មាន​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី ចំនួន​ ១៤ ​នាក់​ផ្សេង​ទៀត​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ជួយសង្គ្រោះ​ចេញពី​ករណី​ជួញដូរ​មនុស្ស និង​បញ្ជូន​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៦ ​តុលា​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​ម៉ាឡេស៊ី បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ម៉ាឡេស៊ី ចំនួន​ ៨​ នាក់ បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ពលរដ្ឋ​ម៉ាឡេស៊ី ដែល​ជា​ជនរងគ្រោះ​ករណី​ជួញដូរ​មនុស្ស ៦ ​នាក់​ផ្សេងទៀត បាន​ទៅដល់​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ដដែល​។

ក្រសួងការ​បរទេស​ម៉ាឡេស៊ី បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បានរួម​សហការ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការជួយ​ស្វែងរក និង​ជួយសង្គ្រោះ​ពលរដ្ឋ​ម៉ាឡេស៊ី ដែល​រងគ្រោះ​ដោយសារ​ក្រុម​ឧក្រិដ្ឋជន​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួងការ​បរទេស​តាមរយៈ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ថៃ បាន​និង​កំពុង​សហការ​ជាមួយ​ស្ថានទូត​នៃ​ប្រទេស​រៀងៗ​ខ្លួន​ក្នុង​ទីក្រុង​គូឡាឡាំពួ នឹង​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​ជា​ជនរងគ្រោះ​នៃ​ក្រុម​ឧក្រិដ្ឋកម្ម ដែល​ផ្តល់​ការងារ​ក្លែងបន្លំ​នៅក្រៅ​ប្រទេស​។

លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ថា ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ​ពេញលេញ​ជាមួយ​ស្ថាន​តំណាង​បរទេស ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ក្រោម​គ្រប់​រូបភាព​។ លើសពីនេះ ក៏បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​បរទេស​ដែល​ត្រូវបាន​សង្ស័យថា​ជា​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​។

លោក​ថា​៖ «​ករណី​ម៉ាឡេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្លាប់​បាន​ពិភាក្សាគ្នា​តាម​ទូរសព្ទ​ជាមួយ ឯកឧត្តម Saifuddin Abdullah រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ដែល​បានមក​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​ខ្លី​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ៩ ខែ​កញ្ញា ឆ្នាំ​ ២០២២ កន្លង​ទៅ​នេះ អំពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆបោក​»​។

បើតាម​លោក ជុំ សុន្ទរី រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី បាន​សម្ដែង​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​ផ្តល់ជំនួយ​ជាច្រើន និង​បាន​បំពេញ​ការងារ​ដ៏​ល្អ ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​។ តាម​ការបញ្ជាក់ គឺ មាន​ជនជាតិ​ម៉ាឡេស៊ី​ជាច្រើន​នាក់​បាន​ចូលមក​កម្ពុជា ដើម្បី​ធ្វើ​ជំនួញ និង​ធ្វើការ​យ៉ាង​ជោគជ័យ ហើយ​មានតែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​រងគ្រោះ​ដោយសារ​ការបោកប្រាស់​ការងារ។

គិត​ត្រឹម​ថ្ងៃទី ​៦ ​តុលា ជនរងគ្រោះ​ម៉ាឡេស៊ី​សរុប ២៧៣ ​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ជោគជ័យ​។ ក្នុងនោះ​មាន​មនុស្ស​ចំនួន ២១៣ ​នាក់​ត្រូវបាន​បញ្ជូនទៅ​ផ្ទះសម្បែង ខណៈ​ ៦០ ​នាក់​ដែល​នៅ​សេសសល់ កំពុង​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​ត្រៀម​បញ្ជូន​ចេញ​។

លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ក៏បាន​អំពាវនាវ​ឱ្យ​ជនរងគ្រោះ ដែល​អាជ្ញាធរ​ជួយសង្គ្រោះ​បាន ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​បញ្ចៀស​កុំឱ្យ​ការ​ទទួលបាន​ព័ត៌មាន​មិន​ពិតប្រាកដ និង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​៕