
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន។ រូបភាព AMS One-minute
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង (ទឹកស្ទឹងសែន) ហក់ឡើងខ្លាំង។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅថ្ងៃទី ៧ ខែតុលា នេះបានឱ្យដឹងថា មន្ទីរបានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី។
មន្ទីរបានបញ្ជាក់ថា៖ «ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង (ទឹកស្ទឹងសែន) បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញ ធុនធ្ងន់បានទេ។ មន្ទីរសូមធ្វើការបិទចរាចរណ៍ ទាំងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅកំណាត់ផ្លូវជាតិលេខ ៩៥»។
ការផ្អាកចរាចរណ៍ពីកំណាត់ផ្លូវជាតិលេខ ៩៥ គឺចាប់ពីចំណុចគីឡូម៉ែត្រលេខ ៤០ ដល់គីឡូម៉ែត្រលេខ ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់នឹងចូលរួមអនុវត្តដោយស្មារតីយោគយល់ និងសហការជាមួយអាជ្ញាធរ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