​ភ្នំពេញៈ ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​បានចាត់ទុក​ជាការ​លំបាក​ក្នុងការ​ចូលរួម​ជាមួយ​នឹង​គណបក្ស​ភ្លើងទៀន តាម​ការអំពាវនាវរ​បស់​គណបក្ស​នេះ ឱ្យចូល​រួមជាមួយ​ខ្លួន ក្រោយពេល​គណបក្ស​ឆន្ទៈ​ខ្មែរ បានសម្រេច​ចិត្ត​ចូលរួម ជា​គណបក្ស​តែមួយ ដើម្បី​ជា​កម្លាំងចលករ​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ ឈានទៅរក​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ខាងមុខនេះ​។

លោក អ៊ូ ច័ន្ទ​រ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ខែតុលា ថា អ្វីដែល​លោក ចាត់ទុកថា​លំបាក​នោះ គឺ​គណបក្ស​នេះ បាន​ប្រកាន់​ជំហរ​រឹងមាំ និង​ចាត់ទុក​ខ្លួនឯង​ជា​គណបក្ស​ធំ រួមទាំង​មិនមាន​គោលការណ៍​ច្បាស់លាស់​ក្នុងការ​បង្រួប​ង្រួ​ម​ជាមួយនឹង​គណបក្ស​តូចៗ​ផ្សេងទៀត។ មួយវិញទៀត ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​នេះ ក៏បាន​ប្រកាន់​ជំហរ​ក្នុងការ​មិនឱ្យ​មានការ​ប​ង្រួ​បង្រួម​ផងដែរ​។​

លោក​បន្តថា ដោយឡែកចំពោះ​ការប្រកាស​ចូលរួម​រប​ស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ជាមួយ​គណបក្ស​ភ្លើង​ទៀត គឺមាន​ភាពងាយស្រួល ព្រោះថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ ២ ​នេះ ធ្លាប់​ធ្វើការ​ជាមួយគ្នា និង​យល់ចិត្ត​គ្នាច្រើន​។ មួយវិញទៀត លោក គង់ គាំ ក៏​ធ្លាប់​ធ្វើជា​ប្រធាន​គណបក្ស​តាំងពីដើម​មក​ដែរ​។ ដូច្នេះ ការវិលត្រឡប់​ទៅវិញ គ្មានអ្វី​ជា​បញ្ហា​នោះទេ​សម្រាប់​គណបក្ស​ឆន្ទៈ​ខ្មែរ។

ទោះជា​យ៉ាងណា លោក​ថា ជាគោលការណ៍ គឺ​គណបក្ស​កែទម្រង់​កម្ពុជា ចង់ឱ្យមាន​ការបង្រួបបង្រួម​ទៅ​ជ្រក​ក្រោម​គណបក្ស​ណាមួយ ប៉ុន្តែការបង្រួបបង្រួម​នេះ​ត្រូវ​ស្ថិតក្រោម គោលការណ៍​ច្បាស់លាស់ ជាពិសេសត្រូវ​រៀបចំ​ឱ្យមាន​ការជជែក​គ្នា​លើ​គោលការណ៍​ទាំង ៣​ ទោះបី​គណបក្ស​នោះ​តូច ឬ​ធំ​ក៏ដោយ។​

លោក​ថ្លែងថា​៖ «ការចូលរួម​ជាមួយនឹង​គណបក្ស​ភ្លើងទៀន គឺ​ត្រូវតែមាន​ការជជែក​គ្នា ជាពិសេស​គណបក្ស​នេះ គួរតែមាន​ការផ្លាស់ប្តូ​រ​ជំហរ និង​ឥរិយាបថ​ខ្លះ ទើប​អាច​ជជែក​គ្នា​ជាមួយគ្នា​បាន ពីព្រោះ​កន្លងមកនេះ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ មិនមាន​ជំហរ​ណាមួយ ក្នុងការ​បង្រួបបង្រួម​នោះទេ។ អ្នកណា​ចូល​ក៏​ចូលមក ភាសា​សាមញ្ញ មានន័យថា​អ៊ីចឹង​»។

បើតាម លោក អ៊ូ ច័ន្ទ​រ័ត្ន ពាក់ព័ន្ធ​នឹង​ការបង្រួបបង្រួម​ឬ​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​នេះ​លោក​នឹង​ពិចារណា​ឱ្យបាន​ហ្មត់ចត់ ថា​តើ វា​អា​ចំណេញ​ ​ឬទេ? បើសិន​គ្រាន់តែ​ទៅ​ជ្រក​ក្រោម​គណបក្ស​នេះ មិន​ចំណេញ​ទេ គណបក្ស​របស់លោក​ក៏​មិនចាំបាច់​ជ្រក​នោះទេ គណបក្ស​លោក​សុខចិត្ត​ធ្វើ​ដូច​បច្ចុប្បន្ន ហើយនឹង​ស្វែងរក​យុទ្ធសាស្ត្រ​ណាមួយ​ក្នុងការ​ធ្វើការ​ជាមួយគ្នា។ គណបក្ស​របស់លោក ក៏​កំពុង​ជជែក​គ្នា​ជាមួយ​គណបក្ស​ចំនួន ៤ ផ្សេងទៀត​ការបង្រួបបង្រួម​គ្នា​នេះ​ផងដែរ។​

