ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ថា ការ​ផ្តល់​សាច់​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ តាម​របប​គាំពារ​សង្គម ចំពោះ​វិបត្តិ​កូវីដ ​១៩​ និង​អតិផរណា មិន​មែន​ជាការ​ទាញ​យក​សន្លឹក​ឆ្នោត​នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០២៣​ ឡើយ។

លោក​ ហ៊ុន សែន​ បាន​ប្រកាស​បែប​នេះ ​នៅព្រឹក​ថ្ងៃទី​ ០៦ ខែ​តុលា ក្នុង​ពិធីបើក​សន្និ​សីទ «ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​ ២០២២» ​នៅភ្នំ​ពេញ។

លោក ហ៊ុន សែន បាន​ស្នើ​បណ្តា​គណ​បក្ស​ប្រឆាំង និង​អង្គការ​សង្គ​ម​ស៊ីវិល កុំ​ឱ្យ​មាន​ការលើក​ឡើង​ថា រដ្ឋា​ភិបាល​កំពុង​កេង​ចំណេញ​នយោបាយ​តាម​រយៈយន្ត​ការ​ផ្តល់​សាច់​ប្រាក់​ដល់​អ្នក​ដែល​ប៉ះពា​ល់សេដ្ឋ​កិច្ច​ពីជំងឺ​កូវី​ដ ​១៩ និង​ការ​ត្រៀម​បម្រុង ​ដើម្បី​អន្តរាគមន៍​សម្រាប់​ផល​ប៉ះពាល់​អតិផ​រណា។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ក៏សូម​សំណូម​ពរ ឱ្យបណ្តាបក្ស​នយោ​បាយ សង្គម​ស៊ីវិល យោគយល់​ចំពោះ​រាជរ​ដ្ឋាភិបាល កុំចាត់​ទុក​ថា ការ​ធ្វើ​របស់​រាជ​រដ្ឋាភិបា​ល គឺជាល្បែង​ដើម្បី​ទាញ​យក​សន្លឹក​ឆ្នោត នៅ​ឆ្នាំ​ ២០២៣ ​ខាង​មុខ​»។

លោក​សង្ឃឹ​មថា ប្រជា​ពលរដ្ឋ​ដែល​គ្រប់​លក្ខខណ្ឌ​ទទួល​បាន​ជំនួយ​សាច់​ប្រាក់ នឹង​ទទួល​បាន​ផល​ប្រយោជន៍ ដោយ​មិន​មែន​ជាការ​លេង​សើច​នយោ​បាយ​នោះ​ទេ ពីព្រោះ​នេះគឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​ជាតិ។

«សង្ឃឹម​ថា បណ្តា​គណ​បក្ស​នយោបាយ​នានា​និង​សង្គម​ស៊ីវិល មិន​យក​បញ្ហានេះ​ធ្វើជាអាវុធ​វ៉ៃរដ្ឋា​ភិបាល​ថា រៀប​ចំ​គម្រោង​បន្ត​ផ្តល់​សាច់​ប្រាក់​ដល់​អ្នក​រង​គ្រោះដោយ​សារ​កូវីដ បន្ថែម​ទៅ​ដោយ​ត្រៀម​បម្រុង​ដើម្បី​អន្តរា​គមន៍​សម្រាប់​ផលប៉ះពា​ល់​ទៅលើអតិផ​រណាថា ជាកា​រកេ​ងចំណេញ​នយោបា​យ»។​

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណ​បក្សភ្លើង​ទៀន អះអាង​ថា រដ្ឋា​ភិបាល​មិន​គួរ​ណាមា​នក្តី​បារម្ភ​អំពីការ​រិះគ​ន់ណា​មួយឡើយ​ នៅពេល​ដែល​រដ្ឋាភិបាល​បាន​ធ្វើអំពើល្អ​ជាមួយ​ពលរដ្ឋ។​ សម្រាប់​លោក ថាច់ សេដ្ឋា លោក​សាទរដែល​រដ្ឋាភិបាល​បាន​គិតគូរ​ពីបញ្ហា​ប្រឈម​របស់​ប្រជាពល​រដ្ឋ និង​បាន​ជួយ​អន្តរាគមន៍​ទៅ​លើ​បញ្ហា​ទាំង​នោះ។

​លោកប​ញ្ជាក់​ថា៖ «រដ្ឋាភិបាល​ការពារ​ផល​ប្រយោជន៍ ធន​ធាន​ធម្មជា​តិ អាហ្នឹង​រឹតតែ​សប្បាយ​ចិត្ត​ថែម​ទៀត​ផង។ យើង​អបអរ​សាទរ​តើ ឱ្យតែបាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ជីវភាព​សមរ​ម្យ កុំឱ្យ​ប្រជាពលរដ្ឋ​ក្លាយ​ទៅជាអ្នក​ក្រីក្រ​សុំបណ្ណ​ក្រីក្រ អាហ្នឹង​យើង​មិន​សប្បាយចិ​ត្តដែ​រ។ យើង​ចង់ឃើញ​ប្រជាព​លរដ្ឋរស់​នៅសមរ​ម្យ អ៊ីចឹង​ខ្ញុំគិត​ថា វាមិន​កេង​ចំណេញ​នយោបាយអី​ទេ តែបាន​ជួយ​ប្រជាព​លរដ្ឋ​»។

​យ៉ាង​ណាមិញ​ លោ​ក ថាច់ សេដ្ឋា លើក​ឡើង​ថា ទង្វើរបស់រ​ដ្ឋាភិបាល ក៏មិន​ត្រូវ​ផ្សារភ្ជា​ប់ទៅនឹ​ងឈ្មោះ​របស់​​គណ​បក្សនោះ​ដែរ​ ពីព្រោះវា​ជារឿង​មិន​ត្រឹមត្រូវ ដែ​លរដ្ឋា​ភិបាល​មិនត្រូ​វធ្វើជា​ដាច់​ខាត​។

គិ​តមកដ​ល់ខែ​តុលា ឆ្នាំ​ ២០២​២ នេះ រាជរ​ដ្ឋាភិបា​ល បាន​ឧបត្ថម្ភ​សាច់​ប្រាក់​ចំពោះប្រជា​ពលរ​ដ្ឋដែល​ ដែល​រ​ង​ផល​ប៉ះពា​ល់ពីជំ​ងឺកូវីដ​ ១៩​ ដោយ​រ​ដ្ឋបាន​ចំ​ណាយថ​វិកាជា​តិប្រ​មាណ ​៨០០​ លាន​ដុល្លារស​ហ​រដ្ឋអា​មេរិ​ក​៕