ភ្នំពេញៈ ស្របពេល​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​ ២០២៣​ ខិតជិត​មក​ដល់ គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​ បាន​ជជែក​ពិភា​ក្សា និង​ឈាន​ទៅរក​ការ​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុងការបោះឆ្នោត​នាពេល​ខាង​មុខ​។ ក៏ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ដែល​បាន​ផ្តួច​ផ្តើម​គំនិត​ចង​សម្ព័ន្ធគ្នា​ ជាមួយ​គណ​បក្ស​នយោ​បាយមួយចំនួន​ នូវ​បង្ហាញ​ជំហរ​ស្ទាក់​ស្ទើរ​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​។

លោក យ៉ង សាំង​កុមារ ប្រធាន​គណៈគម្មការ​នាយក ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋានបញ្ជាក់​ថា៖ «ការ​សម្រេច​ចុង​ក្រោយ​របស់​យើងថា​ ទៅមុខ​តែឯង ឬ​សហការ​ជាមួយ​គណ​បក្ស​ដទៃ ​គឺយើង​គ្រោង​សម្រេច​នៅ​ខែតុលា។ ​ក៏ប៉ុន្តែ​យោង​ទៅលើវឌ្ឍន​ភាព​ការងារ​កន្លង​មក​នេះ យើង​ក៏ពន្យា​រ​ពេល​ការសម្រេច​ចិត្តទៅ​ខែធ្នូ»។

លោកថា​ មកដល់ពេលនេះ គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋា​ន​ នៅរក្សាជំ​ហរ​ដដែល​ គឺចង់​ឃើញ​គណ​បក្ស​នយោ​បាយ​ដែល​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្សកាន់​អំណាច​រករូប​មន្ត ដើម្បី​សហ​ការគ្នា​ ដែល​ការសហការ​នេះ មានខ្លះ​ក៏ច្រ​បាច់​បញ្ចូល​គ្នា​ ខ្លះ​ក៏ចែក​មណ្ឌល​គ្នា​ឈរ​។

ប្រសិនបើ​គណ​បក្ស​នយោបាយ​ មិន​អាច​ច្របាច់​បញ្ចូល​គ្នា​បាន នោះ​គួរ​តែ​ចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ​ ដើម្បី​ប្រកួត​ជាមួយ​គណ​បក្ស​កាន់​អំណាច​។

លោក ​យ៉ង សាំង​កុមារ លើក​ឡើង​ថា៖ «ឥឡូវ​ថាភ្លើង​ទៀន គាត់​ធំជាង​គេ មាន​តែគាត់​ទេ អ៊ីចឹងឱ្យ​គេ​ទៅ​ជ្រក​ក្រោម​គាត់ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត ព្រោះ​មាន​កម្លាំង​នយោ​បាយ​ច្រើន​ផ្សេង​ទៀត ​ដែល​មិន​អាច​ធ្វើអ៊ីចឹង​បាន​។ អ៊ីចឹងបើមាន​កម្លាំ​ង ​២ កម្លាំង ៣ ប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ?»។​

កាល​ពីពេលថ្មី​ៗ​នេះ គណ​បក្ស​ភ្លើង​ទៀន​ បាន​ប្រកាស​ស្វាគមន៍​ការ​សម្រេច​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ពេល​ដែល​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ បាន​ប្រកាស​ពីការ​សម្រេច​មិន​ដាក់​បញ្ជីបេក្ខ​ជន​សម្រាប់​ការបោះ​ឆ្នោត​ឆ្នាំ ២​០២៣ រួច​ទៅ​ជ្រក​ក្រោម​ឆ័ត្រ​របស់​គណ​បក្ស​ភ្លើង​ទៀន​។

លោក​ យ៉ង សាំង​កុមារ បញ្ជាក់​ថា៖ «រឿង​ជ្រក​ក្រោម​គណ​បក្ស​ណាមួ​យ សម្រាប់​គណ​បក្ស​ប្រជា​ធិប​តេយ្យមូ​លដ្ឋា​នមិ​នសំ​ខាន់នោះ​ទេ។ ក៏ប៉ុន្តែ​អ្វីដែ​លយើ​ង​បារម្ភ គឺ​នៅមា​នក្រុម​នយោ​បាយ​ច្រើន​ទៀត​។ ឥឡូវ​សំណួរ​សួរ​សាមញ្ញ​ថា ឥឡូវ​មាន​គណ​បក្ស​ភ្លើង​ទៀន​អ៊ីចឹង ចុះ​ឥឡូវ​ក្រុម​អតីត​សង្រ្គោះជាតិ​មួយចំនួន​ ដែល​គាត់​ចេញ​មក​វិញ គាត់​ធ្វើ គាត់​បង្កើត​ប៉ូល​មួយ​ទៀត ហើយ​គាត់​ប្រកួត​គ្នា អ៊ីចឹង​យើង​ឃើញ​ហើយ ​គាត់​កំពុង​ប្រឈម​ដាក់​គ្នា»។

សម្រាប់​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន នេះ​ជាចំណុច​មិន​ល្អ​សម្រាប់​ដំណើរ​ការ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

គួរ​ជម្រាប​ថា ក្រៅ​ពី​ការ​ជ្រក​ក្រោមគណបក្ស​ភ្លើង​ទៀន​​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​នៅ​មាន​គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​ក៏​កំពុង​ជជែក​ពីការ​ច្របាច់​បញ្ចូល​គ្នាជា​បក្ស​តែ ១​ ផងដែរ​។

ក្នុង​នោះ​រួមមាន​ គណ​បក្សកែទ​ម្រង់​កម្ពុជា របស់​លោក ប៉ុល ហំម និង​គណ​បក្ស​ជាតិ​និយម របស់​លោក ផែង​ ហេង។

បើ​តាមការ​បញ្ជាក់​របស់លោ​ក អ៊ូ ច័ន្ទ​រ័ត្ន អនុ​ប្រធាន​គណ​បក្ស​កែទ​ម្រង់​កម្ពុជា គឺការ​ជជែក​កំពុង​បន្ត ដើម្បី​ស្វែងរក​ចំណុច​គន្លឹះថា នឹងអាច​យក​គណ​បក្សណា​មួយ​មក​តំណា​ង រួច​សម្រេច​ប្តូរឈ្មោះ​៕