ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ចេញ​ផ្សាយ​គោលនយោបាយ​សង្ខេប​ស្តីពី​ការវាយតម្លៃ​ដំណើរការ​អនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ ឆ្នាំ បន្ទាប់ពី​ក្រសួង​សង្គមកិច្ច​រយៈពេល​ជាង ​២ ​ឆ្នាំ បាន​បើក​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៦​ ម៉ឺន​នាក់ និង​កុមារ​ជាង​ ១០​ ម៉ឺន​នាក់ ក្នុង​ទឹកប្រាក់​ប្រមាណ​ ១៨,៦​ លាន​ដុល្លារ​។

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ ឆ្នាំ គឺជា​កម្មវិធី​ជាតិ​ជំនួយ សង្គម​ក្នុង​ផ្នែក​ការអភិវឌ្ឍ​មូលធន​មនុស្ស​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​ ២០១៦ ដល់​ ២០២៥​។ កម្មវិធី​នេះ​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​ ១ មិថុនា ឆ្នាំ​ ២០១៩ ដោយ​ផ្ដោត​លើ​ក្រុម​គោលដៅ​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ ដែល​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ​។

អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ឱ្យ​ដឹងថា បច្ចុប្បន្ន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា កំពុង​ដឹកនាំ​អនុវត្ត ការបើក​ផ្តល់​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ ដោយ​មាន​ការចូលរួម​អនុវត្ត​ពី​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស រដ្ឋបាល​ឃុំ​-​សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។

អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម​បញ្ជាក់​ថា​៖ «​ជា​វឌ្ឍនភាព គិត​ចាប់ពី​ពេល​ដាក់​ឱ្យ​ដំណើរការ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​ ២០២២ កម្មវិធី​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១៦៥ ៦១០ ​នាក់ និង​កុមារ​ចំនួន​ ១០២ ០៨៣ ​នាក់ ដោយ​បាន​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន​ ៧៤​ ប៊ីលាន​រៀល ឬ​ស្មើនឹង​ ១៨,៦ ​លាន​ដុល្លារ​អាមេរិក​»​។

ដោយ​កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​អស់​រយៈពេល​ជាង ​២ ​ឆ្នាំ​មកហើយ ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម មើល​ឃើញ​ពី​ភាពចាំបាច់​ក្នុង​ការវាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ដំណើរការ​អនុវត្ត​កម្មវិធី​ ដើម្បី​ពិនិត្យ​លទ្ធភាព​កែលម្អ​យន្តការ​អនុវត្តតាម​ការចាំបាច់​។

ព្រឹត្តិបត្រ​សង្ខេប​គោលនយោបាយ​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដែល​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​បញ្ជាក់ថា ការវាយតម្លៃ​នេះ​បាន​ធ្វើឡើង​ដោយ​មាន​កិច្ចសហការ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ជំនួយ បច្ចេកទេស​ពី​មូលនិធិ​សហប្រជាជាតិ ដើម្បី​កុមារ​ (UNICEF)​។ ការវាយតម្លៃ​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ពាក់កណ្តាល ឆ្នាំ​ ២០២១ ហើយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ម៉ុនទ្រូស​អន្តរជាតិ​ (Montrose International)​ ទទួល​បាន​អាណត្តិ​ក្នុង​ការរៀបចំ​ការ​វាយតម្លៃ ក្រោម​ការដឹកនាំ​ដោយ​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង​។

ព្រឹត្តិបត្រ​សង្ខេប​គោលនយោបាយ ដែល​មាន​ ៨ ​ទំព័រ​ឱ្យ​ដឹងថា​៖ «​ការវាយតម្លៃ​នេះ ធ្វើឡើង​នៅ​ខេត្ត​គោលដៅ​ចំនួន​ ៦ រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង កំពត ស្វាយរៀង មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង ដែល​បាន​ជ្រើសរើស ដោយ​ចេតនា ដើម្បី​ឱ្យ​មាន​ការសម្ភាស​ និង​ប្រមូល​ទិន្នន័យ​ពី​ទីតាំង ភូមិសាស្ត្រ​ចម្រុះ​ក្នុង​ប្រទេស​កម្ពុជា​ដាក់​បញ្ចូល​ឱ្យមាន​តំណាង​ជនជាតិ​ភាគតិច​ និង​មាន​សមាមាត្រ​ប្រជាជន​មាន​បណ្ណ​សមធម៌​ខ្ពស់​»​។

