
ស្ថានភាពទឹកជំនន់នៅស្ទឹងពោធិ៍សាត់។ រូបថត រដ្ឋបាលខេត្ត
ពោធិ៍សាត់ៈ អាជ្ញាធរក្រុងពោធិ៍សាត់ នៅថ្ងៃទី ៦ ខែតុលា បានអំពាវនាវឱ្យពលរដ្ឋ ដែលរស់នៅតាមទំនាបជាប់មាត់ទឹក នៃដងស្ទឹងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះទឹកជំនន់ ខណៈកម្ពស់ទឹកស្ទឹងនេះ បានហក់ឡើងដល់ ៥,០៣ ម៉ែត្រ លើសពីកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ៣ សង់ទីម៉ែត្រ។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា នៅផ្នែកខាងលើនៃតំបន់ជួរភ្នំក្រវាញ បានធ្វើឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ហក់ឡើងដល់ ៥,០៣ មែត្រ ដែលកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ទឹកមានកម្ពស់ ៥,០០ ម៉ែត្រ។ ស្ថានភាពនេះ បានធ្វើឱ្យផ្នែកខ្លះ នៃភូមិសាស្ត្រទំនាបជាប់មាត់ស្ទឹង រងការជន់លិច ជាបណ្ដើរៗ។
លោកបញ្ជាក់ថា៖ «នៅពេលនេះ កម្ពស់ទឹកស្ទឹងសែន បានជន់ឡើង ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្នហើយ។ ដើម្បីសុវត្ថិភាពនៃអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប្របជាប់តាមមាត់ស្ទឹង និងតំបន់ទំនាបជាប់មាត់ទឹកនានា នៃក្រុងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ»។
បើតាមលោក ចាប នាង នៅពេលនេះ រដ្ឋបាលក្រុងពោធិ៍សាត់បានត្រៀមរួចជាស្រេចហើយ ទាំងកម្លាំង មធ្យោបាយ និងទីទួលសុវត្ថិភាព ដើម្បីជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋពីតំបន់ងាយរងគ្រោះដោយទឹកជំនន់។
ចំណែកនៅឯស្រុកជាំក្សាន្ត ខេត្តព្រះវិហារវិញ ទឹកបានចាប់ផ្ដើមស្រកបន្តិចវិញ ប៉ុន្តែអាជ្ញាធរនៅមិនទាន់ឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១០០ ដល់គីឡូម៉ែត្រលេខ ១០១ ស្ថិតក្នុងឃុំមរកតនៅឡើយទេ ដោយសារតែផ្លូវនៅមានលក្ខណៈទន់ជ្រាយ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅអាងទឹករក្សា គិតត្រឹមរសៀលថ្ងៃទី ៦ ខែតុលា ទឹកមានកម្ពស់ ៤០,៦០ ម៉ែត្រ ទាបជាងថ្ងៃម្សិលមិញ ២២ សង់ទីម៉ែត្រ។ ប៉ុន្តែទឹកនៅសា្ថនីយជលសាស្ត្រស្ទឹងសែនព្រះវិហារ កម្ពស់ទឹកនៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយគឺមានកម្ពស់ ជាង ១៤ ម៉ែត្រនៅឡើយ។
លោកថ្លែងថា៖ «ដើម្បីការពារទំនប់ទឹករក្សា ដែលទើបសាងសង់ហើយថ្មីៗ ក្រុមការងារយើងបានសម្រេចបើកទ្វារអាងទឹករក្សា ដោះទឹកចេញខ្លះ ហើយទឹកទាំងនោះ បានហូរទៅតាមប្រព័ន្ធប្រឡាយ និងស្ទឹងនានា នៃតំបន់ផ្ទៃរងអាងទឹករក្សា ធ្វើឱ្យទឹកស្ទឹងសែន បន្តជន់ឡើង»។
