មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ដាក់​ចេញ​នូវ​ផែនការ និង​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ក្នុង​គោលដៅ ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​លើកកម្ពស់​ការផ្តល់​សេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ ដែល​រួមចំណែក​ក្នុង​ការដោះស្រាយ​ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​។

លោក នាក់ សើគីរីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​លើកឡើង​ដូចនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ក្រសួង​យុត្តិធម៌ នា​ថ្ងៃទី ​៧ ខែ​តុលា ស្តីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ឆ្នាំ​នៃ​ក្រសួង​យុត្តិធម៌ ដោយ​ក្រសួង​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ ដោយ​ប្រើ​រយៈពេល ​១​ ឆ្នាំ​ និង​ ១ ​ខែ ដែល​ហៅថា «​យុទ្ធនាការ​ ៣៩៥ ​ថ្ងៃ​»​។

លោក​បានឱ្យ​ដឹងថា៖ «​កត្តា​ដែល​នាំឱ្យ​មាន​ការកកស្ទះ​សំណុំ​រឿងនេះ គឺ​ដោយសារ​តែ​ការគិតគូរ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ពិសេស​ការពារ​សណ្តាប់​ធ្នាប់ សាធារណៈ​, រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រឆាំង​នឹង​បទល្មើស​នានា ពិសេស​បទល្មើស​គ្រឿងញៀន ធនធាន​ធម្មជាតិ និង​បទល្មើស​ព្រៃឈើ​»​។

ការអនុវត្ត​នូវ​យុទ្ធនាការ​នេះ គឺ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​មាន​ការសាទរ​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ទន្ទឹម​នឹង​ភាពជោគជ័យ​នេះ ក៏​មាន​ការប្រឈម​នឹង​ការកើនឡើង​នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ដែល​កើតមានឡើង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត និង​មាន​ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដែល​បង្កឱ្យ​មាន​ភាពចង្អៀត​ណែន​ផងដែរ​។

លោក នាក់ សើគីរីន បាន​បញ្ជាក់​ថា ដើម្បី​ធានា​ឱ្យ​យុទ្ធនាការ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព ស្រប​តាម​ផែនការ​ដែល​បាន​ដាក់​ចេញ ក្រសួង​យុត្តិធម៌ បាន​រៀបចំ​ឱ្យ​មាន​ជា​យន្តការ​មួយ​ ដើម្បី​ដឹកនាំ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ ដោយបាន​បង្កើត គ.យ.ក.ស. ដែល​មាន​ក្រុមការងារ​ចំនួន ៤​។

ក្រុម​ការងារ​ទាំងអស់​បាន​អនុវត្ត​យុទ្ធនាការ​ជា​បន្តបន្ទាប់​តាម​តំបន់​ទទួល​ខុសត្រូវ​នៅ​សាលាដំបូង​ទូទាំង​ប្រទេស​ក្នុង​ស្មារតី និង​ឆន្ទៈ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​របស់​ខ្លួន​។ នេះ​បើ​តាម​លោក នាក់ សើគីរីន​។

យោង​តាម​ការ​ស្រង់​ទិន្នន័យ និង​បូកសរុប​របាយការណ៍​របស់​តុលាការ​ទូទាំង​ប្រទេស នៅក្នុង​រយៈពេល​យុទ្ធនាការ​បាន​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ចង្អៀតណែន​នូវ​បុគ្គល​សរុប​ចំនួន​ប្រមាណ ៣៩ ៣១០ នាក់​។

ក្រសួង​យុត្តិធម៌​បាន​ឱ្យ​ដឹងពី​លទ្ធផល​សរុប​រួម​នៃ​យុទ្ធនាការ​នេះ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ​ ដែល​បាន​ចាត់ការ​រួច​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស​ទាំង​ដំណាក់កាល​អយ្យការ ទាំង​ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ​ចំនួន​សរុប​ជាង ៣៧ ៩០០ សំណុំរឿង ស្មើនឹង ៩៦% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ ដែល​បាន​កកស្ទះ​សរុប​ជាង ៣៩ ៥០០ សំណុំរឿង​។

សំណុំរឿង​ដែល​ត្រូវ​បាន​ជំនុំជម្រះ​រួច​មាន​ចំនួន​ជាង ១២ ៦០០ សំណុំ​រឿង ស្មើនឹង​ ៩៧% នៃ​សំណុំ​រឿង​សរុប​ជាង ១៣ ០០០ សំណុំរឿង​បន្ថែម​ពីនេះ សាលា​ដំបូង​រាជធានី-​ខេត្ត ទូទាំង​ប្រទេស​ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ ដែល​ចូល​ថ្មី​ចំនួន​ជាង ៦២ ៨០០ សំណុំរឿង ស្មើនឹង ៧៨% នៃ​ចំនួន សំណុំ​រឿង​ចូល​ថ្មី​សរុប​ជាង ៨០ ៤០០ ​សំណុំរឿង​៕