
មន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ៣៣ តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៥ តុលា។ រូបថត សហការី
ភ្នំពេញៈ កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី៣៣ (33rd SOCA Meeting) បាន ប្រកាសគាំទ្រជាថ្មី ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងអាទិភាពទាំង ៤ របស់សហគមន៍សង្គម-វប្បធម៌ អាស៊ានសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។
កាលពីថ្ងៃទី ៥ ខែតុលា លោកឌី ខាំបូលី ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន (SOCA Chair) បានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣៣ (33rd SOCA Meeting) តាមប្រព័ន្ធអនឡាញ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន អគ្គលេខាធិការរង អាស៊ាន លេខាធិការអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសជាសមាជិកអាស៊ាន និង តំណាងអចិន្រៃ្តយ៍របស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំនេះបានបញ្ជាក់ថា អង្គប្រជុំបានបង្ហាញការគាំទ្រជាថ្មីម្តងទៀត ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជាក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងអាទិភាពទាំង ៤ របស់សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២២។
អាទិភាពទាំង ៤ នេះរួមមាន ទី១ លើកកម្ពស់គុណតម្លៃការយល់ដឹងនិងអត្តសញ្ញាណអាស៊ាន ទី ២ លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ទី ៣ លើកកម្ពស់សុខភាព សុខុមាលភាព និងការគាំពារសង្គមសម្រាប់ប្រជាជនអាស៊ាន និងទី៤ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ន នៃសហគមន៍សង្គម-វប្បធម៌អាស៊ាន។ ជាមួយគ្នានេះ អង្គប្រជុំបានគាំទ្រឯកសារលទ្ធផលចំនួន ១១ ដែលនឹងត្រូវយកទៅអនុម័ត និងឯកសារលទ្ធផលចំនួន ២០ ដែលនឹងត្រូវយកទៅកត់សម្គាល់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១។
សេចក្ដីប្រកាសបានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាផងដែរ អំពីវឌ្ឍនភាពនៃការអនុត្តផែការមេ សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ ២០២៥។ កិច្ចការឆ្លងវិស័យ និងឆ្លងសសរស្តម្ភ និងព្រមទាំងវឌ្ឍនភាពនៃការអនុវត្តគំនិតផ្ដួចផ្ដើមកន្លងមក។ ក្នុងនោះមានក្របខ័ណ្ឌអាស៊ានសម្រាប់ការស្ដារឡើងវិញ គ្រប់ជ្រុងជ្រោយ។ ក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំ។ សេចក្ដីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។ សេចក្ដីថ្លែងការណ៍ទីក្រុង Bandar Seri Begawan ស្តីពីការអនុវត្តគ្រប់ជ្រុងជ្រោយ និងបែបយុទ្ធសាស្ត្ររបស់អាស៊ានសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះ អាសន្ន (ASEAN SHIELD) និងបច្ចុប្បន្នភាពនៃសំណើសុំចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រឡេសស្ដផងដែរ។ នេះបើតាមសេចក្ដីប្រកាស។
អង្គប្រជុំពិភាក្សាលើសំណើស្ដីពីការបង្កើតគណៈកម្មការជាន់ខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់អភិវឌ្ឍចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ និងបានឯកភាពលើរបាយការណ៍វាយតម្លៃរបស់សហគមន៍ សង្គម-វប្បធម៌អាស៊ាន ដែលបានរៀបចំបន្ទាប់ពីបេសកកម្មស្វែងរកការពិត ដែលបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ ២០២២ ស្តីពីសំណើបេក្ខភាពរបស់ប្រទេសទីម័រឡេសស្ត ចូលជាសមាជិកអាស៊ាន។
អង្គប្រជុំក៏បានស្នើសុំឱ្យមានការពន្លឿនការបញ្ជូន Secondment Officers ទៅកាន់ការិយាល័យតំណាងអចិន្រៃ្តយ៍អាស៊ាន ដើម្បីបំពេញសមាសភាពគណៈកម្មការតំណាងអចិន្រៃ្តយ៍ប្រចាំអាស៊ាន និងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងស្ថាប័ននៃសហគមន៍សង្គម-វប្បធម៌អាស៊ាន។
បន្ថែមពីនេះ អង្គប្រជុំបានកោតសរសើរជាថ្មីម្ដងទៀត ដល់កម្ពុជាចំពោះភាពជាប្រធានអាស៊ាន ប្រកបដោយ ប្រសិទ្ធភាព និងការរៀបចំបានយ៉ាងល្អប្រសើរ សម្រាប់កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ៣៣។ អង្គប្រជុំរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះភាពជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូនេស៊ីឆ្នាំ ២០២៣។
បើតាមក្រសួងអប់រំ កិច្ចប្រជុំឧត្តមមន្ដ្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣៣ គឺជាកិច្ចប្រជុំត្រៀមសម្រាប់កិច្ច ប្រជុំរបស់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។ នៅ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៨ (28th AS-CC Council Meeting)៕