ពោធិ៍សាត់ៈ ជនសង្ស័យ​ ៤ នាក់​ត្រូវ​បាន​នគរបាល​ក្រុង​ពោធិ៍សាត់​ឃាត់​ខ្លួន កាលពី​ថ្ងៃទី ​៦​ តុលា ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​លួច​ឆក់​ត្រី​នៅ​ចំណុច​អូរកាទិន ស្ថិត​នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ៧ ​តុលា​។

យោងតាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក កែវ សារិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​បានឱ្យ​ដឹងថា ជនសង្ស័យ​ទាំង ​៤ ​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​រួមមាន ១- ​ឈ្មោះ ផាត សំណាង ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ រស់នៅ​ភូមិ​តាកុយ សង្កាត់​បន្ទាយដី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។

២-​ ឈ្មោះ ក្រង អឿន ភេទ​ប្រុស អាយុ​ ៥២​ ឆ្នាំ រស់នៅ​ភូមិ​បាក់ត្រកួន ឃុំ​លាច ស្រុក​ភ្នំ​ក្រវ៉ាញ ខេត្ត​ពោធិ៍សាត់​។

៣-​ ឈ្មោះ ខុម ស្រស់ ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ រស់នៅ​ភូមិ​អូរថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ និង ៤- ​ឈ្មោះ មុត ភ័ណ្ឌ ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ រស់នៅ​ភូមិ​ស្តុកស្វាយ ឃុំ​ស្នាមព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។

វត្ថុតាង​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​មាន​គោយន្ត​ចំនួន​ ១​ គ្រឿង ម៉ូតូ​ចំនួន​ ៣ ​គ្រឿង អាគុយ​ចំនួន​ ៥ ​គ្រឿង និង​ដង​ឆក់​ត្រី​ចំនួន ​១​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ពោធិ៍សាត់ រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