គណៈប្រតិភូ​ចំនួន​ ៣០ ​ប្រទេស​បាន​ថ្លែង​គាំទ្រ ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង វឌ្ឍនភាព និង​សមិទ្ធផល ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការលើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​លើ​ទិដ្ឋភាព​ជាច្រើន និង​បាន​អំពាវនាវ​ឱ្យ​អ្នក​រាយការណ៍​ ពិសេស​ប្រកាន់​យក​វិធីសាស្ត្រ​ការងារ​ប្រកប​ដោយ​តុល្យភាព​ និង​ស្ថាបនា ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​យោបល់​របស់​រាជរដ្ឋាភិបាល និង​កាលៈទេសៈ​របស់​ប្រទេស​។

នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ ស្តីពី «​សិទ្ធិមនុស្ស​ក្នុង​វិស័យ​ជាច្រើន នៅ​កម្ពុជា​ត្រូវបាន​លើក​សរសើរ ក្នុង​កិច្ចពិភាក្សា​របស់​អង្គការ​សហប្រជាជាតិ នាទី​ក្រុង​ហ្សឺណែវ​» កាលពី​ថ្ងៃទី​ ៦ ខែ​តុលា កន្លង​មក​នេះ​។

កិច្ចសន្ទនា​អន្តរសកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​សរុប​ចំនួន​ ៣៩ ​ប្រទេស​។

សេចក្តី​ថ្លែងការណ៍​បាន​លើកឡើង​ថា៖ «​គណៈប្រតិភូ​បាន​កោតសរសើរ​ចំពោះ​ជោគជ័យ ដែល​មាន​ជាអាទិ៍ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ជាពិសេស​យុទ្ធនាការ​ចាក់​ស្រោច​វ៉ាក់សាំង​កូវីដ​ ១៩ ដល់​ប្រជាជន​ស្ទើរ​ទូទាំង​ប្រទេស និង​គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​គាំពារ​សង្គម​ជាច្រើន ដើម្បី​ជួយ​ដល់​ស្ត្រី បុគ្គលិក​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ នឹង​ក្រុម​ងាយ​រងគ្រោះ​ជាដើម​»​។

ដោយឡែក គណៈប្រតិភូ​ចំនួន​ ៩ ​ប្រទេស​ផ្សេងទៀត​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះដែរ ដោយ​បាន​បញ្ចេញមតិ​ទិតៀន និង​អំពាវនាវ​ឱ្យ​កម្ពុជា​លើក​កម្ពស់​លម្ហ​ពលរដ្ឋ​ និង​នយោបាយ រួមទាំង​ការគោរព​បន្ថែម​ទៀត​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ សារព័ត៌មាន និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី ព្រមទាំង​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ​។ បើតាម​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​។

ជាមួយ​គ្នា​នោះដែរ គណៈប្រតិភូ​ស្ទើរ​ទាំងអស់​នោះ​បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​ជា​បន្តបន្ទាប់​របស់​កម្ពុជា​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រួមទាំង​ការសម្រប​សម្រួល​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​នៅ​ប្រទេស​កម្ពុជា និង​វឌ្ឍនភាព​នៃ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល​។

ក្នុងឱកាស​នៃ​កិច្ចពិភាក្សា​គ្នា​នោះដែរ ឯកអគ្គរាជទូត​ និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ហ្សឺណែវ លោក អាន សុខខឿន បាន​ផ្តល់​នូវ​ការសង្កេត​ចំពោះ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស ដូចជា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស ទទួល​ស្គាល់​យ៉ាង​សង្ខេប និង​តិចតួច​នូវ​ទិដ្ឋភាព​វិជ្ជមាន​នៅ​កម្ពុជា​។

លោក​ថា៖ «​សោកស្តាយ​ចំពោះ​របាយការណ៍ ដែល​មិន​បាន​ឆ្លុះបញ្ចាំង​នូវ​ការពិត​លើ​ទិដ្ឋភាព​ជាច្រើន ដោយ​មិន​លើក​ឱ្យ​មាន​តុល្យភាព​ និង​ពេញលេញ​នូវ​អង្គហេតុ​ និង​អង្គច្បាប់ ដែល​ផ្តល់​ដោយ​ស្ថាប័ន​ជាច្រើន​របស់​រដ្ឋ បើទោះបី​ជា​រាជរដ្ឋាភិបាល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ​យ៉ាងណា​ក៏ដោយ​»​។

ឯកអគ្គរាជទូត​ និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​រូបនេះ​បាន​បន្តថា ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាន​មិន​ពេញលេញ​នោះ អ្នករាយការណ៍​ពិសេស​បាន​ធ្វើការ​សន្និដ្ឋាន​ដែល​មាន​ចរិត​នយោបាយ​។ កង្វះ​ភ័ស្តុតាង​រឹងមាំ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាព​អាច​ទុកចិត្ត​បាន និង​ភាព​មិនលម្អៀង​របស់​របាយការណ៍​។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​ថ្លែង​បញ្ចប់​ដោយ​គូសបញ្ជាក់​ថា៖ «​សិទ្ធិមនុស្ស​មិន​ផ្តោត​លើ​ភាពល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ​គឺជា​ការរត់​រយៈ​ចម្ងាយ​វែង និង​ផ្តោតលើ​វឌ្ឍនភាព​។ អ្នក​តាមដាន​ដែល​យុត្តិធម៌ និង​មិន​លម្អៀង ប្រាកដ​ជា​វាយតម្លៃ​កម្ពុជា ដោយ​សុទិដ្ឋិនិយម ដូចដែល​យើង​បាន​ស្ដាប់ឮ​ពី​គណៈប្រតិភូ​ដ៏ច្រើន​លើសលប់​ក្នុង​កិច្ចសន្ទនា​នេះ​»​។

លោក​ថា កម្ពុជា​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​ខ្លួន ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​ក្របខ័ណ្ឌ​នៃ​នីតិរដ្ឋ ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ថែរក្សា​សន្តិភាព​នៅ​កម្ពុជា​ ដែល​សម្រេច​បាន​ដោយ​លំបាក និង​បន្តដំណើរ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ពហុ​និយម ដោយ​ឥត​ថយក្រោយ​៕