ភ្នំពេញៈ គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) នៅ​ថ្ងៃទី​ ៥ ខែ​តុលា​ បាន​សម្ពោធ​ដាក់​ចេញ​នូវ​កម្មវិធី​ប្រកួត​ប្រជែង​ដ៏​ពិ​សេស​មួយ ដែល​ជួយ​ជំរុញ​ឱ្យនិស្សិត​សា​កល​វិទ្យា​ល័យ​ក្នុង​តំបន់​រៀបចំ​បង្កើត​បច្ចេក​វិទ្យា​ប្រកប​ដោយ​ចីរភាព​និង​ប្រសិទ្ធ​ភាព​ចំណាយ​ ដើម្បី​តាម​ដាន​ពី​កម្រិត​ទឹក​ទន្លេ​មេគង្គ បរិមាណ​ភ្លៀង​ធ្លាក់ សំណើម​ដី និង​គុណ​ភាព​ទឹក​។​

MRC បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី ​៦ ​ខែតុលា​ថា «​កម្មវិធី​ប្រកួត​ប្រជែង​បច្ចេកវិ​ទ្យា​សម្រាប់​តាម​ដាន​ទន្លេ​របស់ ​MRC រៀប​ចំឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​និស្សិត​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ ​ថៃ និង​វៀត​ណាម ដែល​មកពី​សា​កល​វិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាកល​វិទ្យា​ល័យ​ទាំង ១៥ ​ដែល​បាន​ជ្រើស​រើស​ជាមុន​សម្រាប់​តំបន់​អាង​ទន្លេ​មេគង្គ​ក្រោម​ទាំង​មូល ​ដើម្បី​ជួយ​ថែ​គាំពារ​ជីវិត​រាប់​លាន​នាក់​នៃ​ក្រុម​គ្រួសារ​អ្នក​នេ​សាទ និង​ប្រជា​កសិករ​»​។​

MRC​ បាន​ធ្វើ​ការថែ​ទាំ​ស្ថា​នីយ​តាម​ដាន​ប្រមាណ​ជាង ​២៥០ ដែល​ធ្វើការ​តាម​ដាន​ជល​សាស្ត្រ បរិមាណ​ភ្លៀង​ធ្លាក់ ​គុណ​ភាព​ទឹក ​សុខភាព​អេកូឡូ​ស៊ី ជល​ផល និង​គ្រោះ​រាំង​ស្ងួត ដែល​ប៉ះ​ពាល់​ដល់​ទន្លេ​ធំជាង​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​។ក៏ប៉ុន្តែភាគច្រើន​នៃ​បច្ចេក​វិទ្យា​តាម​ដាន​ទាំង​នេះពឹង​អាស្រ័យ​ខ្លាំង​លើ​បរិក្ខារ​សម្ភារ​ពី​បរទេស​ដែល​ជា​ញឹក​ញាប់ វា​មាន​តម្លៃ​ថ្លៃ និង​ពេល​ខ្លះទៀត វា​ហួស​សម័យ​។​

​ខណៈ​ដែល MRC ឱ្យ​តម្លៃ​លើ​ដៃគូ​អន្តរ​ជាតិ​របស់​ខ្លួន​ លោក អនុ​ល័ក ខិ​ធិ​ឃួន (Ano​ulak Kittikhoun) នាយក​ប្រតិ​បត្តិ​នៃ​លេខាធិ​ការ​ដ្ឋាន MRC បាន​ថ្លែង​ថា ដំណោះ​ស្រាយ​ក្នុង​ស្រុក​គួរតែ​មាន​តម្លៃ​ទាប​ អាច​កសាង​សមត្ថ​ភាព​មន្ត្រី​ជំនាញ​តាម​មូល​ដ្ឋាន និង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត។​តួយ៉ាង​ដូចជា​ការ​បណ្តុះ​គំនិត​ដែល​ថា ប្រជា​ជន​តាម​ដង​ទន្លេ​មេគង្គ​អាច​មាន​សមត្ថ​ភាព​ដោះ​ស្រាយ​បញ្ហា​ទន្លេ​មេគង្គ​បាន​តាម​រយៈ​ន​វានុវតន៍​ផ្នែក​បចេ្ចក​វិទ្យា​។

