លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​ថ្ងៃទី ៦ ខែ​តុលា បាន​ណែនាំ​ដល់​ក្រុម​ការងារ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​បន្ត​រួមគ្នា​សហការ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​កែសម្រួល​ឱ្យបាន​ល្អិតល្អន់​បន្ថែម​ទៀត​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (ដ្រូន)។​

​លោក​បានលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​ស្តីពី​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (ដ្រូន​) ដោយ​មាន​ការ​ចូលរួម​ពី រដ្ឋលេខា​ធិការ អនុរដ្ឋ​លេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់​ដឹកនាំ​នៃ​អង្គភាព​នានា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត នា​ថ្ងៃទី ៦ ខែតុលា។​

​លោក ស ខេង បាន​មាន​ប្រសាសន៍ថា ៖ «​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ពាក់ព័ន្ធ​លើ​ការងារ​រៀបចំ​តាក់តែង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូន​) សម្រាប់​ធ្វើជា​ក្រឹត​ក្រម​គតិយុត្ត​នៃ​ច្បាប់​មួយ​ដើម្បី​បម្រើ​ដល់​ការ​គ្រប់គ្រង​យាន​ដែល​គ្មាន​មនុស្ស​បើក​នៅ​កម្ពុជា»។​

​នាឱកាស​នោះ លោក ប៊ុន ហុន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូន​) បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដ្រូន​មាន​ការ​រីក​ដុះដាល​យ៉ាងខ្លាំង។​

​លោក​ថា ចំពោះ​ការប្រើប្រាស់​ដ្រូ​ន ក៏មាន​សន្ទុះ​កើនឡើង​យ៉ាង​ឆាប់រ​ហ័យ​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​សកល​លោក រួមទាំង​តំបន់​ផងដែរ សម្រាប់​បម្រើឱ្យ​វិស័យ​ពាណិជ្ជកម្ម សេវាកម្ម​ដឹកជញ្ជូន វិស័យ​កសិកម្ម វិស័យ​សិល្បៈ​កម្សាន្ត ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការងារ​ជួយ​សង្គ្រោះ​ជាដើម។

​លោក ប៊ុន ហ៊ុន បាន​បន្ថែមថា ៖ «​ក្រៅពីនេះ​នៅមាន​ផលប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត ដូចជា​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​សត្វ នៅ​ពេល​មាន​អគ្គិសភ័យ​កើត​ឡើង ឬ​មាន​បាតុភូត​ធម្មជាតិ​ផ្សេងៗ ទោះបី​ជា​ដ្រូន មាន​សារៈសំខាន់​ជាច្រើន​ក៏ដោយ ក៏ប៉ុន្តែ​ផ្ទុយ​ទៅវិញ គេ​អាច​ប្រើប្រាស់​ដ្រូន​នេះ សម្រាប់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ឬ​បទល្មើស​នានា​ផងដែរ»។​

​លោក​បាន​បញ្ជាក់ថា ការប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូន សម្រាប់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ឬ​បទល្មើស​មាន​ដូចជា ការដាក់​គ្រឿង​បំផ្ទុះ ឬ​ឧបករណ៍​លួច​ថតឆ្លប​យកការណ៍ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ។

​ហេតុនេះ​ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ដ្រូ​ន ឱ្យ​ការប្រើប្រាស់​បាន​ត្រឹមត្រូវ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ គឺ​តម្រូវឱ្យ​មាន​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (ដ្រូន)។ នេះ​បើតាម​លោក ប៊ុន ហ៊ុន៕​