ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ថា តាម​ការ​ប៉ាន់ស្មាន​ប្រជាជន​ប្រមាណ ៦០ ម៉ឺន​គ្រួសារ ឬ​ស្មើ​នឹង​ប្រមាណ ២ លាន​នាក់ ដែល​រង​ផល​ប៉ះពាល់​ពី​អតិផរណា​ដោយសារ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន នឹង​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​

​កាលពី​ថ្ងៃទី ៥ ខែតុលា លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ​ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា ដែល​ជា​យន្តការ​ថ្មី នៃ​ការផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ។​

​លោក​បាន​ថ្លែងថា​៖ «​សេចក្តី​សម្រេច​នេះ ខ្ញុំ​បាន​ចុះហត្ថលេខា​ពី​ម្សិល​ហើយ​សង្ឃឹម​ថា អង្គភាព​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ធ្វើកិច្ច​ការងារ​នេះ​ដោយ​រួសរាន់ ដែល​ប្រជាជន​នឹង​អាច​ទទួល​បាន​នូវល​ប្រយោជន៍ ក្នុង​រយៈពេល​ដ៏ឆាប់​។ ប្រជាពលរដ្ឋ​ទាំង​នេះ​អាច​គ្របដណ្តប់​រហូត​ដល់​ទៅ ៦០ ម៉ឺន​គ្រួសារ និង​ប្រជាជន​ប្រមាណ ២ លាននាក់ ដែល​ពួកគាត់​រង​ផល​ប៉ះពាល់​ចេញពី​អតិផរណា»។

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សន្និសីទ «​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០២២» ក្រោម​មូលបទ «​ការស្តារ​កម្ពុជា​ឡើងវិញ​៖ ការអ​ភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូវីដ ១៩» នៅ​សណ្ឋាគារ​សុខា ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ៦ ខែតុលា។​

​លោក ហ៊ុន សែន បន្តថា ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​អតិផរណា​នេះ​គឺ​រឿង​នេះ​ចាប់ផ្តើម​ពី​សង្គ្រាម​រុស្ស៊ី​វាយ​លុក​ចូល​អ៊ុយក្រែន និង​ចាប់ផ្តើម​ពី​ទណ្ឌកម្ម​ហួស​កម្រិត​ដែល​ធ្វើឱ្យ​ពិភពលោក​កំពុងតែ​ជ្រួល​ច្របល់​ទៅ​លើ​បញ្ហា​អតិផរណា​។ រាជរដ្ឋាភិបាល​មិន​អាច​ទុកឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​តែ​អតិផរណា​នោះទេ​។ ដូច្នេះ វាជា​ភ័ព្វសំណាង​ដែល​រាជរដ្ឋាភិបាល​មាន​សល់​ទុន​មួយ​ចំនួន​នៅក្នុង​ដៃ ដើម្បី​អន្តរាគមន៍​ជួយ​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់។​

​លោក​ថ្លែងថា​៖ «​ក្នុង​ហ្នឹង តាម​ការពិនិត្យ​របស់​យើង យើង​អាច​ឃើញថា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ជា​ចំណែក​មួយ​ដ៏ធំ​នៃ​ការ​ទទួល​បាន​នូវ​ប្រាក់​នោះ​តែម្តង​។ ឧទាហរណ៍​ការ​លក់ដូរ​តូចតាច​មួយ​ចំនួន ឬក៏​ផ្នែក​សេវា​អាជីវកម្ម​មួយ​ចំនួន​មិនមែន​ជា​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ទេ​។ ក៏ប៉ុន្តែ​គាត់​ធ្លាប់​លក់​បាន​ប៉ុន​ហ្នឹង​កម្លាំង​ទិញ​របស់​ពួកគាត់​នឹងត្រូវ​ថមថយ​ដោយសារ​អតិផរណា​។ អ៊ីចឹង​ទេ ជម្រើស​ដែល​ល្អ​ដើម្បី​ចៀសវាង​កុំឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ រដ្ឋ​ត្រូវធ្វើ​អន្តរាគមន៍​តាមរយៈ​ផ្តល់​សាច់ប្រាក់​ជូន​ពួកគាត់»។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា ទាំង​ការ​រ៉ាប់រង​លើ​ការបន្ត​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផល​បះពាល់​ពី​ជំងឺ​កូវីដ ១៩ និង​ពី​អតិផរណា រាជរដ្ឋាភិបាល​ទទួល​បន្ទុក ក្នុងការ​ប៉ះប៉ូវ​ដល់​ប្រជាជន​ជិត ៥ លាន​នាក់​ដើម្បី​កុំឱ្យ​ពួកគាត់​ធ្លាក់​ទៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។ ស្ថានភាព​នេះ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​ក្នុងការ​ប្រើប្រាស់​នូវ​ហិរញ្ញវត្ថុ​ដែល​ប្រមូល​ឱ្យបាន ហើយ​ឆ្ពោះ​ទៅ​កាន់​អ្នកក្រីក្រ។​

