
ពលរដ្ឋភូមិព្រះដាក់ធ្វើការតវ៉ានៅសាលាឃុំ នាពេលថ្មីៗនេះ។ រូបថត សហការី
សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញ ដោយបញ្ជូនជាសារទៅកាន់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ត្រូវរក្សាភាពស្ងប់ស្ងាត់អំពីព័ត៌មានរុះរើទីកន្លែង ដោយហេតុរាជរដ្ឋាភិបាល គ្រាន់តែគិតគូរពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ តែមិនទាន់មានការប៉ះពាល់ណាមួយលើប្រជាជននៅឃុំនោះទេ។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែតុលានេះ គឺនៅរយៈពេល ១ ថ្ងៃក្រោយប្រជាជននៅឃុំព្រះដាក់លើកគ្នាតវ៉ាសុំមិនរុះរើចេញពីកន្លែងដែលខ្លួនរស់នៅ។
លោក ថ្លែងថា៖ «ខ្ញុំសូមយកឱកាសនេះបញ្ជូនសារនេះទៅជូនប្រជាពលរដ្ឋនៅទីនោះ សូមស្ងប់ស្ងាត់ យើងគិតគូរដោយហ្មត់ចត់ ខ្ញុំនឹងបញ្ជូនឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា ទៅជួបជាមួយបងប្អូននៅ[ថ្ងៃទី ៧ ខែតុលា] ដែលនឹងមានការជួបជុំដើម្បីពន្យល់»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងសិក្សាពីបារាយណ៍ខាងកើតដែលអាចមានទឹករហូតដល់ ៣០ លានម៉ែត្រគុប ប៉ុន្តែជាមួយនឹងការគិតគូរនេះរដ្ឋាភិបាលក៏បានដឹងផងដែរថា ឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណ ៣០០ ទៅ ៤០០ ឆ្នាំ មុន ហើយឃុំនេះក៏ទាក់ទងនឹងផ្នែករដ្ឋបាលដែនដីទៀតផង។
លោកបញ្ជាក់ថា៖ «យើងកំពុងតែសិក្សាអំពីតើយើងអាចដាក់ទឹកបានប៉ុន្មាន ដើម្បីទ្រទ្រង់ឱ្យអង្គរនេះ។ នៅទីនេះអគ្គរដ្ឋទូតជប៉ុនដែលស្ថិតជាសហប្រធានរបស់ ICC ក៏បានដឹង ហើយចំណុចដែលយើងត្រូវធ្វើ ត្រូវតែមានការប្រុងប្រយ័ត្នបញ្ហាសំខាន់នៅទីនេះយើងមិនទាមទាររហូតទៅដល់ដាក់ទឹក ៣០ លានម៉ែត្រគុប ដែលទាញយកប្រជាជនទាំងអស់ចេញពីឃុំព្រះដាក់ក៏អត់ដែរ»។ «តម្រូវការពិតប្រាកដអាចនឹងធ្វើការសិក្សាទៅលើបញ្ហាទាក់ទងជាមួយនឹងបាតអាងតែប៉ុណ្ណោះ ដើម្បីដឹងថា អាចដាក់ទឹកបានក្នុងចំនួនណាមួយ និងត្រូវធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែលកំពុងតែទទួលផលនៅទីនោះដោយរបៀបណា ដើម្បីម្ខាងការពារសម្រាប់ប្រជាជនរស់នៅទីនោះ និងម្ខាងទៀតគឺដើម្បីដោះស្រាយការការពារអង្គរ»។
លោកថ្លែងបន្តថា៖ «សំខាន់គឺយើងពិនិត្យទៅលើបញ្ហាបាតអាងនោះ តើយើងត្រូវទម្លាក់ទឹកប៉ុន្មាន ហើយពេលដែលទម្លាក់ទឹកមកវាប៉ះពាល់ចំពោះដីដែលគាត់កំពុងអាស្រ័យផលប៉ុន្មាន ហើយតើយើងត្រូវដោះស្រាយយ៉ាងម៉េចជាមួយកន្លែងនោះដើម្បីមានទឹកខ្លះការពារបេតិកភណ្ឌរបស់យើង តែប៉ុណ្ណឹង ថ្នាក់រើដល់ ១ ឃុំវាចប់រឿងហើយ អាហ្នឹងធ្វើទៅវាមិនរួច»។