​លោក​ថ្លែង​ថា​៖ «​យើង​រំពឹង​នឹង​ជួយ​ជំរុញ​យុវជន​ទន្លេ​មេគង្គ​របស់​យើងសម្រេច​ឱ្យបាន​នូវ​សក្តានុ​ពល​ពិតប្រាកដ​របស់​ខ្លួន និង​ផ្តល់នូវ​ការ​ឆ្លើយ​តប​បែប​ច្នៃប្រ​ឌិតដែល​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដ៏​លំបាក​ជា​ច្រើន​របស់​យើង​។ នេះ​ គឺជា​ពេល​វេលា​សម្រាប់​អ្នកនិង​សម្រាប់​យើងដើម្បី​បញ្ជាក់​ថា ខ្លួន​យើង​ផ្ទាល់អាច​អភិវឌ្ឍ​បច្ចេក​វិទ្យា​ដែល​តែង​តែ​បង្កើត​ឡើង​នៅ​ឆ្ងាយ​ពី​យើង​បាន​។ អ្នក​នឹង​ភ្ញាក់​ផ្អើល​ពីអ្វី​ដែល​អ្នក​អាចធ្វើ​បាន ​ធ្វើ​សម្រាប់​ខ្លួន​អ្នក ​សា​កល​វិទ្យា​ល័យ សង្គម និង​សម្រាប់​ទន្លេ​មេ​គង្គ​តែ​មួយ​គត់​របស់​អ្នក​»​។​

​សម្រាប់​កម្មវិធី​ប្រកួត​នេះ ភារ​កិច្ច​ជាក់​លាក់ គឺ​ការ​បង្កើត​ឧបក​រណ៍​ចាប់​សញ្ញា​ទូរ​មាត្រ​វិទ្យា (telemetry-sensor tech​nology) ដែល​អាច​វាស់​ស្ទង់​ផ្នែក​ទាំង​ ៤​ ដាច់​ពីគ្នា​បាន​ដែល​រួម​មាន កម្រិត​ទឹក បរិមាណ​ភ្លៀង​ធ្លាក់ សំណើម​ដី និង​គុណ​ភាព​ទឹក​។ ជា​ទូទៅ​ឧបករណ៍​ចាប់​សញ្ញា​បែប​នេះ ​ត្រូវបាន​គេ​បំពាក់​នៅ​ក្នុង​ស្ថានីយ​ដាច់​ដោយ​ឡែក ឬ​នៅ​ខាង​ក្រៅ​លើ​ច្រាំង​ទន្លេ ជា​ពិសេស​ក្នុង​តំបន់​កសិកម្ម​។

MRC ​បញ្ជាក់​ថា បេក្ខ​ជន​ប្រកួត​ គួរតែ​រៀប​ចំ​បង្កើត​ស្ថានីយ​មួយ​ សម​ស្រប​ទៅនឹង​ភូមិ​សាស្ត្រ ទីតាំង​ អាកាស​ធាតុ និង​មុខងារ​របស់​ខ្លួន ហើយ​ស្ថានីយ​នេះ​អាច​ប្រតិ​បត្តិការ​បាន​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យនិង​មាន​សមត្ថ​ភាព​ប្រមូល ​និង​បញ្ជូន​ទិន្ន​ន័យ​ទូរ​មាត្រ​វិទ្យា​ពី​ស្ថា​នីយ ​ទៅ​កាន់​ម៉ាស៊ីន​មេ តាម​ពេល​វេលា​ជាក់​ស្តែង​។

