
លោក គង់ សោភ័ណ្ឌ និងមន្ត្រីពាក់ព័ន្ធក្នុងពិធីផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ កាលពីថ្ងៃទី ៥ តុលា។ រូបថត រដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាលៈ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជំរុញឱ្យថ្នាក់ដឹកនាំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំសម្រួលដល់ប្រជាពលរដ្ឋរាល់សេវាក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឱ្យបានទាន់ពេលវេលា។
បើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានជំរុញបែបនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋ ចំនួន ០៣ ភូមិ នៅភូមិស្ដៅកន្លែង ៣ ភូមិស្ដៅកន្លែង ៤ និងភូមិស្ដៅកន្លែង ៥ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ នៅបរិវេណវត្តស្ដៅកន្លែងកាលពីព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២។
លោកអភិបាលខេត្តបន្តថា មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋឡើយ។
លោកបន្ថែមថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល «ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម។
ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ បានស្នើដល់ប្រជាពលរដ្ឋ សូមថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាដីដែលខ្លួនកំពុងរស់នៅ ទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅជំនាន់ក្រោយ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាលបានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៧៣ លើកស្មើ នឹង ២៤៤ ៦៩៣ បណ្ណ ហើយថ្ងៃទី ៥ តុលា គឺជាលើកទី ១៧៤ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពីក្នុងភូមិស្ដៅកន្លែង ៣ ភូមិស្ដៅកន្លែង ៤ និងភូមិស្ដៅកន្លែង ៥ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ សរុបចំនួន ១ ៦៤២ បណ្ណ៕