
គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច គឺជាគម្រោងរបស់ក្រសួងបរិស្ថាន ដែលគ្រោងនឹងធ្វើឡើងលើផ្ទៃដីទំហំ ១០ ហិកតា នៅលើតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច គឺជាគម្រោងរបស់ក្រសួងបរិស្ថាន ដែលគ្រោងនឹងធ្វើឡើងលើផ្ទៃដីទំហំ ១០ ហិកតា នៅលើតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ការលេចរូបរាងឡើងនៃគម្រោងមួយនេះ ជាការផ្ដោតសំខាន់លើការលើកស្ទួយជីវភាពប្រជាសហគមន៍ និងការរក្សាឱ្យបាននូវធនធានធម្មជាតិនៅតាមតំបន់សហគមន៍អេកូទេសចរណ៍។
ជាការឆ្លើយតបទៅនឹងគម្រោងខាងលើ ក្រសួងបានជ្រើសរើសតំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួន ៦ ចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីអនុវត្តន៍គម្រោង «ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ»។ ក្នុងនោះសហគមន៍ចំនួន ២ ទីតាំងខុសគ្នា ដែលស្ថិតក្រោមគម្រោងបានបង្ហាញការសាទរ និងដាក់ការរំពឹងខ្ពស់លើការទទួលបានភ្ញៀវទេសចរបន្ថែមទៀត។
សហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន ជាសហគមន៍មួយដែលមានប្រាសាទបុរាណ និងព្រៃភ្នំជាចំណុចទាក់ទាញទេសចរ និងដែលទទួលបានភ្ញៀវច្រើនសន្ធឹកកាលពីអំឡុងពេលផ្ទុះការរាលដាលជំងឺកូវីដ ១៩។ រីឯមូលហេតុចម្បងនោះក៏ដោយសារតែ កាលណោះ មនុស្សទទួលបម្រាមលើការប្រមូលផ្ដុំគ្នា ដូច្នេះហើយពួកគេមិនអាចធ្វើដំណើរទៅកម្សាន្ដទៅតាមរមណីយដ្ឋានដូចមុនឡើយ។ ផ្អែកលើហេតុផលនេះ បានទាញទំនោរប្រជាជនឱ្យងាកទៅដើរកម្សាន្ដតាមព្រៃភ្នំវិញម្ដង។
លោក ធី ថេន ដែលជាអនុប្រធានភូមិ និងជាគណៈកម្មការសហគមន៍ព្រៃធំអន្លង់ធំ បានឱ្យដឹងថា៖ «ក្នុងរដូវបុណ្យទាន សហគមន៍អេកូទេសចរណ៍យើងអាចទទួលបានភ្ញៀវរហូតទៅដល់ ២ ពាន់នាក់ឯណោះ នោះក៏ដោយសារតែសហគមន៍យើងមានភាពទាក់ទាញច្រើន»។
លោកបន្តថា៖ «ដោយសារតែចំណូលពីការចូលមកទស្សនានៃទេសចរក្នុងស្រុកនេះ បានជួយឱ្យជីវភាពប្រជាសហគមន៍ប្រមាណជាជាង ១០០ គ្រួសារ ប្រែក្លាយទៅជាធូរធារជាងមុនច្រើន...ម្យ៉ាងទៀតពេលនេះ សឹងតែមិនមានប្រជាជនណាកាប់ព្រៃ បរបាញ់សត្វទៀតទេ»។
កាន់តែគួរជាទីសាទរទៀតនោះ តំបន់របស់លោកត្រូវបានជ្រើសរើសជាតំបន់អាទិភាពក្នុងការអនុវត្តគម្រោងទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។ ហើយតាមរយៈឱកាសដ៏កម្រមួយនេះ លោករំពឹងថាជីវភាពអ្នករស់នៅក្នុងសហគមន៍នឹងកាន់តែស្គាល់ភាពប្រសើរថែមទៀត កើតចេញពីកំណើនភ្ញៀវទេសចរ។
សហគមន៍អេកូទេសចរណ៍ បឹងលំកុដនៅខេត្តរតនគិរីឯណោះវិញ ជាសហគមន៍ដែលបង្កប់នូវសម្រស់ធម្មជាតិតាមរយៈទឹកបឹងថ្លាឆ្វេងជាចំណុចទាក់ទាញនៅជុំវិញបឹងមានដើមឈើធំៗដុះព័ទ្ធខ្ពស់ស្រឡះ បង្កើតបានជាម្លប់ត្រឈឹងត្រឈៃដល់ភ្ញៀវទេសចរ។ សហគមន៍នេះមានប្រជាជនជាង ៩០០ គ្រួសារ ដែលអាចរកចំណូលបានពី ៤០ ទៅ ៥០ លានរៀលក្នុងមួយឆ្នាំ ដែលស្មើនឹងចំនួនភ្ញៀវជាមធ្យម ៦ ទៅ ៧ ម៉ឺននាក់ក្នុងមួយឆ្នាំ។
លោក ប៊ួលី មី ដែលជាប្រធានសហគមន៍បឹងលំកុដបានបញ្ជាក់ថា ដោយសារតែចំណូលនេះហើយ បានធ្វើឱ្យតំបន់នេះមានការអភិវឌ្ឍច្រើន ប្រជាជនក៏មិនសូវលំបាកធ្វើស្រែចម្ការ និងអាស្រ័យផលធនធានធម្មជាតិដូចមុន។
លោក ប៊ួលី មី៖ «ជាការល្អណាស់ក្រោយដឹងថាតំបន់ខ្ញុំ បានក្លាយជាតំបន់អាទិភាព ព្រោះថាយើងអាចនឹងមានដៃគូអភិវឌ្ឍន៍បន្ថែម និងមានការសហការគ្នាក្នុងការគ្រប់គ្រងនៅក្នុងតំបន់...ហើយដរាបណាមានដៃគូ មានការសហការគ្នា យើងអាចជួយគ្នាក្នុងការផ្សព្វផ្សាយទៅខាងក្រៅឱ្យកាន់តែច្រើនជាងមុន និងមានភ្ញៀវមកលេងច្រើនជាងនេះ»។
គួរបញ្ជាក់ថា តំបន់អាទិភាពដែលក្រសួងបានកំណត់សម្រាប់អនុវត្តន៍គម្រោង «ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ» រួមមាន៖ តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ តំបន់អេកូទេសចរណ៍ឆ្នេរ តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប តំបន់អេកូទេសចរណ៍ព្រៃឡង់ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន។ គម្រោងនេះផងដែរ ត្រូវបានក្រសួងបរិស្ថានប្រកាសផ្សព្វផ្សាយគោលការណ៍ណែនាំក្នុងការអនុវត្តកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ៕
កែវ បុស្បា