ភ្នំពេញៈ អ្នកឃ្លាំមើល​បញ្ហា​សង្គមសាទរ​ចំពោះ​កិច្ចការ​របស់​ក្រសួងមហាផ្ទៃ និង ADB លើគ​ម្រោ​ង​បង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ ​បន្ទាប់ពី​​បានទទួល​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានស្នើ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) ផ្តល់ជំនួយ​ថវិកា​បន្ថែម ដើម្បី​ទ្រទ្រង់​គម្រោង​សាលានេះក្នុង​ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

​លោក​ មាស នី អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម​បាន​ថ្លែង​ថា ​ភាព​វិជ្ជមាន​នៃ​ជំនួយ​របស់​ ADB ​បាន​ជួយ​លើក​កម្ពស់​វិស័យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​មាន​មួយ​កម្រិត​ក្នុង​រយៈ​ពេល​ជាង​ ២០ ​ឆ្នាំ​មក​នេះ ថ្វីបើវា​នៅមាន​កម្រិត​តិច​នៅ​ឡើយ​ក្ដី​។​ លោក​ថា សមត្ថ​ភាព​នៃ​រដ្ឋបា​ល​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្ពុជា ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្ដែង​ទេ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ដៃគូ​នានា​។​

​លោក​បានគូសបញ្ជាក់ថា ពី​កម្រិត​សមត្ថ​ភាព​នៃ​វិស័យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិយ៉ាងដូច្នេះ​ថា​៖ «​ទោះបី​វា​មាន​ការ​ប្រសើរ​ឡើង​ជា​មុន​ក្តី​ ប៉ុន្តែ​វា​នៅ​មាន​កម្រិត​ខ្លាំង​ណាស់ដែល​មិន​ទាន់មា​ន​ស្តង់​ដា​មួយ​ត្រឹមត្រូ​វ យើង​ឃើញថា តម្លា​ភាព​ក្នុ​ងភូមិ ឃុំ នៅមា​នកម្រិ​ត ហើយ​សមត្ថភា​ព​មន្ត្រី​មូលដ្ឋាន​ក៏​នៅមា​នក​ម្រិតខ្ញុំ​ឃើញ​ជា​ក់ស្តែង សូម្បី​កុំព្យូទ័រ​ក្នុង​មូល​ដ្ឋាន​ខ្លះ គ្មាន​អ្នក​ចេះ​ច្បាស់​លាស់​ផង ​ជា​ការ​រាំង​ស្ទះ​ការ​ងារ​មូល​ដ្ឋាន »​។​

​លោក​បានប​ន្ដថា​៖ «​ខ្ញុំ​សាទរ​នឹង​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​ក្នុងការ​កែលម្អ​វិស័យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ហើយក៏​អំពាវ​នាវ​ដល់​រដ្ឋាភិបា​ល​កម្ពុជា គិ​តគូរ​ពង្រឹង​វិស័យនេះ​ឲ្យ​កាន់តែ​ប្រសើរ ​ទាំង​ការបណ្តុះ​សមត្ថ​ភាព​មន្ត្រី និង​ការផ្ត​ល់​កញ្ចប់​ថវិកា​ជំនួយ​បច្ចេក​ទេស​នានាដល់​ថ្នាក់​មូល​ដ្ឋាន​ផង​ដែរ​»​។​

​កាលពី​ថ្ងៃទី​ ៤ ​ខែតុលា ឆ្នាំ​ ២០២២ លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា បានធ្វើ​ជំនួប​ទ្វេភាគី​ជាមួយ​លោកស្រី Jyotsana Verma តំណាង​​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ប្រចាំ​នៅ​កម្ពុជា​ទើបតែងតាំងថ្មី​​នៅ​វិមាន​រដ្ឋសភា ដើម្បី​ពិភាក្សា​ការងារ​។​

​លោក ​ស ខេង បាន​លើក​ឡើង​ពី​គម្រោង​បង្កើត​សាលា​រដ្ឋបាល​មូល​ដ្ឋាន​ដែល​មាន​ការ​សហការ​ពី ADB​ ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ ដោយមា​ន​វិបត្តិ​មួយ​ចំនួន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​គម្រោង​នេះ។លោក​បានស្នើ​ឲ្យ ​ADB បន្ត​ជួយ​គាំទ្រ​ដល់​គម្រោង​នេះ​ក្នុង​គោល​ដៅ​កំណែទ​ម្រង់​វិមជ្ឈ​ការ និង​វិសហ​មជ្ឈការ​នៅ​កម្ពុជា​។​

​លោក​បាន​ស្នើ​ធនាគារអ​ភិវឌ្ឍន៍អា​ស៊ី​ឲ្យ​គាំទ្រ​បន្ថែមទៀត​​សម្រាប់​ថវិកា​គ​លើ​គម្រោង​សាលា​ជាតិ​រដ្ឋបាល​មូល​ដ្ឋានដែល​នៅ​ខ្វះ​ខា​ត​ និង​ការ​សាងស​ង់​ហេដ្ឋារច​នាសម្ព័ន្ធ​​ផ្សេងទៀត​ក្រៅពី​អគារ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន រួមមាន​ដូចជា ​សួន​ច្បារ ទីធ្លា​កីឡា និង​ស្រះ​ទឹកជា​ដើម​។​

លោក​ថា គម្រោង​បង្កើត​សាលា​រដ្ឋបាល​ជាតិ​មូល​ដ្ឋាន​នេះ​កំពុង​មាន​ភាព​យឺតយ៉ាវ​ក្នុងការ​អនុវត្ត​ដោយហេ​តុ​វិបត្តិ​កូ​វីដ​ ១៩ និង​ការ​គ្រ​ប់គ្រង​ដីធ្លី​សម្រាប់​សាង​សង់​សាលាដែល​ក្រសួង​គ្រោងទុ​ក​ត្រឹម ៥ ​ខែប៉ុណ្ណោះ ​តែ​ត្រូវ​អូស​បន្លាយ​ពេល​។​

​លោ​កស្រី ​Jyotsana Verma តំណាង​ធនាគា​រអភិវ​ឌ្ឍន៍អាស៊ី (ADB)​ ប្រចាំ​កម្ពុជា ​បាន​ទទួល​យក​សំណើ​​ទាំង​នេះ ​ហើយថា ADB នឹង​បន្ត​ធ្វើ​ការសិក្សា​ជាមួយ​ក្រុមការ​ងារ​ក្រសួងម​ហាផ្ទៃ ដើម្បី​ធានាបាន​​នូវ​ប្រសិទ្ធ​ភាព​ការ​ងារ​ក្នុង​គម្រោង​របស់​ ADB និង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​។​

​លោកស្រី​​បាន​សម្តែង​ការ​សាទរ​ជាខ្លាំ​ង​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​អនុវត្ត​លើ​កំណែទម្រង់​វិមជ្ឈ​ការ និង​វិស​ហមជ្ឈ​ការ ដែល​លោក​ស្រី​សង្កត់​ធ្ងន់​ថា ជាការ​ងារ​ទាមទារ​រយៈ​ពេល​យូរអ​ង្វែង​។​

ADB ​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​កិច្ចការ​ងារ​កំណែទម្រ​ង់​វិមជ្ឈការនិង​វិសហម​ជ្ឈការ​នេះតាំងពី​ឆ្នាំ​ ២០០២ ម្ល៉េះ ​ស្រប​ជា​មួយនឹង​គម្រោង​អភិវ​ឌ្ឍន៍​មួយ​ចំនួន​ទៀត​ពីបណ្ដា​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេ​គង្គ​៕