លោក ឡឹ​ក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦ ខែតុលា​ថា ការប្រកាស​ចូលរួមរ​បស់​គណបក្ស​ឆន្ទៈ​ខ្មែរ ជាមួយ​គណបក្ស​ភ្លើងទៀន គឺជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​ ២០២៣ ប៉ុន្តែសម្រាប់​គណបក្ស​របស់​លោក​វិញ​មិនទាន់​សម្រេច​យ៉ាងណា​នោះទេ រងចាំ​ការកោះប្រជុំ​ពិភាក្សា​ជា​ថ្នាក់ដឹកនាំ​នៅពេល​ខាងមុខ​។​

លោក​បន្តថា ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់ឃើញថា ការរួមបញ្ចូល​គ្នា​ជា​គណបក្ស​តែមួយ ឬក៏​ចែក​មណ្ឌល​គ្នា​បោះឆ្នោត ឬក៏​ក្នុង​ទម្រង់​ណាមួយ​នោះ សុទ្ធសឹងតែ​មានការ​លំបាក​ដូចគ្នា​ទាំងអស់ ប៉ុន្តែបើ​អ្នកនយោបាយ​ដែលមាន​និ​ន្ន​ការ និង​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ដូច្នេះ គិតគូរ​ពី​ប្រយោជន៍​ជាតិ និង​ប្រជាជន លុះត្រាតែ​មានការ​លះបង់​ខ្លះ ទើប​អាច​បង្រួបបង្រួម​គ្នា​បាន។

លោក​ថ្លែងថា​៖ «ជាធម្មតា ឱ្យតែ​ធ្វើការ​ចាប់ពី​ ២​​ នាក់​ឡើង គឺ​លំបាក ដូច្នេះ យើង​ត្រូវ​លះបង់​ខ្លះ បើ​យើង​នៅតែ​ប្រកាន់​ថា ទៅ​មិន​រួច​ទេ ព្រោះ​ខ្ញុំ​នៅ​នេះ ប្រធាន​បក្ស​ហើយ ខ្ញុំ​ទៅដល់​នោះ ឱ្យ​ខ្ញុំ​ធ្វើ​អី​តូច​ជាង​ហ្នឹង ខ្ញុំ​គិតថា​វា​លំបាក​ហើយ បើសិន​យើង​គិត ទម្លាក់​ចុះ​អញ​និយម គិតពី​ប្រយោជន៍​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ ប្រហែលជា​មិន​លំបាក​ទេ»​។

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៦ ខែតុលាថា សម្រាប់ ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ ដែលមាន​លោក គង់ គាំ ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​កន្លងមក គឺមាន​ភាពងាយស្រួល​ក្នុង​ការជជែក និង រួមបញ្ចូល​គ្នា​ប៉ុន្តែ​សម្រាប់​គណបក្ស​ផ្សេងទៀត​ត្រូវការ​ពេលវេលា​ជជែក​គ្នា​។

នៅពេល​សួរថា តើ​គណបក្ស​ភ្លើងទៀន​នឹង​ទៅ​ជជែក​ជាមួយ​គណបក្ស​តូចៗ​ផ្សេងទៀត ឱ្យមក​ចូលរួម​ជាមួយ​ខ្លួន ឬក៏​ឱ្យ​គណបក្ស​ទាំង​នោះមក​ជជែក​ជាមួយ​ខ្លួន ? លោក ថាច់ សេដ្ឋា ឆ្លើយថា​៖ «យើង​គិត​រឿង​ជាតិ មិន​ថា នរណា​ទៅ​ជជែក​ជាមួយ​នរណា​ទេ។ ខ្ញុំ​ធ្លាប់​ទៅដល់​ផ្ទះ​លោក គង់​គាំ ដើម្បី​ជជែក​គ្នា​។ បើ​យើង​នៅតែ​ប្រកាន់ថា ទាល់តែ​អ្នក​នោះមក​និយាយ ឬ អ្នកនោះ​ទៅ​និយាយ ឬក៏​មាន​តួនាទី បុណ្យស័ក្តិ ទើប​អាច​ជជែក​គ្នា​បាន ។ នោះ​មិនមែន​ជាតិនិយម​ពិតប្រាកដ​ទេ យើង​ត្រូវតែ​ហ៊ាន​លះបង់ ប៉ុន្តែ បើ​យើង​មិនទាន់​បានធ្វើ​អ្វី​ផង ហើយ​គិតពី​តួនាទី​នោះ​ក៏​មិនកើត​ដែរ​»៕