រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​គោលដៅ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ក្នុង​អត្រា ៤២% នៅត្រឹម​ឆ្នាំ​ ២០៣០ ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​វិបត្តិ​ប្រែប្រួល​អាកាសធាតុ​ជា​សកល បើទោះបី​កម្ពុជា ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​តិចតួច​ក្តី​។ កម្ពុជា នឹង​បង្កើន​កញ្ចប់​ថវិកា​ជាតិ​ចំនួន ៣ ​ដង សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​។

នៅ​ថ្ងៃទី​ ០៦ ខែ​តុលា ឆ្នាំ​ ២០២២ ក្នុង​សន្និសីទ​គណបក្ស​អន្តរជាតិ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ​ក្រោម​ប្រធានបទ «​គោល​នយោបាយ​បរិស្ថាន​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​» ធ្វើ​ឡើង​នៅ​សហព័ន្ធរុស្ស៊ី លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ពី​ការ​ចូលរួម​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​។

ក្នុង​សន្និសីទ លោក​ ហ៊ុន សែន បាន​គូស​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​ចំណែក​ដោះស្រាយ​វិបត្តិ​ប្រែប្រួល​អាកាសធាតុ​ជា​សកល ដោយ​កម្ពុជា​បាន​កំណត់​គោលដៅ​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ក្នុង​អត្រា ៤២% ឱ្យ​បាន​ត្រឹម​ឆ្នាំ​ ២០៣០​។

មិនតែ​ប៉ុណ្ណោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​រំលេច​ផងដែរ​ថា ក្នុង​ការ​ទប់ស្កាត់​វិបត្តិ​ប្រែប្រួល​អាកាសធាតុ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ថវិកាជាតិ​ចំនួន ៣ ​ដង​។ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​អង្គ​សន្និសីទ​ថា បើទោះបី​ជា​កម្ពុជា​ជា​ប្រទេស​តូច និង​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ក្តី ក៏​កម្ពុជា នៅតែ​ប្តេជ្ញា​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សកល​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​កម្ពុជា បាន​ខិតខំ​បង្កើន​ការ​ចូលរួម​ជា​លំដាប់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​សកល រាប់​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ​ស្របតាម​គោលការណ៍ “​ការ​ទទួល​ខុសត្រូវ​រួម ប៉ុន្តែ​កម្រិត​ផ្សេង​គ្នា​ផ្អែក​តាម​សមត្ថភាព​រៀងៗ​ ”​ខ្លួន​»​។

លោក ហ៊ុន សែន បន្ថែម​ថា កម្ពុជា​ក៏បាន​កំណត់​យក​ការ​អភិវឌ្ឍ​បៃតង និង​ការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ ជា​សមាសភាព​រួមផ្សំ​ដ៏​សំខាន់​ជាមួយ​នឹង​ភាព​ធន់​របស់​សេដ្ឋកិច្ច​កម្ពុជា​នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ផងដែរ ព្រមទាំង​បានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ច្បាប់​វិនិយោគ​ថ្មី សំដៅ​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​ថាមពល​បៃតង សេដ្ឋកិច្ច​បៃតង និង​កិច្ច​ការពារ​បរិស្ថាន​។

ទាក់ទង​រឿង​នេះ លោក ហេង គីមហុង ប្រធាន​ផ្នែក​កម្មវិធី និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លើក​ឡើង​ថា ជុំវិញ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ក្នុង​អត្រា ៤២% នៅ​ត្រឹម​ឆ្នាំ​ ២០៣០ គឺជា​រឿង​ល្អ​ក្នុង​ក្របខ័ណ្ឌ​គោល​នយោបាយ​។ តែ​ទោះជា​យ៉ាងណា​លោក​នៅតែ​មាន​ការ​ព្រួយបារម្ភ​លើ​ការ​អនុវត្ត​គោល​នយោបាយ​នេះ ដោយហេតុថា រដ្ឋាភិបាល​កំណត់​ថេរវេលា​ខ្លី​ពេក ព្រោះ​សព្វថ្ងៃ​កម្ពុជា​ជា​ប្រទេស​ដែល​បំភាយ​ឧស្ម័ន​តាមរយៈ​ការប្រើប្រាស់​ថាមពល​ប្រេង​ឥន្ធនៈ​ច្រើន និង​ជាពិសេស​គឺ​ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​នាំចូល​ពី​បរទេស​ដែល​ជា​ភ្នាក់ងារ​បំភាយ​ឧស្ម័ន​ពុល​ខ្ពស់​ជាដើម​។

កន្លង​មក អ្នក​ឃ្លាំ​មើល​បញ្ហា​បរិស្ថាន​រូប​នេះ មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​។ រដ្ឋាភិបាល បាន​ប្តេជ្ញា​មិន​បន្ថែម​គម្រោង​អភិវឌ្ឍន៍​នានា​បន្ថែមទៀត​លើ​ការ​ទាញយក​ថាមពល​ពី​ធ្យូងថ្ម និង​ការ​មិន​អនុញ្ញាត​ឱ្យ​មាន​នូវ​ទំនប់​វារី​អគ្គិសនី​នៅតាម​ដង​ទន្លេ​មេគង្គ​របស់​ខ្លួន ដែល​ជា​ការ​ចូលរួម​ចំណែក​មិន​បញ្ចេញ​ថាមពល​កង្វក់​ទៅ​បរិយាកាស​។

ទោះជា​យ៉ាងណា​ក្តី លោក​ ហេង គីមហុង ចង់​ឃើញ​ការ​ខំប្រឹង​អនុវត្ត​បន្ថែមទៀត​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​លើ​ការការពារ​គម្រប​ព្រៃឈើ ការ​គ្រប់គ្រង​កាកសំណល់ ការ​គ្រប់គ្រង​សារធាតុគីមី​នៅក្នុង​វិស័យ​កសិកម្ម​-​កសិឧស្សាហកម្ម ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ខ្ពស់​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ជាសកល​។

គួរ​រំឭក​ថា កាលពី​ថ្ងៃទី​ ០៣ ខែ​សីហា ឆ្នាំ​ ២០២២ កន្លងទៅ នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ជា​ម្ចាស់ ប្រមុខ​ការទូត​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​កិច្ចព្រមព្រៀង​អាកាសធាតុ នៅ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ COP 26 ក្នុង​ទីក្រុង Glasgow នៅ​ចក្រភព​អង់គ្លេស​។ ប្រមុខ​ការទូត​អាស៊ាន ក៏បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញាចិត្ត ចំពោះ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (UNFCCC) ផងដែរ​។

កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ ៧២ ដែល​បានដាក់​របាយការណ៍​បច្ចុប្បន្ន​ភាព នៃ​ការ​ចូលរួម​ចំណែក​របស់​ខ្លួន ក្នុងការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ (NDC) ទៅ​លេខាធិការដ្ឋាន UNFCCC មុនពេល​កំណត់​។ ហើយ​នៅ​ឆ្នាំ​ ២០២១ កម្ពុជា​បានដាក់​ជូន​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ឬ ”Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” ជាមួយ​គោលដៅ​លើ​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​នៅត្រឹម​ឆ្នាំ​ ២០៥០៕