បាត់ដំបង/ពោធិ៍សាត់ៈ បុរស​ចំណាស់ ​២​ នាក់ បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​ ៦ ​កញ្ញា នៅក្នុង​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង និង​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅពេល​ដែល​ពួកគាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​ដើរ​ធ្លាក់​ទឹកស្រះ​ និង​ទឹកអូរ ខណៈដែល​ទឹកជំនន់​កំពុងតែ​ជន់​លិច​។

ជនរងគ្រោះ​ទី​ ១ ​មាន​ឈ្មោះ រឿន ណាវ ភេទ​ប្រុស អាយុ ៥០ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរតាគី ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។

លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ចាត់​កម្លាំង​ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សាកសព ព្រមទាំង​សាកសួរ​បំភ្លឺ​ពី​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ​។

ក្រុម​ការងារ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ។ មូលហេតុ ដោយសារ​ផឹកស្រា​ស្រវឹង​ដើរ​ឆ្លង​ទឹកអូរ ហើយ​បាន​ដួល​ធ្លាក់​ចូល​ទៅក្នុង​ទឹកអូរ​កាលពី​ព្រឹក​ថ្ងៃទី​ ៦ ​ខែតុលា​។

បច្ចុប្បន្ន សាកសព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក បុរស​ម្នាក់​ទៀត​វ័យ​ ៦៦​ ឆ្នាំ​បាន​ផឹកស្រា​ស្រវឹង ហើយ​ដើរ​ធ្លាក់​ទឹកស្រះ​បណ្តាល​ឱ្យ​លង់​ស្លាប់​ផងដែរ​។

ករណីនេះ​កើតឡើង​នៅ​ភូមិ​ចេកចៅ ឃុំ​កំពង់ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃទី​ ០៦ ខែតុលា ឆ្នាំ​ ២០២២​។

យោងតាម​កំណត់​ហេតុ​បំភ្លឺ​របស់​ឈ្មោះ ប្រាជ្ញ វិចិត្រ ភេទ​ប្រុស អាយុ ​២៨ ​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ​បានឱ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី ​៦ ខែ​តុលា ខ្លួន​បាន​ជិះ​ម៉ូតូ​មកពី​ផ្ទះ​មិត្តភក្តិ​នៅឯ​ភូមិ​កំពង់ឡ មកដល់​ផ្ទះ​ភ្លាម​កូនស្រី​របស់​ខ្លួន​ឈ្មោះ ព្រឿន សុបញ្ញា អាយុ ​០៥ ​ឆ្នាំ បាន​ប្រាប់​ថា មាន​មនុស្ស​លង់ទឹក​ក្នុង​ស្រះ​ខាងក្រោយ​ផ្ទះ ដែល​មាន​កាន់​ឈើច្រត់​ និង​ពាក់មួក​ខ្មៅ​។

នៅពេល​នោះ​លោក​ វិចិត្រ បាន​ប្រកូក​ប្រកាស​ហៅ​អ្នកភូមិ​ឱ្យ​មក​ជួយ​ចុះ​រាវរក​ក្នុង​ទឹកស្រះ​នោះ ក៏​ឃើញ​សព​លោក ញឹក ឈន ហៅ ​ម៉ៃ ភេទ​ប្រុស​អាយុ​ ៦៦ ​ឆ្នាំ​។

យោងតាម​កំណត់ហេតុ​ស្តាប់​ការបំភ្លឺ​ឈ្មោះ ក្រាញ់ រ៉េត ​អាយុ ​៦៩ ឆ្នាំ ត្រូវជា​ប្រពន្ធ​សព​បាន​បំភ្លឺថា ប្ដី​របស់​ខ្លួន​ឈ្មោះ​ ញឹក ឈន ហៅ ​ម៉ៃ នៅពេល​ព្រឹក​តែងតែ​ចេញ​ពី​ផ្ទះ​បាត់ៗ​មិនដឹង​ទៅ​ផឹកស្រា​នៅឯណា​ទេ​។

លោក​វរសេនីយ៍ទោ មោក ភារម្យ អធិការ នគរបាល​ស្រុក​ក្រគរ បាន​បញ្ជាក់​ឱ្យដឹង​ថា ជនរងគ្រោះ មាន​មុខរបរ​ជា​កសិករ​មាន​ទីលំនៅ​ក្នុង​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ស្រវឹងស្រា​ ហើយ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​ប្រាកដ​មែន ដោយ​ការធ្វើ​កោសល្យ​វិច្ឆ័យ និង​ពិនិត្យ​កន្លែង​កើ​ហេតុ ពុំ​ឃើញ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទេ​។

ចំពោះ​សព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​បាន​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