ភ្នំពេញៈ អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវបាន​អនុញ្ញាតឱ្យ​ចាត់វិធានការ​ ចំពោះ​ពលរដ្ឋ​ដែល​នៅតែ​បន្ត​កាត់​របង និង​អ្នកបើកបរ​ម៉ូតូ​ធុន​តូច​​ចូលទៅ​បើកបរ​នៅលើ​ផ្លូវ​ល្បឿន​លឿន ខណៈ​ពេល ៥ ថ្ងៃ​ នៃ​សប្តាហ៍​ដំបូង​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រើប្រាស់​ផ្លូវ​នេះ​ មាន​យានយន្ត​ជាង ៥ ម៉ឺន​គ្រឿង បានធ្វើ​ដំណើរ​ឆ្លង​កាត់។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​បើក​ដំណើរការ​សាកល្បង​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣១ ខែតុលា ដោយ​អ្នកប្រើប្រាស់​អាច​ចំណាយពេល​ប្រមាណ​ ២ ម៉ោង​ប៉ុណ្ណោះក្នុងការ​ធ្វើដំណើរ​​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​កន្លងមក​ត្រូវ​ចំណាយ​ពេល​ពី ៥ ទៅ ៦ ម៉ោង តាមផ្លូវ​ជាតិ​លេខ ៤។

លោក ហ៊ាង សុធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៦ តុលា​ថា គិត​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៥ តុលា មាន​យានយន្ត​ជាង ៥ ម៉ឺន​គ្រឿង បាន​ចូល​ប្រើប្រាស់​លើផ្លូវ​ល្បឿន​លឿន ដោយ​ក្នុង​១ ​ថ្ងៃៗ មាន​ចន្លោះ​ពីជិត ៩ ០០០ គ្រឿង ដល់​ជាង ១៤ ០០០ គ្រឿង ខណៈ​ការ​តេ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​សង្គ្រោះ​ក្នុង​ ១ ​ថ្ងៃៗ ​មាន​ប្រមាណ ៣០ ករណី។

ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​វិញ លោក សុធា​យុ​ត្តិ នៅតែ​អះអាងថា មិនមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តា​ល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នកធ្វើដំណើរ​នោះទេ ដោយ​ក្នុង​រយៈពេល ៥ ថ្ងៃ​កន្លងមកនេះ គឺ​គ្រាន់ តែ​កើតមាន​គ្រោះថ្នាក់ និង​ភាពមិនប្រក្រតី​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។

លោកបាន​រៀបរាប់ថា៖ «ចំពោះ​បញ្ហា​វិញ ​គឺ​តែងតែមាន​ហើយ។ ប៉ុន្តែ​អ្វី​ដែលយើង​ឃើញ គឺ​មិនមាន​ជា​ដុំកំភួន​នោះទេ ហើយ​យើង​ក៏បាន​អប់រំ​ផ្សព្វផ្សាយ​បន្ថែមទៀត ជាមួយនឹង​ស្មារតី​យោគយល់​ខ្ពស់​ចំពោះ​អ្នកបើកបរ ព្រោះ​អ្នកខ្លះ គាត់​នៅតែ​មិនទាន់​យល់។ ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ តាម​របាយការណ៍​ដូចជា​មាន ១ ឬ ២ ករណី​ដែរ។ ប៉ុន្តែ​មិនមែនជា​គ្រោះថ្នាក់​ចរាចរណ៍​បែប​បុក​គ្នា​នោះទេ គ្រាន់តែ​អ្នកបើកបរ គាត់​បើក​ទៅ​ប៉ះ​​នឹង​របង​ផ្លូវ​ប៉ុណ្ណោះ ដែល​នេះគឺជា​កត្តា​យានយន្ត​របស់​អ្នកបញ្ជារ​ដៃ​ច​ង្កូ​ត​ទេ»។

ចំពោះ​ភាពមិនប្រក្រតី​នៃ​ការ​ល្មើស​នឹង​ការបើក​ម៉ូតូ​ធុន​តូច និង​ការ​កាត់​របងផ្លូវ​ល្បឿន​លឿន​វិញលោក ហ៊ាង សុធា​យុ​ត្តិ បាន​អះអាងថា អាជ្ញាធរ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​ធ្វើ​ការឃាត់ខ្លួន និង​ឃាត់​មធ្យោ​បាយ​ធ្វើដំណើរ​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​កិច្ចសន្យា ហើយ​បើ​នៅតែ​បន្ត​ល្មើស នឹង​ឈានទៅរក​វិធាន​ការពិន័យ​បន្ថែមទៀត។

លោកបាន​បញ្ជាក់ថា ការដែល​សមត្ថកិច្ច​ពាក់​ព័ន្ធ​ត្រូវបាន​អនុញ្ញាតឱ្យ​អនុវត្ត​វិធានការ​ចំពោះ​សកម្មភាព​ល្មើស​ទាំង ​២​ ​នេះ ក៏​ព្រោះតែ​មើលឃើញ​ពី​កត្តា​ហានិភ័យ​ធ្ងន់ធ្ងរ ដែល​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុជីវិត និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​ធ្ងន់ធ្ងរ។