បើតាម លោក ចាប កុយ ក្នុងរយៈពេល ១ សប្ដាហ៍ខាងមុខនេះ ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ អាចនឹងស្រកចុះបន្តិចវិញ ព្រោះនៅពេលនេះអាកាសធាតុ បានធូរស្រាលឡើងវិញហើយ គឺពុំមានភ្លៀងធ្លាក់ទៀតទេ។
ទោះយ៉ាងណា ការធ្លាក់ចុះនៃកម្ពស់ទឹកស្ទឹងសែន នៅខេត្តព្រះវិហារ ខេត្តកំពង់ធំ ដែលនៅខ្សែទឹកខាងក្រោម នឹងបន្តជន់ឡើង ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ជាមួយគ្នានេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ នៅល្ងាចថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះ ថា កម្ពស់ទឹកស្ទឹងសែននៅស្ថានីយជលសាស្ត្រ ខេត្តកំពង់ធំ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ គឺទឹកមានកម្ពស់ ១៤,៣០ ម៉ែត្រ ។
យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៤ ខែតុលា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ក្នុងកម្រិតពីខ្សោយទៅខ្លាំង ជាពិសេស នៅតំបន់ទំនាប នៃបណ្ដាខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម និងមាត់សមុទ្រ។
ទន្ទឹមនឹងនេះក្រសួងក៏បានព្រមានអំពីការកើតមានច្រើន នៃបាតុភូតខ្យល់កន្ត្រាក់ និង រន្ទះបាញ់ផងដែរ។
ជុំវិញករណីរន្ទះបាញ់នេះ អធិការស្រុកកំពង់រោទ៍ លោក ហែម សាមុត ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បុរសម្នាក់ឈ្មោះ ឃឹម សាន អាយុ ៦៩ ឆ្នាំ ជាកសិករ រស់នៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ត្រូវបានរន្ទះបាញ់ស្លាប់ កាលពីរសៀលថ្ងៃទី ៥ ខែតុលា ហើយអ្នកជិតខាងរបស់គាត់៥នាក់ទៀត បានរងរបួសស្រាល។
លោកសាមុតបន្តថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឈរជជែកគ្នា ជាមួយអ្នកភូមិ ៥ នាក់ទៀត នៅក្រោមដើមអាកាស្យាដ៏ធំ ១ ដើម ដែលដុះនៅជាប់វាលស្រែខាងក្រោយភូមិ ជាទីដែលពួកគាត់រង់ចាំឃ្វាលគោ-ក្របី។ បន្ទាប់មកក៏មានភ្លៀងរលឹម និងខ្យល់បក់ខ្លាំង ហើយភ្លាមៗនោះ ក៏មានរន្ទះបាញ់កើតឡើងត្រូវចំទីតាំងក្រោមដើមអាកាស្យានោះ បណ្ដាលឱ្យជនរងគ្រោះ ឈ្មោះ ឃឹម សាន ដែលមានវ័យចំណាស់ជាងគេស្លាប់នៅនឹងកន្លែង ហើយអ្នកភូមិ៥នាក់ ដែលឈរជជែកលេងជាមួយគាត់ បានដួលសន្លប់បាត់ស្មារតី មួយសន្ទុះធំ។
លោកបញ្ជាក់ថា៖ «រន្ទះបាញ់នៅរសៀលថ្ងៃម្សិលមិញហ្នឹង សំឡេងរបស់វាលាន់ឮខ្ទរកក្រើកភូមិ។ មនុស្ស ៦ នាក់ បានដួលសន្លប់ទៅលើដី ហើយម្នាក់ក្នុងចំណោមនោះបានស្លាប់»។
ករណីរន្ទះបាញ់ខាងលើនេះ បានធ្វើឱ្យចំនួនជនរងគ្រោះស្លាប់ក្នុងករណីរន្ទះបាញ់កើនឡើង ៥៥ នាក់ និងអ្នករងរបួស ដោយករណីរន្ទះបាញ់ កើនដល់ ៥៥ នាក់ផងដែរ៕
វីដេអូ៖