អង្គការ​សុខភាព​ពិភពលោក (WHO) បាន​លើកឡើង​ថា មុន​មាន​ការរាតត្បាត​នៃ​ការឆ្លង​មេរោគ​កូវីដ​ ១៩ ក្នុង​ឆ្នាំ ២០១៩ ​មាន​ការប៉ាន់ប្រមាណ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៨ នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​ផ្លូវចិត្ត​។

WHO បាន​លើកឡើង​ដូចនេះ​ក្នុង​ឱកាស​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​ឆ្នាំ ២០២២ ​នេះ ស្តីពី​ការធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​ជា​អាទិភាព​សកល​។

អង្គការ​ដដែល​នេះ​បាន​ឱ្យ​ដឹងថា៖ «​មុន​ការរាតត្បាត​នៃ​ជំងឺ​រាតត្បាត​ក្នុង​ឆ្នាំ ២០១៩ មាន​ការប៉ាន់ប្រមាណ​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៨ នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​ផ្លូវចិត្ត​។ ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​ឆ្នាំ ២០២២ នឹង​ផ្តល់​ឱ្យ​យើង​នូវ​ឱកាស​មួយ​ ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ឡើងវិញ​ ដើម្បី​ការពារ និង​កែលម្អ​សុខភាព​ផ្លូវចិត្ត​»​។

ជំងឺ​រាតត្បាត កូវីដ ​១៩ បាន​បង្កើត​វិបត្តិ​សកល​ សម្រាប់​សុខភាព​ផ្លូវចិត្ត ដោយ​ជំរុញ​ឱ្យ​មាន​ភាពតានតឹង​រយៈពេល​ខ្លី និង​រយៈពេល​វែង និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​រាប់​លាន​នាក់​។

អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា​ជំងឺ​រាតត្បាត​នេះ​បាន​ធ្វើឱ្យ​មាន​ការកើនឡើង​ទាំង​ជំងឺ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ច្រើនជាង ២៥% ក្នុង​ឆ្នាំ​ដំបូង​នៃ​ការកើត​មាន​នូវ​ជំងឺ​រាតត្បាត​នេះ​។ ទន្ទឹម​នឹងនេះ សេវា​សុខភាព​ផ្លូវចិត្ត​ត្រូវបាន​រំខាន​យ៉ាងខ្លាំង ហើយ​គម្លាត​នៃ​ការព្យាបាល​ សម្រាប់​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​ត្រូវបាន​ពង្រីក​ច្រើន​។

អង្គការ​នេះ​បាន​លើកឡើង​ថា៖ «​យើង​ត្រូវតែ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​តម្លៃ និង​ការប្តេជ្ញាចិត្ត​ ដែល​យើង​ផ្តល់​ដល់​សុខភាព​ផ្លូវចិត្ត​លើ​បុគ្គល សហគមន៍ និង​រដ្ឋាភិបាល ជាមួយ​នឹង​ការប្តេជ្ញាចិត្ត ការចូលរួម និង​ការវិនិយោគ​កាន់តែ​ច្រើន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​គ្រប់​វិស័យ​»​។

ប្រភព​ដដែល​បាន​បន្តថា៖ «​យើង​ត្រូវតែ​ពង្រឹង​ការថែទាំ​សុខភាព​ផ្លូវចិត្ត ដើម្បី​ឱ្យមាន​វិសាលភាព​ពេញលេញ​នូវ​តម្រូវការ​សុខភាព​ផ្លូវចិត្ត​ត្រូវបាន​បំពេញ​តាមរយៈ​ការផ្តល់​សេវាកម្ម​តាម​បណ្តាញ​សហគមន៍ និង​ការគាំទ្រ​ដែល​អាចមាន​តម្លៃ​សមរម្យ និង​ប្រកប​ដោយ​គុណភាព​»​។

WHO នឹង​ធ្វើការ​ជាមួយ​ដៃគូ​ ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ជុំវិញ​ប្រធានបទ​នៃ​ការធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​ សម្រាប់​ទាំងអស់​គ្នា​ជា​អាទិភាព​សកល​។ នេះ​នឹង​ជា​ឱកាស​មួយ​ សម្រាប់​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​ផ្លូវចិត្ត អ្នកតស៊ូ​មតិ រដ្ឋាភិបាល និយោជក និយោជិត និង​អ្នក​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​រួមគ្នា​ទទួល​ស្គាល់​វឌ្ឍនភាព​ក្នុង​វិស័យនេះ និង​បញ្ចេញ​សំឡេង​ពី​អ្វី​ដែល​ត្រូវធ្វើ ដើម្បី​ធានា​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​ក្លាយជា អាទិភាព​សកល​សម្រាប់​ទាំងអស់​គ្នា​៕