លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​នូវ​មរណទុក្ខ​ដ៏ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការបាញ់​ប្រហារ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ​៦ ខែតុលា ម្សិលមិញ​នេះ ដោយ​រូបលោក និង​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​សម្ដែង​នូវ​ការសោកស្ដាយ​ជាទីបំផុត​។

លោក ហ៊ុន សែន បាន​បង្ហាញ​ពី​ការសោកស្តាយ​ និង​មរណទុក្ខ​នេះ ក្នុង​ពេល​រដ្ឋមន្ត្រី​ឧត្តមសិក្សា​ស្រាវជ្រាវ​នវានុវត្តន៍​នៃ​ប្រទេស​ថៃ លោក អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សុក្រ ទី ​៧ ខែតុលា​នេះ​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា៖ «[​ខ្ញុំ​] សូម​សម្ដែង​នូវ​មរណទុក្ខ​ដ៏ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការបាញ់​ប្រហារ​នៅ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ ហើយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​សូម​ចូលរួម​សម្ដែង​នូវ​ការសោកស្ដាយ​ជាទីបំផុត​»​។

សូមបញ្ជាក់​ថា មនុស្ស​យ៉ាង​ហោចណាស់​ជិត​ ៤០ នាក់ រួមទាំង​ក្មេងៗ និង​មនុស្ស​ធំ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ក្នុង​ការបាញ់ប្រហារ​ដ៏ធំ​មួយ នៅឯ​មជ្ឈមណ្ឌល​ថែទាំ​កុមារ នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​កាលពី​ម៉ោង​ប្រហែល ១២ ជិត ១ រសៀល នាទី ៦ ខែតុលា ក្នុង​ស្រុក Uthaisawan Na Klang នៃ​ខេត្ត​ Nong Bua Lamphu​។ ប៉ូលិស​ថៃ​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ដែល​មាន​វ័យ ៣៤ ឆ្នាំ និង​ជា​អតីត​ប៉ូលិស ឈ្មោះ Panya Kamrab​។

ប៉ូលិស​ថៃ​បាន​បញ្ជាក់​ទៀតថា ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​រួច​ធ្វើ​ការចាក់​បន្ថែម ដោយ​កាំបិត​ចុង​ស្រួច​។

ទន្ទឹមនឹង​នេះដែរ ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក អនេក ឡៅថាំម៉ាតាស់ នេះ​ដែរ លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​ជម្រាប​ថា គោលបំណង​របស់​លោក​មកកាន់​កម្ពុជា​នៅពេល​នេះ គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បាន​បន្ថែម​ថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ​តាមរយៈ​ការផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស នៅ​សាកលវិទ្យាល័យ​ល្បីៗ​របស់​ព្រះរាជាណាចក្រ​ថៃ​។

លោក អនេក ឡៅថាំម៉ាតាស់ បាន​បន្តទៀត​ថា កិច្ចសហប្រតិបត្តិការ​មួយ​ទៀត​គឺ តាមរយៈ​ការអនុញ្ញាត​ឱ្យ​អ្នកស្រាវជ្រាវ វិទ្យាសាស្ត្រ​កម្ពុជា​ទៅ​ចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ លើ​វិស័យ​ជាច្រើន រួមទាំង​វិស័យ​តារាសាស្ត្រ វិស័យ​ជីវសាស្ត្រ វិស័យ​អាហារសាស្ត្រ និង​វិស័យ​ដទៃទៀត​។

លោក​ថា៖ «​ទី ​៣ ​គឺ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ជាពិសេស​លើ​ជំនាញ​ឯកទេស​»​។

លើសពី​នេះ​ទៅ​ទៀត លោក អនេក ឡៅថាំម៉ាតាស់ ក៏បាន​គោរព​អញ្ជើញ​ប្រតិភូ​កម្ពុជា ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​វិស័យ​ ដែល​អាច​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ ជាពិសេស​លើ​វិស័យ​អប់រំ​ផងដែរ​។

ជាការ​ឆ្លើយតប លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក អនេក ឡៅថាំម៉ាតាស់ ដែល​បាន​ពាំនាំ​នូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​ថៃ​ចំពោះ​លោក​។

នាពេល​នោះ​ដែរ លោក ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការផ្ដល់​អាហារូបករណ៍ ការផ្ដល់​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​វិស័យ​សុខាភិបាល​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ត​ថា៖ «​កម្ពុជា​ត្រូវការ​និស្សិត​ទៅ​សិក្សា​លើ​ជំនាញ​នោះ​លើ​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត រួមទាំង​ការស្រាវជ្រាវ​ផងដែរ ដោយ​ស្នើសុំ​ឱ្យ​មាន​ការពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ល្អ និង​កាន់តែ​ស៊ីជម្រៅ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រគល់​ជូន​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និង​នវានុវត្តន៍​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​តាម​ការអញ្ជើញ​របស់​លោក អនេក ឡៅថាំម៉ាតាស់ ផង​ដែរ​៕