លោក ​បញ្ជាក់ថា៖«យើង​កំពុង​យកចិត្តទុកដាក់ ដោយសារតែ​ពួកគាត់​ដឹង​ហើយ ណែនាំ​ហើយ ប៉ុន្តែ​នៅតែ​បំពាន។ ដូចនេះ​សកម្មភាព​នេះ គឺជា​កម្រិត​មួយ​ដែល​យើង​ត្រូវ​ចាត់វិធានការ​ហើយ ដូចជា​ការ​កាត់​របង និង​ការលើក​ម៉ូតូ​ចូល​អី​ហ្នឹង។ វិធាន​ការដែល​ថ្នាក់ដឹកនាំ​បានដាក់​ចេញ គឺ​ការឃាត់​ម៉ូតូ​ហ្នឹង​យកមក​រក្សាទុក ហើយ​យក​ម្ចាស់​ហ្នឹង​ទៅធ្វើ​ការអប់​រំ ពិន័យ ឬ​មាន​វិធានការ​លើសពី​ហ្នឹង​ទៀត»។

យ៉ាងណា លោក សុធា​យុ​ត្តិ បញ្ជាក់​ថា៖‍​ «ទាំងនេះ​គឺជា​រឿង​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​យើង​បាន​ហែក​របង ហើយ​យក​ម៉ូតូ​ឡើងលើ​ផ្លូវ ទាំង​ដែល​ខ្លួនឯង​ដឹងថា គេ​ហាម​មិនឱ្យ​ចូល​ហើយ។ ទាំងនេះ ជា​វិធាន​ការដែល​យើង​បាន​ជជែក​គ្នា ហើយ​ក៏​មានការ​ចូលរួម​ពី​កងកម្លាំង​យើង​ដែរ។ រាជរដ្ឋាភិបាល មន្ត្រី​ជំនាញ​យើង មិន​ចង់​ធ្វើបែប​នេះ​នោះទេ ព្រោះ​ពេល​ខ្លះ វា​ប៉ះពាល់​បងប្អូន​ប្រជា​ពលរដ្ឋ គ្រាន់​តែ​ពេល​ខ្លះប​ងប្អូន​យើង ​៤ ទៅ ១០​ នាក់​ហ្នឹង គាត់​គួរ​តែមាន​ការ​យល់​ដូច​គ្នា»។

កាល​ពី​ថ្ងៃទី ៥ ខែ​តុលា លោក ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ បាន​ដឹក​នាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ទី១ ដោយ​មាន​ការចូល​រួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជ​ការ​មកពី​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ការងារ​សំខាន់ៗ​ទាក់​ទង​នឹង​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ការងារ​ដឹក​ជញ្ជូន​តា​ម​ផ្លូវ​ទឹក ការងារ​ទឹក​កខ្វក់ ការ​អភិវឌ្ឍ​គម្រោង​បច្ចេក​វិទ្យា​ថ្មី។

កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​នេះ ក៏បាន​ពិភាក្សា​គ្នា​ពី​វឌ្ឍន​ភាព​និង​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ព្រម​ទាំង​ការបំពាក់​មេដាយ​ជូន​ក្រុមការងារ​បច្ចេកទេស​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការសាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ-ព្រះ​សីហនុ​ផង​ដែរ។

តាម​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងបានឱ្យ​ដឹង​ថា៖ «អង្គ​ប្រជុំបាន​ពិភាក្សា​ដោយ​ផ្តោតជាសំខាន់​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការបើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ និង​ដំ​ណោះ​ស្រាយ​ដើម្បី​ទប់ស្កាត់​សកម្ម​ភាព​ខុស​ច្បាប់ ក្នុង​ន័យ​ជំរុញ​ឱ្យ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ប្រសិទ្ធ​ភាព​»។

ក្រសួង​សាធា​រណការបាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ពិនិត្យ​បន្ថែម​ទៀត​ដោយ​ធ្វើយ៉ាង​ណា ឱ្យមាន​ភាព​ប្រសើរ​ឡើង​ការ​ប្រមូល​កម្រៃ​ពី​ការប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន និង​ការចែក​រំលែក​ទិន្នន័យ​ប្រតិបត្តិ​ការ ធានា​តម្លាភាព​អាជីវកម្ម​ក្រុមហ៊ុន និង​សុវត្ថិភាព​ចរាច​រណ៍ ជូន​ដល់​ប្រជា​ពលរដ្ឋ តាមរយៈ​យន្តការ​បច្ចេកវិទ្យា DIP ដែលជា​បច្ចេក​វិទ្យា​ទំនើប​ជួយ​កាត់​បន្ថយ​ពេលវេលា និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ។

ផ្លូវ​ល្បឿន​លឿន​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​ពីថ្ងៃ​ទី​ ២២ ខែ​មីនា ឆ្នាំ ​២០១៩ ​ដែល​តួ​ផ្លូវ​មាន​ទទឹង​ ២៤​ ម៉ែត្រ​មាន ៤ ​គន្លង (២​ ទៅ​ ២ ​មក​) និង​គន្លង​ឈប់​បន្ទាន់​ (១​ ទៅ​ ១ ​មក​) ​តភ្ជាប់​ពី​ភ្នំពេញ​ដល់​សង្កាត់​លេខ​ ៣ ក្រុង​ព្រះ​សីហនុ ដោយ​ឆ្លង​កាត់​ខេត្ត​កណ្តាល កំពង់​ស្ពឺ និង​ខេត្ត​កោះកុង​។

ផ្លូវ​នេះ​មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ​ភ្ជាប់​មក​ផ្លូវជាតិ​លេខ​ ៤ ចំនួន​ ៦ ​កន្លែង មាន​កន្លែង​ឈប់​សម្រាក​ ៣ ​កន្លែង និង​ចំណត​រថយន្ត​ ១​ កន្លែង​ផងដែរ​។ នេះ​បើតាម​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​៕

វីដេអូ៖