ព្រឹត្តិបត្រ​បន្ត​ថា​៖ «​ជារួម កិច្ចសម្ភាសន៍​ជាមួយ​អ្នក​ផ្តល់ព័ត៌មាន គន្លឹះ​មាន​ចំនួន​ ១០២​ នាក់ កិច្ចពិភាក្សា​ជា​ក្រុម​មាន​ចំនួន​ ៤៩ ​ក្រុម និង​ករណី​សិក្សា​ចំនួន​ ១៦ ​ករណី​។ សរុប​អ្នក​ចូលរួម​ផ្តល់​កិច្ចសម្ភាសន៍ ទាំងអស់​មាន​ចំនួន​ ៤៤៧ ​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​ ២៩៨ ​នាក់ និង​ជន​មាន​ពិការភាព​ចំនួន​ ១១ ​នាក់​។ ក្នុង​ចំណោម​សកម្មភាព​ខាងលើ កិច្ចពិភាក្សា​ជា​ក្រុម​ចំនួន​ ២៥​ ក្រុម និង​ករណី​សិក្សា​ទាំងអស់ ត្រូវ​បាន​ធ្វើឡើង​ដោយផ្ទាល់​។ ចំណែក​សកម្មភាព​ក្រៅពីនេះ ត្រូវបាន​ធ្វើឡើង​ដោយ​ការជួប​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​ឌីជីថល​»​។

បន្ទាប់ពី​ប្រើប្រាស់​ក្របខ័ណ្ឌ​វាយតម្លៃ​របស់​អង្គការ​ សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​អះអាង​ថា តាម​លទ្ធផល​នៃ​ការវាយតម្លៃ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការជាប់​ពាក់ព័ន្ធ ស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព ភាពស៊ីចង្វាក់​គ្នា និង​ផលប៉ះពាល់​ដំបូង​របស់​កម្មវិធី​លើ​សុខភាព អាហារូបត្ថម្ភ និង​សុខុមាលភាព​ទូទៅ​របស់​អ្នក​ទទួលផល​ពី​កម្មវិធី និង​បាន​ផ្តល់​ជា​អនុសាសន៍ ដើម្បី​កែលម្អ​យន្តការ​អនុវត្ត​កម្មវិធី​ផងដែរ​។

អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម​បញ្ជាក់​ថា​៖ «​អនុសាសន៍​ចំនួន​ ៩ ​ចំណុច ត្រូវ​លើកឡើង​ដើម្បី​ឱ្យ​កម្មវិធី ធ្វើការ​ពង្រឹង និង​ពង្រីក​គោលនយោបាយ​របស់​ខ្លួន​ទៅ​ដល់​ពលរដ្ឋ ដូចជា​ការប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន​របស់​កម្មវិធី បង្កើន​លទ្ធភាព​ប្រើប្រាស់​សេវា​ទូទាត់​សាច់ប្រាក់​ឱ្យបាន​ច្រើន​ប្រភព​ និង​ពង្រឹង​សមត្ថភាព​បុគ្គលិក ភ្នាក់ងារ និង​អ្នក​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ជាដើម​»​។

កម្មវិធី​ជាតិ​ជំនួយ​សង្គម​នេះ​មាន​គោលបំណង​លើកកម្ពស់​សុខុមាលភាព​មាតា​ និង​ទារក​ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ តាំងពី​កូន​ក្នុង​ផ្ទៃ​ដល់​អាយុ ២ ​ឆ្នាំ​ដើម្បី​ជំរុញ​ការលូតលាស់ ទាំង​កាយសម្បទា​ និង​បញ្ញា​ស្មារតី​រយៈពេល ​១ ០០០ ​ថ្ងៃ​ដំបូង​នៃ​ជីវិត​៕