
កិច្ចប្រជុំរកដំណោះស្រាយវិវាទការងារករណីអតីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ រូបថត ក្រសួងការងារ
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់បុគ្គលផ្សេងទៀតដែលមិនពាក់ព័ន្ធ នឹងករណីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ សូមកុំចូលរួមក្នុងការតវ៉ា ខណៈកិច្ចចរចាស្វែងរកដំណោះស្រាយលើកទី១៩ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយ។
សេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១៩ ដោយមានការចូលរួមពីលោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងតំណាងភាគីកម្មករនិយោជិតជាច្រើនរូប។
សេចក្តីជូនដំណឹងបន្តថា៖ «ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំង២នៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំង ២ អាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ»។
ដូច្នេះ ភាគីទាំង ២ ឯកភាពកំណត់កាលបរិច្ឆេទ ប្រជុំបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែតុលា ឆ្នាំ ២០២២ ដើម្បីមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។ ជាមួយគ្នានេះដែរ ក្រសួងការងារ បានជម្រាបជូនដល់បុគ្គលផ្សេងទៀតដែលមិនពាក់ព័ន្ធ នឹងករណីវិវាទនេះ សូមកុំចូលរួមក្នុងការតវ៉ា។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំង ២ មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។
យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សាទេនោះ នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។
ក្រសួងការងារបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ នេះ មានអតីតបុគ្គលិកសរុបចំនួន ២៤៤ នាក់ ក្នុងចំណោម ៣៧៣ នាក់ បានយល់ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែចំនួន ១២៩ នាក់ប៉ុណ្ណោះ៕