ភាពជាអ្នកដឹកនាំក្នុងការរៀននិងបង្រៀន អ្នកដឹកនាំខិតខំប្រឹងប្រែងកែលម្អកត្តាសាលារៀន ដូចជាខ្លឹមសារកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន យុទ្ធសាស្ត្ររង្វាយតម្លៃនិងវប្បធម៌ក្នុងសាលារៀនក្នុងគោលដៅកែលម្អលទ្ធផលសិក្សារបស់សិស្ស»។
លោកបានបន្តថា ភាពជាអ្នកដឹកនាំត្រូវផ្តោតលើកត្តាចំនួន ៣ គឺទី១ ការកំណត់បេសកកម្មសាលារៀន ដោយបង្ហាញពីតួនាទីរបស់នាយកសាលាក្នុងការសហការជាមួយដៃគូដទៃទៀតដោយដាក់ចេញនូវគោលដៅច្បាស់លាស់អាចវាស់បាន និងកំណត់ពេលដើម្បីឱ្យសាលារៀនសម្រេចបាននូវការកែលម្អលទ្ធផលសិក្សារបស់សិស្ស។ ទី២ ការគ្រប់គ្រងកម្មវិធីសិក្សា ដោយសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តកម្មវិធីសិក្សា ការអនុវត្តការរៀន និងការបង្រៀនតាមរយៈការលើកទឹកចិត្ត ការជួយគាំទ្រ ការធ្វើអធិការកិច្ច និងការត្រួតពិនិត្យ ការរៀន និងការបង្រៀន និងទី៣ ការលើកកម្ពស់បរិយាកាសសិក្សាជាវិជ្ជមាន សាលាមានប្រសិទ្ធភាព បង្កើតធ្វើឱ្យគ្រូ និងសិស្សដាក់ចេញស្តង់ដា និងការរំពឹងទុកខ្ពស់ Hallinger (2005) ។
ចំណែក«ភាពជាអ្នកដឹកនាំចែករំលែក» លោក ណារ៉ុន បានបង្ហាញថា គឺជាការដឹកនាំតាមបែបក្រុមនិងអង្គភាព។ លោកបញ្ជាក់ថា នៅក្នុងវិស័យអប់រំ មនុស្សតែម្នាក់មិនអាចបំពេញការងារដ៏ស្មុគស្មាញដើម្បីសម្រេចបានតាមគោលដៅបានទ្បើយ។ ភាពដឹកនាំចែករំលែក គឺត្រូវមានបុគ្គលមួយក្រុម ដែលទទួលខុសត្រូវក្នុងការធានាភាពជាអ្នកដឹកនាំ ដែលពីពេលមុន បុគ្គលតែម្នាក់អាចធ្វើបាន។
លោកបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ Elmore (2000) ចាត់ទុកភាពជាអ្នកដឹកនាំចែករំលែកថា គឺជាការដឹកនាំដោយអ្នកដឹកនាំជាច្រើនក្នុងអង្គភាព ដែលត្រូវបំពេញតាមភារកិច្ចផ្សេងៗជាច្រើនខុសៗគ្នា ដូចជា ទី១ ការងារប្រចាំថ្ងៃ ពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកា បុគ្គលិក ការវាយតម្លៃ ការងារបន្ទាន់ និងការងារបច្ចេកទេសជាច្រើនទៀត (Gronn,2002) និងទី២ ការងារទស្សនវិស័យ ការគ្រប់គ្រង ការផ្លាស់ប្តូរ ការលើកទឹកចិត្ត ការកែលម្អនីតិវិធីការងារ ការត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារ និងការដោះស្រាយបញ្ហាជាដើម ។
រីឯ «ភាពជាអ្នកដឹកនាំកែប្រែមុខមាត់» លោក ណារ៉ុន បានបង្ហាញចំណុចចំនួន ៤ រួមមានទី១ ឥទិ្ធពលប្រកបដោយឧត្តមគតិ (Idealized influence) ដោយពង្រឹងជំនឿជឿជាក់ និងការគោរពពីថ្នាក់ក្រោម ដាក់ចេញស្តង់ដាខ្ពស់ មានសីលធម៌វិជ្ជាជីវៈ គិតគូរពីផលប្រយោជន៍រួម។ទី២ការលើកទឹកចិត្តឱ្យធ្វើតាម (Inspirational motivation) គឺអ្នកដឹកនាំកំណត់ទស្សនវិស័យច្បាស់លាស់ដឹកនាំការបំពេញការងារតាមគោលដៅ ដើម្បីថ្នាក់ក្រោមឱ្យមានជំនឿជឿជាក់ពីសមត្ថភាពអនុវត្តនិងមានសុទិដ្ឋិនិយម។ ទី៣ នវានុវត្តន៍ខាងផ្នែកបញ្ញា (Intellectual stimulation) គឺអ្នកដឹកនាំជំរុញចិត្តថ្នាក់ក្រោមឱ្យមាននវានុវត្តន៍ និងមានភាពច្នៃប្រឌិតដោយចេះត្រិះរិះពិចារណាដោះស្រាយបញ្ហាដោយប្រើវិធីសាស្ត្រថ្មី។ ទី៤ យកចិត្តទុកដាក់បុគ្គលម្នាក់ៗ (Individualized consideration) អ្នកដឹកនាំត្រូវយកចិត្តទុកដាក់ដល់តម្រូវការរបស់បុគ្គលិកម្នាក់ៗ ដើម្បីសម្រេចបាននូវសមិទ្ធផល និងការអភិវឌ្ឍខ្លួន (Bass and Riggio, 2006)។