​លោក​មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម សាទរ និង​គាំទ្រ​ផែនការ​ដែល​លើក​ឡើង​របស់​រដ្ឋាភិបាល​ក្នុង​ពេលនេះ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​វិបត្តិ​អតិផរណា​នេះ ប៉ុន្តែ​លោក​ស្នើឱ្យ​រដ្ឋាភិបាល​គិតគូរ​យន្តការ​មួយ​បន្ថែម​ទៀត​នោះ​គឺ ការ​កាត់បន្ថយ​អត្រាពន្ធ​លើ​ផលិតផល ឬ​មុខ​ទំនិញ​ដែល​ដាក់លក់​លើ​ទីផ្សារ ដែល​ប្រទេស​ផ្សេងៗ​ធ្លាប់​បាន​អនុវត្ត​ជោគជ័យ​រួចទៅ​ហើយ​ក្រៅពី​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ។​

​លោក​ចង់ឱ្យ​រដ្ឋាភិបាល​គិតគូរ​យន្តការ​កាត់បន្ថយ​អាត្រា​ពន្ធ​លើ​មុខទំនិញ​នានា ដើម្បី​អាច​ជួយ​សម្រាល​បន្ទុក​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស ពី​វិបត្តិ​អតិផរណា​ជា​សកល​មួយនេះ។​

​កាលពី​ថ្ងៃទី ៥ ខែតុលា រាជរដ្ឋាភិបាល បានប្រកាស​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល ៣ ខែ​បន្ត​ទៀត ដែល​បាន​អនុវត្ត​រយៈពេល ១០ ជុំរួច​មកហើយ។

​លោក ហ៊ុន សែន ថ្លែងបន្តថា រាជរដ្ឋាភិបាល នឹង​ពិនិត្យ​បញ្ហា​នេះ​ក្នុង​រយៈពេល ៣ ខែម្តង​។ ប្រជាជន​ដែល​ធ្លាប់​បាន​ទទួល​រួច​មក​ហើយ ក៏​នឹង​បន្ត​ទទួល​ទៅទៀត​នូវ​ប្រាក់​ឧបត្ថម្ភ​នេះ ដើម្បី​ទ្រទ្រង់​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​រួច​ផុតពី​ស្ថានភាព​នៃ​ភាពក្រីក្រ កុំឱ្យ​ធ្លាក់​កាន់តែ​ធ្ងន់​។ ជំនួយ​នេះ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជាជន​បាន​ជិត ៧០ ម៉ឺន​គ្រួសារ និង​ប្រជាជន​ជិត ៣​លាន នាក់ ដោយ​ចំណាយ​ថវិកា​ប្រមាណ ៨០០ លានដុល្លារ។

​លោក​បន្តថា​៖ «​ខ្ញុំ​គួរតែ​ប៉ាន់ស្មាន​ទុកជាមុន​ថា ហោចណាស់​ជំនួយ​នេះ​នឹង​ត្រូវធ្វើ​រយៈពេល​ប្រមាណ​ជាង ១ ឆ្នាំ​ទៀត​យ៉ាងតិច ហើយ​នៅ​ពេល​មាន​ការ​ដកថយ​ក៏​មិន​អាច​ដកថយ​ភា្លម​ទាំងស្រុង​នោះដែរ»។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​សិក្សា​បញ្ហា​នេះ ហើយ​ប្រសិនបើ​មាន​ការ​ដកថយ ក៏​មិនអាច​ដកថយ​ពី ១០០ ភាគរយ មកដល់ ០ ភាគរយ​តែម្តង​នោះទេ តែ​ត្រូវមាន​វិធី​ដកថយ​តាម​ជំហាន ឧទាហរណ៍ ពី ១០០ ភាគរយ​មក ៧០ ភាគរយ និង​ពី ៧០ ភាគរយ​មក ៥០ ភាគរយ និង​បន្ត​បន្ទាប់​មក​ទៀត ដើម្បី​ចៀសវាង​ប្រជាពលរដ្ឋ​ទាំង​នោះ​បាត់បង់​នូវ​ចំណូល​ភ្លាមៗ ដែល​ធ្វើឱ្យ​ពួកគាត់​ជួបការ​លំបាក៕