លោក ជា វីរៈ អាយុ ៤៣ ឆ្នាំ ជាប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ដែលបានចូលរួមការតវ៉ាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា មានប្រជាពលរដ្ឋប្រមាណជាង ២ ពាន់នាក់បាននាំគ្នាទៅតវ៉ានៅសាលាឃុំព្រះដាក់ នៅថ្ងៃទី ៥ ខែតុលា មូលហេតុនៃការតវ៉ា ដោយសារមានក្រុមការងារអាជ្ញាធរអប្សរាចុះទៅផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋចំនួន ៥ ចំណុចថា ទី១ការផ្លាស់ប្តូរនឹងជូនដី ១ ប្លង់ ២០ គុណ ៣០ ម៉ែត្រ នៅរុនតាឯក ទី២ ផ្តល់ជូនមធ្យោបាយរុះរើ និងដឹកជញ្ជូនទៅដល់ទីកន្លែង ចំណែកទី៣ ផ្តល់ជូនបណ្ណក្រីក្រ ១ គ្រួសារ ១០ ឆ្នាំ ហើយផ្តល់ជូនថវិកា ១ លានរៀលដើម្បីរុះរើ និងទី៥ ផ្តល់ជូនស័ង្កសី ៣០ សន្លឹក។
លោកបន្តថា ឃើញដូចនោះប្រជាពលរដ្ឋមានការព្រួយបារម្ភទើបនាំគ្នាទៅជួបជុំនៅសាលាឃុំព្រះដាក់ដើម្បីសួរឱ្យបានច្បាស់អំពីព័ត៌មាននេះ ប៉ុន្តែត្រូវបានគណៈអភិបាលស្រុកបន្ទាយស្រីណែនាំឱ្យត្រឡប់ទៅផ្ទះវិញសិន និង សុំឱ្យមកជួបជុំម្តងទៀតនៅថ្ងៃទី ៧ ខែតុលា នេះ។
លោកថ្លែងថា៖ «ឥឡូវព័ត៌មាននេះបានដល់សម្តេចហើយ សម្តេចថា អត់បានឱ្យរុះរើទេ ឥឡូវ បើអត់ឱ្យរុះរើតើមកសួរប្រជាពលរដ្ឋធ្វើអី ធម្មតាប្រជាពលរដ្ឋមានការភ័យព្រួយណាស់ សំណង់ផ្ទះរស់នៅរាប់រយឆ្នាំហើយ មកឱ្យរុះរើអ៊ីចឹងតើគិតយ៉ាងម៉េចវិញ?»។
លោកទៀ សីហា អភិបាលខេត្តសៀមរាប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែតុលាថា ការលើកគ្នាទៅតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំព្រះដាក់នេះ អាចកើតឡើងដោយសារការយល់ច្រឡំ ឬមានព័ត៌មានដែលមិនច្បាស់លាស់ទៅដល់ពួកគាត់ តាមពិតកិច្ចការនៅព្រះដាក់នេះគឺមិនមានក្នុងផែនការនោះទេ។ អ្វីដែលជាផែនការនោះគឺជាការសិក្សា ១ ជំហានសិនពាក់ព័ន្ធនឹងរឿងបារាយណ៍ខាងកើតដែលត្រូវយកធ្វើជាកន្លែងឃ្លាំងទឹកដើម្បីជួយដល់គ្រឹះប្រាសាទ។
លោកថ្លែងថា៖ «មិនមានគោលការណ៍ដែលថាត្រូវតែឱ្យពួកគាត់រុះរើទៅរុនតាឯកនោះទេ។ អ្វីដែលច្បាស់គឺយើងមិនទាន់មានគោលការណ៍ណាច្បាស់លាស់ចំពោះអ្នកនៅ ឃុំព្រះដាក់នោះទេ»។
លោក សួស ណារិន មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តសៀមរាប បានប្រាប់ថា អ្វីដែលប្រជាពលរដ្ឋតវ៉ានេះ វាគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមិនពេញចិត្តនឹងដំណោះស្រាយឱ្យពួកគាត់រុះរើលំនៅឋានចេញពីភូមិចាស់បុរាណ តែថ្ងៃទី ៧ ខែតុលា គឺខាងអភិបាលខេត្ត និងគណៈកម្មការថ្នាក់ជាតិ នឹងមកជួបប្រជាពលរដ្ឋ។
លោកស្រី គង់ ចាន់ថា ជំទប់ទី២ នៃឃុំព្រះដាក់ បានប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅភូមិទាំង ៦ នៃឃុំព្រះដាក់ បានតវ៉ាដោយសារពួកគាត់បានទទួលដំណឹងពីមន្ត្រីអាជ្ញាធរអប្សរា ថានឹងមានគម្រោងឱ្យពលរដ្ឋរើលំនៅទៅកន្លែងថ្មី។
លោកស្រីថា៖ «អ្នកភូមិពួកគាត់មិនសុខចិត្ត ព្រោះគាត់ឮតៗគ្នាមកថា មានគម្រោងឱ្យពួកគាត់ផ្លាស់ទីលំនៅ។ អ៊ីចឹងពួកគាត់ស្ដាយស្រណោះទឹកដីភូមិកំណើតនិងទ្រព្យសម្បត្តិគាត់»៕
វីដេអូ៖