The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្បាល​នាគ​ធ្វើ​ពី​ថ្មភក់ ស្ថិតក្នុង​រចនាប័ទ្ម​បាយ័ន ដែល​ផុស​ឡើង​តាម​ឫស​ឈើ​ដួលរលំ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរ​

ក្បាល​នាគ​ធ្វើ​ពី​ថ្មភក់ ស្ថិតក្នុង​រចនាប័ទ្ម​បាយ័ន ដែល​ផុស​ឡើង​តាម​ឫស​ឈើ​ដួលរលំ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរ​

Content image - Phnom Penh Post
ក្បាលនាគ​ធ្វើពី​ថ្មភក់​ស្ថិត​ក្នុង​រចនាប័ទ្ម​បាយ័ន ដែលគេ​ប្រទះ​ឃើញ​នៅ​ពេល​ដើមឈើ​ដួលរលំ​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សាទុក។ រូបថត អាជ្ញាធរ​ជាតិអប្សរា

ក្បាល​នាគ​ធ្វើ​ពី​ថ្មភក់ ស្ថិតក្នុង​រចនាប័ទ្ម​បាយ័ន ដែល​ផុស​ឡើង​តាម​ឫស​ឈើ​ដួលរលំ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរ​

សៀមរាបៈ ក្បាល​នាគ​ចំនួន ១ ធ្វើ​ពី​ថ្មភក់​ស្ថិតក្នុង​រចនាប័ទ្ម​បាយ័ន ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ-​អង្គរ បន្ទាប់ពី​បាន​ប្រទះ​ឃើញ​នៅ​ពេល​ដើម​ស្រឡៅ​ធំ ១ ដើម​បាន​ដួលរលំ ហើយ​បំណែក​ក្បាល​នាគ​ដែល​កប់​ក្នុង​ដី​ជា​យូរឆ្នាំ​មកហើយ​នោះ ត្រូវបាន​ផុស​ឡើង​តាម​ឫស​ឈើ នៅ​ក្នុង​បរិវេណ​វត្ត​ទេពប្រណម្យ អតីត​រាជធានី​អង្គរធំ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

​លោក ឈូក សុ​ម៉ា​ឡា ប្រធាន​ក្រុម​ចុះបញ្ជី​វត្ថុ​សិល្បៈ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹង​ថា បំណែក​ក្បាល​នាគ​នេះ បាន​កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​កន្លះ​ម៉ែត្រ ហើយ​ជាក់ស្តែង ដើម​ស្រឡៅ​ដែល​ដុះ​ពីលើ​មិនមាន​ឫសកែវ​ធំៗ ទើប​ពេល​ភ្លៀង​ជោកជាំ ដី​ជ្រាយ ធ្វើឱ្យ​ដួលរលំ និង​ផុស​ក្បាល​នាគ​ដែល​ឫស​ឈើ​ដុះ​ចាក់​ស្រែះ​មក​ជាមួយ​តែម្តង។

​លោក សុ​ម៉ា​ឡា បន្តថា បំណែក​ក្បាល​នាគ​នេះ មាន​ត្រឹមតែ​ក​នាគមក​ក្បាល​ខាងលើ​ដែល​មាន បណ្តោយ ១,២ ម៉ែត្រ ទទឹង ១ ម៉ែត្រ និង​កម្រាស់ ០,៣ ម៉ែត្រ បំណែក​សត្វ​គ្រុឌ​ជិះ​លើ​ក្បាល​នាគ។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ស្ថានភាព​មុខ​នាគ​ខាងមុខ​មានការ​ខូចខាត​ច្រើន​ដោយ​អន្លើ​ដោយ​បាក់បែក​មុខ​នាគ និង​ជុំវិញ​សងខាង។​

​រីឯ​សត្វ​គ្រុឌ​វិញ ត្រូវបាន​បាក់​ច្រមុះ និង​ដៃ​ផ្នែក​នៅ​ខាងលើ រួមទាំង​ផ្នែក​ខ្លះ​នៃ​ក្បាល។​

​លោក ឈូក សុ​ម៉ា​ឡា សន្និដ្ឋានថា បំណែក​ក្បាល​នាគ​នេះ​អាច​យក​ចេញពី​ប្រាសាទ​បាយ័ន តែ​មិនដឹង​ថា យកមក​ទីតាំង​នេះ​ក្នុង​គោលបំណង​អ្វី និង​ពេលណា​នោះទេ។

​រូបចម្លាក់​បែបនេះ​ច្រើន​ឃើញ​នៅ​រចនាប័ទ្ម​បាយ័ន ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ទ្រង់​បាន​យក​នាគ និង​គ្រុឌ​ដែល​ជា​សត្រូវ​នឹង​គ្នា​មក​បញ្ចូល​ក្នុង​សិល្បៈ​តែមួយ ដែល​អាច​ជា​ព្រះអង្គ​ចង់បង្ហាញ​ពី​ទស្សនៈ​បង្រួបបង្រួម​សាសនា​រវាង ព្រហ្មញ្ញ​សាសនា និង​ព្រះពុទ្ធ​សាសនា ទើប​ព្រះអង្គ​ឱ្យ​ស្ថាបត្យករ​បញ្ចូល​នាគ និង​គ្រុឌ​នៅ​ជាមួយគ្នា ហើយ​ដាក់​បង្ហាញ​លើ​សំណង់​នានា​របស់​ទ្រង់។

​ដើម្បី​រក្សា​សុវត្ថិភាព​នូវ​បំណែក​ក្បាល​នាគ​នេះ ទើប​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ ព្រមទាំង​ភ្នាក់ងារ​ទេសចរណ៍ ធ្វើ​កំណត់ហេតុ ប្រគល់​ទទួល​បំណែក​ចម្លាក់​ខាងលើ យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដើម្បី​ចុះបញ្ជី​ទុកជា​ឯកសារ លាង​សម្អាត រក្សាទុក​ទៅតាម​បច្ចេកទេស និង​ស្វែងរក​ទិន្នន័យ​ផ្សេង​ទៀត ទាក់ទង​នឹង​បំណែក​ក្បាល​នាគ​នេះ ងាយស្រួល​យកទៅ​ដាក់​នៅ​ទីតាំង​ដើម​វិញ បើ​មាន​ការ​ជួសជុល​នៅ​ទីតាំង​ដែល​បាន​បាត់បង់​នោះ៕

អត្ថបទគួរចាប់អារម្មណ៍