ចំពោះ «ភាពជាអ្នកដឹកនាំអនុវត្តកម្មវិធីសិក្សា» លោករដ្ឋមន្ដ្រីបានបង្ហាញនូវចំណុចសំខាន់ចំនួន ៥ ដែរ គឺ ទី១ អ្នកដឹកនាំបច្ចេកទេសដែលធានាប្រសិទ្ធភាពនិងការគ្រប់គ្រងសាលារៀន។ទី២ អ្នកដឹកនាំធនធានមនុស្ស ដែលគាំទ្រសហគមន៍គ្រួសារ គ្រូបង្រៀន និងបង្កើតបរិយាកាសល្អសម្រាប់ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល។ ទី៣ អ្នកដឹកនាំអប់រំដែលមានចំណេះដឹងវិជ្ជាជីវៈខ្ពស់ខាងផ្នែកគរុកោសល្យនិងវិទ្យាសាស្ត្រអប់រំ។ ទី៤ អ្នកដឹកនាំនិមិត្តរូបដែលជាគំរូនិងលើកកម្ពស់តម្លៃសាលារៀន។ ទី៥ អ្នកដឹកនាំវប្បធម៌ដែលបង្កើតនិងលើកកម្ពស់អត្តសញ្ញាណសាលារៀន។
ចំណែក «ភាពជាអ្នកដឹកនាំរង្វាយតម្លៃ» រួមមាន ទី១ ការធ្វើកំណែទម្រង់រង្វាយតម្លៃ ដើម្បីកែលម្អលទ្ធផលសិក្សាសិស្ស។ វិធីសាស្ត្របង្រៀនបែបថ្មីដែលផ្តោតលើបំណិនសតវត្សរ៍ទី២១ មិនអាចវាស់វែងបានតាមរយៈការប្រទ្បងបានទ្បើយ។ មានតែគ្រូប្រចាំថ្នាក់ទេដែលអាចវាយតម្លៃជាប្រចាំដោយផ្តោតលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទារបស់សិស្ស។ ទី២ គ្រូត្រូវរៀបចំក្របខ័ណ្ឌរង្វាយតម្លៃឱ្យមានសង្គតិភាព ដើម្បីសម្រួលដល់ការរៀនរបស់សិស្សឱ្យប្រទាក់ក្រទ្បា និងទូលំទូលាយ។ ទី៣ សាលាត្រូវមានចក្ខុវិស័យច្បាស់លាស់ដើម្បីធានាថា រង្វាយតម្លៃដែលមានលក្ខណៈទូលំទូលាយ និងប្រទាក់ក្រទ្បាក្នុងការសម្រេចបាននូវចក្ខុវិស័យនេះ។ ទី៤ ត្រៀមលក្ខណៈដោះស្រាយបញ្ហាដែលគ្រូអាចមានការលំបាកក្នុងផ្លាស់ប្តូរវិធីរង្វាយតម្លៃពីការប្រទ្បងទៅរង្វាយតម្លៃសិស្សតាមវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលមានលក្ខណៈស្មុគស្មាញ។
រីឯ «ភាពជាអ្នកដឹកនាំការអភិវឌ្ឍវិជ្ជាជីវៈ» រួមមាន ប្រតិបត្តិ (Action research)។ ការទទួល និងការផ្តល់ប្រឹក្សានៅនឹងកន្លែង (coaching,mentoring)។ ការចូលរួមវគ្គសិក្សានៅតាមសាលារៀន ឬការចូលរួមសិក្ខាសាលាផ្សេងៗ។ ការផ្លាស់ប្តូរបទពិសោធការងារ និង «សហគមន៍សិក្សាវិជ្ជាជីវៈ»។ ការបង្កើតកម្រងសាលារៀន ក្នុងគោលដៅលើកកម្ពស់កិច្ចសហការ ការអភិវឌ្ឍ និងការចែករំលែកបទពិសោធនិងបំណិន។ ការធ្វើកម្មសិក្សានៅតាមសាលាផ្សេងៗ និងនៅតាមសហគ្រាសឯកជននិងអង្គភាពរដ្ឋ។ ការធ្វើការវិភាគនិងកែលម្អការបង្រៀនដោយខ្លួនឯង (personal reflection)។ ការសិក្សាដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ការពិភាក្សាតាមក្រុម និងការធ្វើស្វ័យសិក្សា)៕