​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ នា​ព្រឹក​ថ្ងៃទី ៦ ខែតុលា ម្សិលមិញ បាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ជាតិ ពិនិត្យ និង​សម្រេច​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខាងមុខ​នេះ។​

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានឱ្យដឹង​ថា លោក កើត រិ​ទ្ធ ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ទណ្ឌិត ផងដែរ​នោះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ពិនិត្យ និង​សម្រេច​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​នេះ។​

​លោក​បាន​លើកឡើងថា គណៈកម្មការ​ថ្នាក់ជាតិ​បានទទួល​សំណុំ​ឯកសារ​ពី​បណ្តា​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ២០ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង ៤ ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ៦៨៣ នាក់ ក្នុងនោះ​មាន​ស្រី ចំនួន ៦៤ នាក់។​

​លោក គឹម សន្តិភាព បាន​បញ្ជាក់ថា ៖ «​ទណ្ឌិត​សរុប​ចំនួន ៦៨៣ នាក់​នោះ មាន​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ចំនួន ៦២៦ នាក់ (​ស្រី ៥៥ នាក់​) និង​ស្នើសុំ​លើកលែង​ទោស ចំនួន ៥៧ នាក់ (​ស្រី ៩ នាក់​)»។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​រូបនេះ បាន​បន្ថែមថា កិច្ចប្រជុំ​របស់​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ​បញ្ចប់​ជា​ស្ថាពរ​លើ​បញ្ជី​សរុប​នា​ព្រឹក​ថ្ងៃ​ដដែល​នោះ ហើយ​កំពុង​បន្ត​រៀបចំ​សំណុំ​ឯកសារ​គោរព​ស្នើសុំ​ការសម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​ផ្តល់ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ទាំងនេះ។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ ២០២២ នេះ នឹង​ប្រព្រឹត្ត​ឡើង នា​ថ្ងៃទី ៧, ៨ និង​ថ្ងៃទី​៩ ខែវិច្ឆិកា ប៉ុន្តែ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​សម្រាប់​ថ្នាក់ជាតិ ប៉ុន្តែ​ពិធី​ទាំងនេះ​ធ្វើ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទូទាំង​ប្រទេស តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន៕