​ជ័យ​ជម្នះពីការ​ចូលរួម​ប្រកួត នឹង​ត្រូវ​វិនិច្ឆ័យ ​ដោយ​យោង​លើ​សុ​ក្រឹត​ភាព ​ភាព​ធន់ ​ប្រសិទ្ធភាព​ចំណាយ​ និងន​វា​នុ​វត្ដន៍​។​កម្មវិធី​ប្រកួត​នេះ បើក​ទូលាយ​សម្រាប់​និស្សិត​ថ្នាក់​បរិញ្ញា​បត្រ ឬ​បរិញ្ញា​បត្រ​ជាន់​ខ្ពស់សិក្សា​នៅ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ចំណោម​សា​កល​វិទ្យា​ល័យ​ដៃគូ​ទាំង ១៥​ ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​សមាជិក​ទាំង​ ៤ ​របស់ MRC ក្នុង​ប្រ​ទេស ​កម្ពុជា ​ឡាវ ថៃ និង វៀត​ណាម​។​

​និស្សិត​អាច​ចូលរួម​ការ​ប្រកួត​នេះជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម​ ក្រោម​ការ​ដឹក​នាំ​របស់​ទីប្រឹក្សា​ម្នាក់​មក​ពី​សាកល​វិទ្យា​ល័យ​របស់ខ្លួន​។ ដោយ​ហេតុ​ថា ​សា​កល​វិទ្យា​ល័យ​នីមួយៗ​អាច​ដាក់​ស្នើ​គូ​ប្រកួត​បាន​តែ​ម្នាក់​ ឬមួយ​ក្រុមសរុប​ទាំង​អស់​សម្រាប់​វិញ្ញាសាទាំង ​៤ គេ​ត្រូវតែ​កំណត់​យក​បេក្ខជន​ ឬក្រុម​ដែល​មាន​សក្តានុ​ពល​សំណើ​ខ្លាំង​បំផុត​។

​បន្ទាប់​មកបេក្ខ​ជន​នឹង​ត្រូវ​បាន​អញ្ជើញ​ទៅ​ទីក្រុង​បាង​កក ​ប្រទេស​ថៃ ដើម្បី​បង្ហាញ​គំនិត​របស់​គេ​ទៅ​កាន់​គណៈ​វិនិច្ឆ័យ​នៃ​លេខាធិ​ការ​ដ្ឋាន MRC​។ គម្រោង​ដែល​បាន​ទទួល​យក​នឹង​ទទួល​បាន​ថវិកា ​៨០០ ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍ​គំរូ​ដើម​របស់​គេ​។​

​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២៣​ បេក្ខជន​នីមួយៗនឹង​ធ្វើ​បទ​បង្ហាញ​គំរូ​ដើមទៅ​កាន់​ក្រុម​គណៈ​វិនិច្ឆ័យ​អន្ត​រជាតិនៅ​ទីក្រុង​វៀង​ចន្ទន៍ ​ប្រទេស​ឡាវ ដែល​នឹង​ជ្រើស​រើស​ក្រុម​ជយ​លាភី​ទាំង ​៤ ​ពោល​គឺ​ ១ ក្រុម​ សម្រាប់ ​១ ​វិញ្ញា​សា​។

​ក្រៅ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ៥ ០០០ ដុល្លារ​អាមេរិក ​បេក្ខជន​ជយ​លាភីនឹង​ទទួល​បាន​ការ​អញ្ជើញ​ទៅ​ទីក្រុង​វៀង​ចន្ទន៍​ ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​ទៅកាន់​ប្រមុខ​រដ្ឋាភិ​បាល​ក្នុង​តំបន់ និង​ឥស្ស​រជន​ចូលរួម​ផ្សេង​ទៀតនៅ​ខែ​មេសា ឆ្នាំ​ ២០២៣ ទាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល MRC លើក​ទី​៤ និង​សិក្ខា​សាលា​អន្តរជាតិ​មុន​កិច្ច​ប្រជុំ​កំពូល​របស់​ MRC​។

MRC បញ្ជាក់​ថា ​«​បន្ទាប់​ពី​នោះ​បេក្ខជន​ជយ​លាភីនឹង​ធ្វើ​ការ​ជា​មួយ​​ MRC ដើម្បី​អនុវត្ត​បច្ចេក​វិទ្យា​ដ៏​ជោគ​ជ័យ​របស់​ខ្លួន​សម្រាប់​ទន្លេ​មេគង្គ​»៕