ភ្នំពេញៈកម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​ឈាន​មុខ​មួយ ដែល​បាន​គ្រប់គ្រង និង​ងើប​ចេញ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ​រហូត​ឈាន​ដល់ការ​​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​​ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះក្តី លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​មាន​កា​រ​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​​រឹងមាំ​បន្ថែម​ទៀត។

នា​ពិធី​បើក​សន្និសីទ «ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ ២០២២» ​ពិភាក្សា​ពី​ការ​ស្តារ​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ៦ ខែ​តុលា លោក​នាយក​រដ្ឋមន្រ្តី បាន​លើកឡើង​ថា កម្ពុជា​ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​ឈាន​មុខ​មួយ​ដែល​បាន​គ្រប់គ្រង និង​ងើប​ចេញ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ បាន​យ៉ាង​ល្អប្រសើរ​។ ​ក្នុង​បរិការណ៍​ដែល​ប្រទេស​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​នៅ​បន្ត​ជួប​ប្រទះ​នឹង​ការ​ឆ្លង​រាលដាល​នៅ​ឡើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ព្យាយាម​ប្រែក្លាយ​វិបត្តិ​ឱ្យ​ទៅជា​កាលានុវត្ត​ភាព តាមរយៈ​ការ​ពន្លឿន​ការ​កែ​ទម្រង់​ស៊ីជម្រៅ ដើម្បី​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

លោក​​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ៖​«បន្ថែម​ពី​លើ​ ការ​​ចាក់​វ៉ាក់សាំង ​រាជរដ្ឋាភិបាល​នឹង​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល ដើម្បី​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​មួយ​ដ៏​រឹងមាំ ដែល​អាច​ជួយ និង​ការពារ​ប្រជាជន​ពី​ជំងឺ​កូវីដ​ ១៩ ក៏​ដូចជា​ជំងឺ​រាតត្បាត​ផ្សេង​ទៀត ដែល​អាច​កើត​មាន​ឡើង​ជាយ​ថាហេតុ​នាពេល​អនាគត»​។

ទាក់ទង​នឹង​ជំងឺ​កូវីដ ១៩ ​នេះ​ដែរ លោកស្រី ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​​ បាន​លើក​ឡើង​ក្នុង​​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ នា​សម័យ​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​៧៧ កាល​ពី​ថ្ងៃទី​ ២៣ ខែ​កញ្ញា​ ​កន្លង​ទៅ​ថា ការ​រាតត្បាត​នៃ​វីរុស​កូវីដ​ ១៩ នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ​ ហើយ​ពិភពលោក​ក៏​កំពុងតែ​ប្រឈម មុខ​ទៅ​នឹង​ជំងឺ​រាតត្បាត​នេះ​នៅ​ឡើយ​ដែរ​។ លោកស្រី​បាន​ឱ្យ​ដឹង​​ថា ការ​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​ត្រូវ​បន្ត​ផ្សព្វផ្សាយ​យ៉ាង​សកម្ម ដើម្បី​ជំរុញ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ការ​ថែរក្សា​សុខភាព​ផ្ទាល់​ខ្លួន ក្នុងការ​តាមដាន និង​កំណត់​បាន​នូវ​រោគសញ្ញា​សម្រាប់​​ការ​សង្ស័យ​នៃ​ការ​ឆ្លង​វីរុស​កូវីដ ១៩។

លោកស្រី ឱ វណ្ណឌីន ​បញ្ជាក់​ថា៖ «ត្រូវ​វិនិយោគ​លើ​ការ​ត្រៀម​លក្ខណៈ​នៅ​ថ្ងៃ​នេះ ដូច្នេះ យើង​នឹង​មិន​មាន​ការ​សោកស្តាយ​នៅ​ថ្ងៃស្អែក​ឡើយ​។ ការ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន គឺជា​មធ្យោបាយ​ដ៏​ល្អ​ប្រសើរ​បំផុត​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព​ សង្គម និង​សេដ្ឋកិច្ច»។

លោកស្រី​បន្ត​ទៀត​ថា ត្រូវតែ​មាន​កំណែទម្រង់​ វិនិយោគ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សម្រាប់​អនាគត។ ការ​អនុវត្ត​កម្មវិធី​ជំរុញ​ការ​ថែទាំ​សុខភាព​បឋម​គឺជា​ការ​វិនិយោគ​ដ៏​ល្អ​បំផុត​ សម្រាប់​ការ​សម្រេច​បាន​នូវ​សុខភាព​សម្រាប់​ទាំង​អស់​គ្នា។ លោក​ស្រីថា៖ «​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ​គឺជា​លក្ខខណ្ឌ​ចាំបាច់​ជាមុន (pre-condition) សម្រាប់​ការ​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​សម្រាប់​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​នាពេល​អនាគត»។

ជាមួយ​គ្នា​នេះ​ដែរ នាយក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​របស់​អង្គការ​សុខភាព​ពិភពលោក លោក​តាកេស៊ី កាសៃ បាន​លើកឡើង​​ដោយ​កោត​សរសើរ​កម្ពុជា ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល សម្រាប់​ពេល​អនាគត​ផង​ដែរ​។ លោក​បាន​លើក​ឡើង​ដូច​នេះ ក្នុង​អំឡុងពេល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ​រយៈពេល​ ៨ ថ្ងៃ កាល​ពី​ចុង​ខែ​មិថុនា​ និង​ដើម​ខែ​កក្កដា កន្លង​មក។​ លោក​ កាសៃ បាន​ឱ្យ​ដឹង​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ បាន​បង្រៀន​ឱ្យ​គ្រប់គ្នា​ដឹង​ថា ពេល​ដែល​សុខភាព​ប្រឈម​នឹង​ហានិភ័យ​អ្វីៗ​ទាំងអស់​ក៏​ប្រឈម​នឹង​ហានិភ័យ​ដែរ។

លោក​ថ្លែង​ថា៖ «ដោយ​ផ្អែកលើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ និង​មេរៀន​បទពិសោធ​ដែល​ទទួល​បាន​ពី​ការ​ឆ្លើយតប​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ កន្លង​មក កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី WHO ដើម្បី​ពង្រឹង​សនិ្តសុខ​សុខភាព​ និង​ការ​ត្រៀម​លក្ខណៈ​ឆ្លើយ​តប​ទុក​ជា​មុន​បន្ថែម​ទៀត ព្រម​ទាំង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ទាំង​នៅ​ថ្នាក់ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលបំណង​ធានា​ឱ្យ​កម្ពុជា​មាន​​សុខភាព និង​សុខុមាល​ភាព​ល្អ​បំផុត​តាម​ដែល​អាច​សម្រេច​បាន ក្នុង​ពេល​អនាគត​»​៕